លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ម្ចាស់រថយន្តអត់ពន្ធដែលជ្រកក្រោមស្លាកលេខផ្សេងៗ ត្រូវរួសរាន់ចូលទៅបង់ពន្ធឱ្យបានមុនដំណាច់ខែធ្នូឆ្នាំនេះ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ីភ្នំពេញ» នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ម្ចាស់រថយន្តអត់ពន្ធ ហើយជ្រកក្រោមស្លាកលេខផ្សេងៗ ត្រូវរួសរាន់ទៅបង់ពន្ធ ដើម្បីទទួលបានការអនុគ្រោះពន្ធ១០ភាគរយ។ លោកថា បើម្ចាស់រថយន្តទាំងនោះមិនព្រមទៅបង់ពន្ធឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះទេ នឹងមិនទទួលបានការអនុគ្រោះនេះឡើយ ហើយលោកក៏មិនឱ្យមានបញ្ហាកើតឡើងដដែលៗចំពោះអ្នកប្រើប្រាស់រថយន្តអត់ពន្ធ និងមានរថយន្តចង្កូតស្ដាំបើកបរនៅលើដងផ្លូវដែរ។
លោកបានថ្លែងថា៖ «ខ្ញុំបានបញ្ជាក់ហើយ មិនឱ្យមានព្រឹត្តិការណ៍ច្រំដែលកើតមានឡើងតទៅទៀតទេ លើបញ្ហារថយន្តមិនបង់ពន្ធ ជ្រកក្រោមស្លាកលេខនេះឬលេខនោះ ហើយក៏មិនឱ្យមានវត្តមានបើកលើផ្លូវ មិនថាផ្លូវជាតិទេ រថយន្តចង្កូតស្ដាំត្រូវកែទៅឆ្វេង។ អ៊ីចឹងទេ អ្នកដែលមិនបានទៅបង់ពន្ធ រួសរាន់មកបង់ពន្ធ! ក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ត្រូវបង់ពន្ធពេញ អត់មានអនុគ្រោះ១០ភាគរយទេ! ព្រោះរឿងនេះ រឿងរកស៊ីរត់ពន្ធ យកឡានមកជិះអត់ពន្ធ។ ត្រូវចូលមកបង់ពន្ធ ទទួលបានការអនុគ្រោះ១០ភាគរយ»។
កាលពីអំឡុងខែតុលា ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អំពាវនាវដល់ម្ចាស់រថយន្ដចង្កូតឆ្វេងគ្មានពន្ធទាំងអស់ ឱ្យប្រញាប់ទៅបង់ពន្ធយ៉ាងយូរនៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីទទួលបានការអនុគ្រោះឬបន្ធូរបន្ថយពន្ធនិងអាករ១០%។ ដោយឡែក ម្ចាស់រថយន្តចង្កូតស្ដាំវិញ ត្រូវកែចង្កូតមកឆ្វេងវិញឱ្យបានរួចរាល់ យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។
អគ្គនាយកដ្ឋាននេះបន្តថា ចំពោះម្ចាស់រថយន្តឯកជនជ្រកក្រោមស្លាកលេខរដ្ឋ ស្លាកលេខ ខ.ម និង ន.ប ដែលមានចង្កូតឆ្វេង និងពុំមានក្នុងបញ្ជីទ្រព្យរដ្ឋរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវរួសរាន់ចូលមកបង់ពន្ធនិងអាករឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធនៃប្រាក់ពន្ធអាករសរុបពី១០០% មកត្រឹមតែ៩០%។
កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានព្រមានដែរថានឹងដកតំណែងនិងឈានទៅបណ្ដេញមន្ត្រីនៅក្នុងជួររដ្ឋាភិបាលចេញពីគណបក្សទៀតផង ប្រសិនបើអ្នកទាំងនោះប្រើប្រាស់រថយន្តស៊េរីទំនើបដោយគ្មានពន្ធ និងនៅតែមិនគោរពច្បាប់ ដោយចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ខាងមុខតទៅ៕