ក្រុមអង្គការសង្គមស៊ីវិល ទាមទារទៅរដ្ឋាភិបាលឱ្យទទួលខុសត្រូវចំពោះជនរងគ្រោះដែលត្រូវបានគេបាញ់សម្លាប់លើផ្លូវវេងស្រេង កាលពី៨ឆ្នាំមុន ក្នុងនាមប្រទេសដែលបានផ្ដល់សច្ចាប័នទៅលើអនុសញ្ញាអន្តរជាតិ ស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ។
នេះបើតាមសេចក្តីថ្លែងការណ៍រួមមួយ ចុះថ្ងៃទី៣ ខែមករានេះ របស់ក្រុមអង្គការ សមាគមចំនួន ៥៩ ដែលត្រូវនឹងខួប ៨ឆ្នាំ នៃព្រឹត្តិការណ៍ប៉ះទង្គិចគ្នាដោយហិង្សានៅលើផ្លូវវេងស្រេង រវាងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល និងកម្លាំងកម្មករច្រើនរយនាក់ទាមទារប្រាក់ឈ្នួល ១៦០ដុល្លារ ក្នុងមួយខែកាលពីពេលនោះ។
ក្នុងសេចក្តីថ្លែងការណ៍រួមដែលដាក់ចំណងជើងថា «៨ឆ្នាំក្នុងភាពស្ងប់ស្ងាត់ ប៉ុន្តែគ្មានយុត្តិធម៌» ពួកគេបានលើកឡើងថា ព្រឹត្តិការណ៍កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ដែលបានកន្លងទៅ ៨ឆ្នាំមកនេះ អំឡុងពេល បង្រ្កាបទៅលើការធ្វើកូដកម្មដោយសន្តិវិធីនៅលើផ្លូវវេងស្រេង កងកម្លាំងសមត្ថកិច្ចចម្រុះ បានបាញ់សម្លាប់មនុស្សយ៉ាងតិច ៤នាក់ និង៣៨នាក់ផ្សេងទៀត បាញ់ឱ្យរងរបួស ហើយក្មេងប្រុស ខឹម សុផាត អាយុ ១៥ឆ្នាំ បានបាត់ខ្លួនរហូតមកទល់ពេលបច្ចុប្បន្នថែមទៀផង។
ពួកគេបន្តថា ចំណែក ការស៊ើបអង្កេត ទៅលើការបាញ់ប្រហារនេះ គឺត្រូវបានរាយការណ៍ថា ធ្វើឡើងត្រឹមរយៈពេល ៣សប្ដាហ៍ប៉ុណ្ណោះ ហើយពុំមាននរណាម្នាក់ត្រូវបានយកមកផ្ដន្ទាទោសចំពោះការស្លាប់ របស់ លោក គឹម ផាលាប លោក សាម រ៉ាវី លោក យាន រឹទ្ធី និងលោកផេង កុសល នោះទេ ។
ប៉ុន្តែថា ផ្ទុយទៅវិញ កម្មករនិយោជិត និងអ្នកការពារសិទ្ធិមនុស្សចំនួន ២៣នាក់ ត្រូវបានចាប់ខ្លួន និងក្រោយមកត្រូវបានផ្ដន្ទាទោសនៅក្នុងសវនាការមួយជុំវិញការចោទប្រកាន់ពី បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនាមានស្ថានទម្ងន់ទោស បទរារាំងចរាចរណ៍សាធារណៈ និងបទប្រមាថ ពាក់ព័ន្ធនឹងការតវ៉ានេះ ។
ក្រុមអង្គការសង្គមស៊ីវិល បានគូសបញ្ជាក់ថា ក្នុងនាមប្រទេសកម្ពុជាដែលបានផ្ដល់សច្ចាប័ន ទៅលើអនុសញ្ញាអន្តរជាតិ ស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ ពួកគេទាមទារឱ្យមានការទទួលខុសត្រូវ ចំពោះការបាញ់ប្រហារនេះ ដើម្បីឱ្យគ្រួសាររបស់ជនរងគ្រោះ ទទួលបានសំណងខូចខាតគ្រប់គ្រាន់ និងយុត្តិធម៌ពិត។
