ស្ថិតនៅចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ ពីឆ្នេរកែប គឺនៅក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ គេនឹងឃើញមានឆ្នេរខ្សាច់ធម្មជាតិដែលមានពណ៌ត្នោត ប្រវែងជាង ២ ពាន់ម៉ែត្រ អមជាមួយម្លប់ដូង ត្រឈឹងត្រឈៃ និងកោះអណ្ដែតត្រៀបត្រានៅក្នុងផ្ទៃសមុទ្រ នោះគឺជាសម្រស់ឆ្នេរអង្កោល។
ឆ្នេរអង្កោល គឺជាឆ្នេរខ្សាច់ធម្មជាតិមួយនៅក្នុងខេត្តកែប ជាតំបន់ដែលកំពុងមានសក្តានុពល ប៉ុន្តែបែរជាមិនសូវមានការយកចិត្តទុកដាក់និងរៀបចំឆ្នេរមួយនេះឲ្យសាកសមនឹងធនធានដែលឆ្នេរនេះមាននៅឡើយនោះទេ។
អាជីវករលក់ម្ហូបអាហារ និងភេសជ្ជៈ នៅឆ្នេរអង្កោល អ្នកស្រី ឆាយ ស៊ុនឡាង វ័យ ២៤ ឆ្នាំ ប្រាប់វីអូឌីថា នៅតំបន់ឆ្នេរអង្កោលនេះមានភ្ញៀវទេសចរចូលមកលេងកម្សាន្តជាយូរណាស់មកហើយ ពោលគឺ ចាប់តាំងពីអំឡុងឆ្នាំ២០០៩ មកម្ល៉េះ ដែលកាលនោះ សុទ្ធសឹងតែភ្ញៀវបរទេសមកលេងកម្សាន្ត មិនមានភ្ញៀវជាតិនោះទេ។ ប៉ុន្តែចាប់តាំងពីមានការផ្សព្វផ្សាយជាបន្តបន្ទាប់មក ក៏មានភ្ញៀវជាតិមកកម្សាន្តជាហូរហែ។ ទោះបីឆ្នេរនេះបានបង្ហាញខ្លួនឲ្យភ្ញៀវទេសចរចូលមកលេងកម្សាន្តក៏ដោយ ក៏គេមិនទាន់ឃើញមានចំនួនច្រើននៅឡើយទេ។
កំពុងអង្គុយនៅក្នុងរោងប្រកដោយស្លឹកចាកនៅក្បែរឆ្នេរ អ្នកស្រី ស៊ុនឡាង បន្តថា កត្តាដែលធ្វើឲ្យនៅឆ្នេរនេះមិនមានភ្ញៀវទេសចរមកកម្សាន្តដូចឆ្នេរកែប ឬឆ្នេរផ្សេងទៀតនោះ គឺដោយសារបរិស្ថានឆ្នេរនេះ មិនទាន់មានភាពល្អប្រសើរនៅឡើយ ព្រោះមានសំរាមអណ្ដែតពីក្នុងសមុទ្រ មានដូចជា ប្លាស្ទិច និងស្លឹកខ្លុយ ដែលដុះនៅក្នុងសមុទ្រ មកទើរនៅលើឆ្នេរនេះដែលសម្អាតយ៉ាងណាក៏មិនស្អាតនោះដែរ។
អ្នកស្រី ឆាយ ស៊ុនឡាង៖ «នៅនេះបើកយូរហើយតែមិនទាន់មានភ្ញៀវមកលេងច្រើនកុះករទេ។ អ្នកខ្លះមកហើយក៏ទៅវិញ ដោយសារគាត់ឃើញឆ្នេរអត់ស្អាតដូចនៅក្នុងរូបគេថត។ មកដល់គាត់ឃើញមានសំរាម គាត់ទៅវិញ គាត់ថាអស់អារម្មណ៍ មិនស្អាតដូចក្នុងរូប អញ្ចឹងហើយបានមិនមានភ្ញៀវកើនឡើង»។
ភ្នែកសម្លឹងទៅកាន់ឆ្នេរ ដែលពោរពេញដោយសំរាម នៅក្បែរទូកនេសាទនៅជិតតូបលក់ដូរ អ្នកស្រីបន្តទៀតថា ក្រៅពីសំរាមដែលអណ្ដែតមកហើយនោះ នៅមានសំបកខ្ចងខ្ចៅដែលអ្នកនេសាទបោះចោលទៅក្នុងសមុទ្រ ធ្វើឲ្យទឹកមានក្លិនស្អុយ និងមុតជើងនៅពេលដែលចុះទៅលេងទឹកនៅម្ដុំនោះ។ អ្នកស្រីស្នើឱ្យមានដំណោះស្រាយលើបញ្ហាទាំងអស់នេះ។
