មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តម្លៃប្រេងឥន្ធនៈនៅដើមខែធ្នូនេះចាប់ផ្ដើមធ្លាក់ចុះថ្លៃបន្តិច ហើយការឡើងឬចុះតម្លៃប្រេងនៅកម្ពុជានោះអាស្រ័យទៅលើទីផ្សារអន្តរជាតិមានការប្រែប្រួល។
ក្នុងចេញសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនីមួយៗ បានឱ្យដឹងថា តម្លៃប្រេងឥន្ធនៈបានធ្លាក់ចុះបន្តិច ដោយគិតពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងនោះ តម្លៃលក់រាយបានចុះមកត្រឹម៤ ២០០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា និង៣ ៨៥០រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ មានប្រសាសន៍នៅថ្ងៃទី០២ ខែធ្នូនេះថា ដោយសារកម្ពុជាមិនទាន់ផលិតប្រេងដោយខ្លួនឯងនៅឡើយទេ ហើយប្រេងឥន្ធន:គ្រប់ប្រភេទសុទ្ធតែនាំចូលពីបរទេសនោះ បានធ្វើឱ្យតម្លៃប្រេងឡើងចុះទៅតាមតម្លៃប្រេងលើទីផ្សារអន្តរជាតិ។
មួយវិញទៀត លោកថា មូលហេតុដែលធ្វើឱ្យថ្លៃប្រេងលើទីផ្សារអន្តរជាតិឡើងឬចុះ ព្រោះការផ្គត់ផ្គង់និងតម្រូវការបែងចែកទៅតាមតំបន់ ព្រមទាំងនយោបាយរបស់អង្គការនៃក្រុមប្រទេសនាំប្រេងចេញ (OPEC) ជាដើម។
ប្រភពដដែលបានឱ្យដឹងទៀតថា កន្លងមក ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងក្រសួងរ៉ែ បានសហការគ្នាចរចាជាមួយក្រុមហ៊ុននាំចូលប្រេងទាំងអស់ ដើម្បីកំណត់រូបមន្តគណនាថ្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយយកតម្លៃមធ្យមភាគលើទីផ្សារសិង្ហបុរីធ្វើជាគោលសម្រាប់គណនាថ្លៃលក់រាយទូទាំងកម្ពុជា ក្នុងរយៈពេល១៥ថ្ងៃម្ដង ដូចដែលមានបង្ហាញក្នុងលិខិតជូនដំណឹង។
លោកបន្តទៀតថា៖ «សូមជម្រាបថា ក្រសួងពាណិជ្ជកម្មមិនកំណត់ថ្លៃលក់រាយប្រេងឥន្ទនៈទេ គឺគ្រាន់តែគណនាថ្លៃលក់រាយដោយផ្អែកលើរូបមន្តដែលបានឯកភាពគ្នាតែប៉ុណ្ណោះ»។
កាលពីអំឡុងខែតុលា តម្លៃប្រេងឥន្ធនៈបានហក់ឡើងខ្ពស់ ម៉ាស៊ូតតម្លៃ៤ ០០០រៀល ប្រេងឥន្ធនៈធម្មតាមានតម្លៃ៤ ៣០០រៀលក្នុងមួយលីត្រ និងប្រេងឥន្ធនៈស៊ូពែ តម្លៃ៤ ៨៥០រៀលក្នុងមួយលីត្រ។ នេះបើយោងតាមតារាងតម្លៃប្រេងឥន្ធនៈតាមបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងមួយចំនួនដូចជា តូតាល់ (Total) កាល់តិច (Caltex) តេឡា (Tela) និង ភីធីធី (PTT) ក្នុងរាជធានីភ្នំពេញពេលនោះ ហើយក្រោយមកតម្លៃនេះក៏ឡើងបន្ថែមទៀតផងដែរ៕