ក្រៅពីនេះ ក្រុមអង្គការ សមាគមទាំងនោះ ក៏បានជំរុញផងដែរ ទៅរដ្ឋាភិបាលឱ្យចាត់វិធានការជាក់លាក់ជាបន្ទាន់ ដើម្បីស៊ើបអង្កេតប្របកដោយឯករាជ្យ ឥតលំអៀង និងមានប្រសិទ្ធភាព ទៅលើការបាត់ខ្លួនរបស់ ខឹម សុផាត និងចាត់វិធានការផ្លូវច្បាប់ចំពោះការបាញ់ប្រហារគ្រានោះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានច្រានចោល សេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសមាគមទាំងនោះ ដោយចាត់ទុកការតវ៉ានៅលើផ្លូវវេងស្រេងកន្លងទៅ ជាកុប្បកម្ម ចង់ផ្តួលរំលំរដ្ឋាភិបាល ហើយលោកបានទម្លាក់កំហុសទៅលើអ្នកនយោបាយក្រុមប្រឆាំង ។
លោកថា៖«អ្នកដែលពាក់ព័ន្ធរឿងហ្នឹងតុលាការកំពុងស្វែងរក។ អាអ្នកដឹកនាំរឿងទាំងអស់ហ្នង មានទាំង មូរ សុខហួរ មានទាំង ហូរ វាន់ ស្អីហ្នឹង វាមិនដែលបាតុកម្ម ទាមទារប្រាក់ខែ អាណាចែកនំប័ងទាំងម៉ោង ១២យប់ទេ។ អាហ្នឹងជាកុប្បកម្មចង់សម្លាប់រដ្ឋអំណាចទេ»។
អង្គការ សមាគមទាំង៥៩ ដែលបានចេញសេចក្តីថ្លែងការណ៍រួមទាំងនោះ មានមជ្ឈណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស រួមទាំងសមាគមការពារសិទ្ធិមនុស្សអាដហុកជាដើម។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា មានប្រសាសន៍ថា ការខកខានផ្តល់យុត្តិធម៌ដល់គ្រួសារជនរងគ្រោះ ដែលត្រូវបានគេបាញ់សម្លាប់ វាជាការបង្សល់ទុកនូវវប្បធម៌និទណ្ឌភាព និងជាគម្រូមិនល្អសម្រាប់កម្ពុជា។
លោកថា៖«ទី២ទៀតទាំងជាតិ និងអន្តរជាតិ គេនឹងធ្វើការវាតម្លៃ គេនឹងធ្វើការថ្កោលទោសចំពោះទង្វើដែលមិនព្រមធ្វើការដោះស្រាយឱ្យមានយុត្តិធម៌សម្រាប់ជនរងគ្រោះទាំងអស់ហ្នឹង»។
យ៉ាងណា ម្តាយជនរងគ្រោះ ក្មេងប្រុស ខឹម សុផាត គឺអ្នកស្រី អ៊ឹម លក្ខិណា អាយុ ៤៨ឆ្នាំ នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នៅតែទទូចទៅរដ្ឋាភិបាលឱ្យផ្តល់យុត្តិធម៌ដល់កូនគាត់ដែលបានបាត់ខ្លួន ៨ឆ្នាំមកនេះ និងជួយរកយុត្តិធម៌ឱ្យគ្រួសារជនរងគ្រោះផ្សេងទៀតដែលបានស្លាប់លើផ្លូវវេងស្រេងនោះ។
អ្នកស្រីថា៖«អង្គការខាងណាៗ ក្រៅប្រទេស និងក្នុងប្រទេសជួយរកយុត្តិធម៌ឱ្យកូនខ្ញុំ។ បើថាងាប់ទុកសាកសព ឱ្យខ្ញុំធ្វើបុណ្យរាល់ឆ្នាំ ហើយបើនឹកពេកខ្ញុំយករូបថតមកឱប ព្រោះអីខ្ញុំគ្មានទីពឹង»៕