អ្នកស្រី ឆាយ ស៊ុនឡាង៖ «សម្រាប់ទូកនេសាទចង់ឲ្យគាត់(រដ្ឋបាលខេត្តកែប)មានចំណាត់ការណាមួយ រកកន្លែងណាធ្វើចំណតសម្រាប់ឲ្យគេចតទូកត្រឹមត្រូវ ព្រោះថាគាត់ចតកន្លែងណាគឺគាត់ចោលសំរាមកន្លែងហ្នឹងហើយ»។
ជាមួយគ្នានេះ ភ្ញៀវទេសចរម្នាក់ដែលមកកម្សាន្តនៅឆ្នេរអង្កោល គឺលោក ទុំ វុទ្ធី បានប្រាប់វីអូឌីថា នេះជាលើកទីមួយដែលលោកមកសម្រាកកម្សាន្តនៅទីនេះដោយការបោះតង់ជាមួយមិត្តភក្តិបីនាក់ទៀត។ លោកថា ទេសភាពនៅឆ្នេរនេះពិតជាស្រស់ស្អាតខុសប្លែកពីឆ្នេរផ្សេងដោយសារតែខ្សាច់ធម្មជាតិពណ៌ត្នោតលាយឡំជាមួយនឹងរលកព្រិចៗចាំងជាមួយនឹងពន្លឺព្រះអាទិត្យដែលកំពុងរៀបលិចបង្កើតជាបរិយាកាសល្អ។
ប៉ុន្តែលោកមានការមិនពេញចិត្តជាមួយសំរាមដែលមាននៅលើឆ្នេរ និងកន្លែងដទៃទៀតជុំវិញនោះ រួមទាំងបញ្ហាផ្លូវចេញចូលឆ្នេរមានសភាពលំបាក។
លោក ទុំ វុទ្ធី «បរិយាកាសនៅទីនេះល្អហើយ ប៉ុន្តែបរិស្ថានរាងនៅមានសំរាមនៅខាងៗបន្តិច»។
លោកសំណូមពរឲ្យប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ជាពិសេសភ្ញៀវទេសចរដែលមកលេងឆ្នេរអង្កោលឲ្យចូលរួមសម្អាតឆ្នេរនេះទាំងអស់គ្នា ជាពិសេសគឺអាជ្ញាធរក្នុងមូលដ្ឋាន។
លោកថា៖ «ខ្ញុំចង់ឲ្យបងប្អូនដែលនៅខាងៗនេះ និងភ្ញៀវទេសចរដែលមកលេងចូលរួមសហការគ្នាសម្អាតនៅឆ្នេរនេះ កុំរបៀបថា ចង់បានតែកន្លែងស្អាតតែនាំគ្នាចោលសំរាម»។
ក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ឆ្នាំ២០២១-២០៣៥ នៅសាលាខេត្តកែប កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ គណៈកម្មការអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា បានដាក់បញ្ចូលតំបន់ឆ្នេរអង្កោល ជាតំបន់ប៉ូលទេសចរណ៍ ក្នុងមុំយុទ្ធសាស្ត្រអភិវឌ្ឍន៍ប៉ូលទេសចរណ៍ថ្មី របស់ខេត្តកែប ក្នុងចំណោមប៉ូលទាំង៤ ដែលជាកន្លែងត្រូវពង្រីកសក្តានុពលទេសចរណ៍ ពង្រីកកន្លែងកម្សាន្ត ដែលរួមមាន ប៉ូលទេសចរណ៍ក្រុងកែបចាស់ ប៉ូលទេសចរណ៍តំបន់ភ្នំវល្លិ៍ ប៉ូលទេសចរណ៍តំបន់ប្រជុំកោះ និងប៉ូលទេសចរណ៍តំបន់អង្កោល។
ប្រធានមន្ទីរបរិស្ថានខេត្តកែប លោក អ៊ឹម បញ្ញារិទ្ធិ ប្រាប់មកកាន់វីអូឌីថា សំរាមដែលមាននៅលើឆ្នេរអង្កោល គឺមានប្រភពមកពីក្នុងសមុទ្រភាគច្រើនជារុក្ខជាតិម្យ៉ាងដែលគេហៅថាស្លឹកខ្លុយ បក់មកទើរលើឆ្នេរជារៀងរាល់ថ្ងៃនិងបង្កជាការលំបាកនៅក្នុងការបោសសម្អាត។ ស្លឹកខ្លុយនេះមានចំនួនច្រើននៅចន្លោះខែវិច្ឆិកា ដល់ខែមេសា ជារដូវទឹកបក់ចូលច្រាំង ជាហេតុនាំឲ្យមានស្លឹកខ្លុយនេះច្រើននៅលើឆ្នេរ។
