មន្ទីរបរិស្ថានខេត្តកំពត ប្រាប់ដល់អ្នកទន្ទ្រានកាន់កាប់ដីឧទ្យានជាតិព្រះមុនីវង្សបូកគោ បញ្ឈប់សកម្មភាពជាបន្ទាន់ និងបានព្រមានចាត់វិធានការច្បាប់តឹងរ៉ឹង ប្រសិនបើអ្នកទាំងនោះមិនព្រមអនុវត្តតាម។
កាលពីថ្ងៃទី៦ ខែធ្នូនេះ មន្ទីរបរិស្ថានខេត្តកំពត បានចេញសេចក្ដីជូនដំណឹងមួយដល់បុគ្គលដែលបានកាប់គាស់ ឈូសឆាយដីព្រៃ សង់រោង ធ្វើកញ្ចុះ ដាំដំណាំ ឬហ៊ុមព័ទ្ធយកដីព្រៃក្នុង«ឧទ្យានជាតិព្រះមុនីវង្សបូកគោ»ធ្វើជាកម្មសិទ្ធិ ត្រូវរុះរើនិងដកចេញដោយខ្លួនឯង ដោយដាក់កំហិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។
ក្នុងសេចក្ដីជូនដំណឹងដដែលនេះ ក៏បានព្រមានចាត់វិធានការច្បាប់តឹងរ៉ឹងផងដែរ ប្រសិនបើអ្នករំលោភយកដីព្រៃក្នុងឧទ្យានជាតិមួយនេះមិនអនុវត្តតាម។
ប្រធានមន្ទីរបរិស្ថានខេត្តកំពត លោក អេង ប៉ូឡូ មិនអាចបញ្ជាក់បានថាមានពលរដ្ឋចំនួនប៉ុន្មានគ្រួសារនិងដីទំហំប៉ុន្មានដែលត្រូវរំលោភយកនោះទេ ដោយគ្រាន់តែថាមានចំនួនច្រើនគ្រួសារនិងច្រើនហិកតា។
លោកបន្ថែមថា៖ «ករណីពួកគាត់មិនរុះរើ យើងនឹងចាត់វិធានការបន្តទៀត ពីព្រោះវាមានការរំលោភបំពានដីព្រៃច្រើន។ អ៊ីចឹងបើពួកគាត់ចូលរួមរុះរើ វាជាការល្អប្រសើរ»។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូប្រចាំខេត្តកំពត លោក ប៉ែន វុទ្ធា បានសាទរចំពោះវិធានការរបស់មន្ទីរបរិស្ថានខេត្តកំពតនេះ ប៉ុន្តែលោកស្នើឱ្យការអនុវត្តច្បាប់នោះមានភាពស្មើគ្នារវាងពលរដ្ឋក្រីក្រ និងអ្នកមានលុយមានអំណាច។
មន្ត្រីសិទ្ធិមនុស្សរូបនេះឱ្យដឹងថា នៅខេត្តកំពតមានការរំលោភបំពានយកដីក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិជាច្រើនករណី ជាពិសេសអ្នកមានលុយមានអំណាច ខណៈពលរដ្ឋក្រីក្រមានចំនួនតិចតួចប៉ុណ្ណោះ។
លោកបន្ថែមថា៖ «នៅខាងខេត្តកំពតនេះ យើងមើលឃើញថា នៅតំបន់កៀកជើងភ្នំឧទ្យានជាតិព្រះមុនីវង្សបូកគោ ភាគច្រើនមានការរំលោភបំពាន ជាពិសេសកើតចេញពីអ្នកមានលុយមានអំណាចបានប្រើប្រាស់ប្រជាពលរដ្ឋទៅទន្ទ្រាន និងព្យាយាមទៅកាន់កាប់ដាំដំណាំធ្វើខ្ទមនៅលើទីតាំងដីនេះជាច្រើនហិកតា នេះបើតាមយើងមើលឃើញ។ អ៊ីចឹងបើក្នុងករណីអាជ្ញាធរខេត្តកំពតធ្វើការអនុវត្តច្បាប់ ត្រូវអនុវត្តច្បាប់ឱ្យស្មើភាពគ្នា កុំឱ្យអនុវត្តច្បាប់ទៅលើតែពលរដ្ឋក្រីក្រ និងអ្នកមានលុយមានអំណាចរួចផុតពីសំណាញ់ច្បាប់នោះ»។
ឧទ្យានជាតិព្រះមុនីវង្សបូកគោ មានផ្ទៃដីទំហំជាង១៥ម៉ឺនហិកតា (១៥៤ ៤៥៨ហិកតា) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ។
មាត្រា៦២ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ បានចែងថា ការកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ដល់១០ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀលទៅ ១៥០លានរៀល និងត្រូវរឹបអូសវត្ថុតាងជាសម្បត្តិរដ្ឋ។
ចំណែកមាត្រា៦៤ នៃច្បាប់ដដែលនេះចែងថា បើមន្ត្រីរដ្ឋបាលការពារ មន្ត្រីអភិរក្សធម្មជាតិ ភ្នាក់ងារអធិការកិច្ច ឬមន្ត្រីបរិស្ថានរូបណាដែលមានការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ឬមិនគោរពទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវទទួលទណ្ឌកម្មខាងវិន័យរដ្ឋបាល និងត្រូវចោទប្រកាន់ចំពោះមុខតុលាការ។ មាត្រាដដែលបន្តថា បើមន្ត្រីទាំងនោះសមគំនិតនឹងអ្នកប្រព្រឹត្តបទល្មើស ឬជួយសម្រួលការប្រព្រឹត្តបទល្មើសនេះ ពួកគេក៏ត្រូវផ្ដន្ទាទោសដូចជនប្រព្រឹត្តដែរ៕