អាជ្ញាធរវៀតណាម បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ភ្លៀងធ្លាក់ខ្លាំងដែលបង្កឱ្យមានជាគ្រោះទឹកជំនន់ និងការរអិលបាក់ដីនៅភាគកណ្ដាលប្រទេស បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់១៨នាក់បាត់ខ្លួន និងប្រឈមនឹងការបាត់បង់ជីវិត ខណៈដែលផ្ទះសម្បែងនិងផ្លូវថ្នល់នានាត្រូវបានបំផ្លិចបំផ្លាញនិងរងការខូចខាត។ នេះបើតាមការផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទោះជាយ៉ាងណា រដ្ឋាភិបាលបានបន្តឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ភ្លៀងធ្លាក់បានថមថយមកវិញហើយ ខណៈដែលកិច្ចខិតខំប្រឹងប្រែងនានាកំពុងតែបន្តធ្វើឡើងដើម្បីកំណត់ទីតាំងអ្នកដែលបានបាត់ខ្លួនទាំងឡាយ។
សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថា ករណីគ្រោះធម្មជាតិនេះក៏បានបង្កឱ្យផ្លូវជាតិ ផ្លូវឆ្លងកាត់ខេត្ត និងផ្លូវក្នុងតំបន់មួយចំនួន ត្រូវបានបិទដោយផ្នែកផងដែរ ខណៈក្រុងជាប់មាត់សមុទ្រ Phu Yen និង Binh Dinh និងខេត្តដាំដំណាំកាហ្វេដ៏សំខាន់ Dak Lak ទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។
ជាមួយគ្នានេះ ទឹកជំនន់ក៏បានជន់លិចដំណាំស្រូវសរុបចំនួន១៨០ហិកតា ប៉ុន្តែមិនមានរបាយការណ៍ណាមួយលើកឡើងអំពីការខូចខាតដល់ចម្ការកាហ្វេនៅក្នុងតំបន់នោះទេ។
គួរបញ្ជាក់ថា វៀតណាម គឺជាប្រទេសមួយដែលងាយរងគ្រោះដោយព្យុះនិងទឹកជំនន់ ខណៈដែលមជ្ឈមណ្ឌលឧតុនិយមជាតិបានព្យាករថា ខេត្តជាប់មាត់សមុទ្រ និងភាគខាងជើង អាចនឹងមានភ្លៀងធ្លាក់ខ្លាំងនិងប្រឈមនឹងការជន់លិចនៅចុងឆ្នាំនេះ។
គ្រោះធម្មជាតិដែលភាគច្រើនបង្កឡើងដោយទឹកជំនន់និងការរអិលបាក់ដីដោយសារព្យុះនេះ ក៏បានសម្លាប់មនុស្ស៣៧៨នាក់កាលពីឆ្នាំមុនផងដែរ៕