នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison បានថ្លែងឱ្យដឹងនៅថ្ងៃពុធនេះថា មន្ត្រីរដ្ឋាភិបាលរបស់ខ្លួននឹងមិនទៅចូលរួមកីឡាអូឡាំពិករដូវរងាក្នុងទីក្រុងប៉េកាំង ប្រទេសចិន ដែលប្រារព្ធឡើងនៅឆ្នាំក្រោយនោះទេ ដែលជាការចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការធ្វើពហិការការទូតមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់សម្ដី លោក Scott Morrison ដែលបានបញ្ជាក់ថា ការសម្រេចនេះធ្វើឡើងដោយសារតែរដ្ឋាភិបាលចិនមិនទាន់បានធ្វើកិច្ចខិតខំប្រឹងប្រែងណាមួយ ដើម្បីឆ្លើយតបទៅនឹងបញ្ហាមួយចំនួនដែលបានលើកឡើងដោយអូស្ត្រាលី រួមទាំងបញ្ហារំលោភសិទ្ធិមនុស្សផងដែរ។
នាយករដ្ឋមន្រ្តីអូស្ត្រាលី បន្ថែមថា៖ «ដូច្នេះ វាមិនមែនជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលមន្ត្រីរដ្ឋាភិបាលអូស្ត្រាលីនឹងមិនទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាមួយនេះ»។
ទោះជាយ៉ាងណា អត្តពលិកអូស្ត្រាលីនានានឹងចូលរួមក្នុងការប្រកួតកីឡាមួយនេះ បើទោះបីជាគ្មានវត្តមានមន្រ្តីប្រទេសរបស់ខ្លួនចូលរួមក៏ដោយ។
គួរបញ្ជាក់ថា សេតវិមាន កាលពីថ្ងៃចន្ទកន្លងទៅ បានប្រកាសថា មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងធ្វើពហិការមិនចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅរដូវរងាមួយនេះ ដោយពួកគេលើកឡើងពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងររបស់ប្រទេសចិន៕