សហព័ន្ធស្រូវអង្ករកម្ពុជា បានប្រកាសថា ខ្លួនពុំទាន់ជួបប្រទះអង្ករប្លាស្ទិក នៅក្នុងប្រទេសកម្ពុជានៅឡើយទេរហូតមកដល់ពេលនេះ បើទោះបីជាព័ត៌មានអំពីអង្ករសិប្បនិម្មិតនេះ ត្រូវបានចែកចាយនៅលើបណ្ដាញសង្គមជាបន្តបន្ទាប់ក្ដី។
ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី១៣ ខែតុលាកន្លងមកនេះ បាននាំយកអង្ករ ដែលត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកអះអាងថា ជាអង្ករប្លាស្ទិក ទៅពិសោធន៍ទៅអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ ប៉ុន្តែ សហព័ន្ធថា អង្ករនោះ មិនមែនជាអង្ករសិប្បនិម្មិតនោះឡើយ។
សហព័ន្ធបាននិយាយនៅសេចក្ដីប្រកាសព័ត៌មាននោះថា៖ “សហព័ន្ធស្រូវអង្ករកម្ពុជា សូមអះអាងថា រហូតមកដល់ពេលនេះ ពុំទាន់ជួបប្រទះអង្ករប្លាស្ទិកនៅក្នុងប្រទេសកម្ពុជាទេ”។
សហព័ន្ធនេះ ក៏បានព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើបុគ្គលមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះអង្ករកម្ពុជាផងដែរ។
ទោះជាយ៉ាងណា សហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់ថា នៅតែបន្តតាមដានករណីអង្ករសិប្បនិម្មិតនេះបន្តទៀត ដោយបានអំពាវនាវទៅដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យរាយការណ៍ករណីសង្ស័យទៅស្ថាប័នពាក់ព័ន្ធ៕