លោកបន្តថា ខេត្តកែបមានគម្រោងនៅក្នុងការអភិវឌ្ឍឆ្នេរនេះ ប៉ុន្តែនៅមិនទាន់បានចេញជារូបរាងនោះទេ ដោយត្រូវការពេលវេលានិងថវិកា។ លោកថា ដោយសារតែមិនទាន់មានការអភិវឌ្ឍ ទើបមិនមានក្រុមហ៊ុនណាមួយមកដេញថ្លៃនៅក្នុងការសម្អាតនៅឡើយនោះទេ គឺតម្រូវឲ្យប្រជាពលរដ្ឋ អាជីវករដែលរស់នៅក្នុងមូលដ្ឋាននោះនាំគ្នាសម្អាតទាំងអស់គ្នា។
លោក អ៊ឹម បញ្ញារិទ្ធិ៖ «ឧទាហរណ៍ថាសំរាមហ្នឹងនៅមុខផ្ទះយើង បើយើងពឹងឲ្យគេមកជួយរើសៗយ៉ាងណាក៏មិនអស់ដែរ អញ្ចឹងទាល់តែបងប្អូនអាជីវករហ្នឹងជួយចូលរួមទាំងអស់គ្នា ដោយសារសម្អាតរៀងៗខ្លួនតាមមុខតូបអាជីវកម្មរបស់គាត់ហ្នឹង។ ណាមួយដោយសារយើងមិនទាន់មានអ្នកដេញភាស៊ីយកសម្រាប់ធ្វើអនាម័យឬសម្អាតឆ្នេរហ្នឹងទេ ដោយសារតែយើងទើបតែចាប់ផ្ដើមធ្វើការអភិវឌ្ឍ»។
ប្រធានមន្ទីរបរិស្ថានខេត្តកែបរូបនេះបានឲ្យដឹងទៀតថា នៅក្នុងមួយថ្ងៃមានសំរាមចន្លោះពី ៣០ ទៅ៤០តោន ត្រូវបានប្រមូលពីក្នុងខេត្តកែបទាំងមូល ដោយយកទៅដុតកម្ទេចចោល នៅទីលានចាក់សំរាមដែលស្ថិតនៅក្នុងសង្កាត់ព្រៃធំ ក្រុងកែប ដែលនៅទីនោះមានផ្ទៃដី១៣ហិកតា។
អភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តកែប លោក វ៉ៅ សុខា មានប្រសាសន៍ថា ខេត្តមានគម្រោងរៀបចំផ្លូវប្របមាត់សមុទ្រមួយខ្សែ ចាប់ពីក្រុងកែប ឆ្លងកាត់ឆ្នេរអង្កោល ភ្ជាប់ជាមួយផ្លូវបេតុងក្រវ៉ាត់ភ្នំអង្កោល។ លោកថា គម្រោងនេះនឹងចំណាយថវិកាប្រមាណ ១០លានដុល្លារ ក្រោមកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក៏នឹងចាប់ផ្តើមដំណើរកសាងសង់នៅចុងឆ្នាំ ២០២១ នេះ ខណៈពេលនេះក្រុមការងារខេត្តកែបកំពុងចុះរុះរើសំណង់ដែលសាងសង់ដោយខុសច្បាប់នៅតាមបណ្ដោយឆ្នេរនេះ។
លោកថា៖ «ការដ្ឋានស្ថាបនាកំណាត់ផ្លូវលើឆ្នេរអង្កោលនេះ នឹងចាប់ដំណើរការនៅចុងខែធ្នូ ឆ្នាំ២០២១នេះ។ យើងនឹងជម្រុញគម្រោងនេះឲ្យដំណើរការ ធ្វើយ៉ាងណាឲ្យមានផ្លូវងាយស្រួលចេញចូលនៅតំបន់ហ្នឹង»។
លោកបន្ថែមថា ផ្លូវមួយខ្សែនេះមានសារសំខាន់ ក្នុងការតភ្ជាប់ទីរួមខេត្តទៅកាន់តំបន់អង្កោល ដែលអាចហៅថា ជាតំបន់ដាច់ស្រយាលមួយរបស់ខេត្ត និងជាយុទ្ធសាស្ត្រទេសចរណ៍ដ៏មានសក្ដានុពល។ លោកបញ្ជាក់ថា បន្ទាប់ពីគម្រោងផ្លូវនេះស្ថាបនារួចរាល់ ឆ្នេរអង្កោលនឹងត្រូវបានកែលម្អ ឲ្យទៅជាកន្លែងទេសចរណ៍ ដ៏ស្រស់បំព្រង លើកស្ទួយជីវភាពប្រជពលរដ្ឋនៅក្នុងតំបន់ ប្រែក្លាយពីតំបន់ដាច់ស្រយាលទៅជាតំបន់ ដែលមានការអភិវឌ្ឍលើគ្រប់វិស័យ៕