កម្ពុជា​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ-១៩​បំប្លែងថ្មី «អូមីក្រុង» ១៤​ករណី​បន្ថែម​ទៀត

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារលើធំថ្មី តាមរយៈតេស្តសំណាក (តេស្តរហ័ស) បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាច្រើននាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)

ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លង​ជំងឺកូវីដ-១៩ ​ប្រភេទបំប្លែងខ្លួន​ថ្មី «អូមីក្រុង» មានចំនួន១៤ករណី​បន្ថែមទៀត ក្នុងនោះករណីនាំចូលពីក្រៅប្រទេសមាន១២ករណី និងឆ្លងក្នុងសហគមន៍២ករណី។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន១៤នាក់ថ្មីដែលរកឃើញកាលពីម្សិលមិញ គឺប្រភេទបំប្លែងខ្លួន «អូមីក្រុង» ទាំងអស់ ​ហើយ​​ករណីនាំចូលពីក្រៅប្រទេសមាន១២ករណី និង២ករណីឆ្លងចូលក្នុងសហគមន៍។

សេចក្ដីប្រកាសដដែលឱ្យដឹងដែរថា នៅថ្ងៃនេះមានអ្នកជាសះស្បើយ​​ចំនួន៩នាក់ និងមិនមានករណីអ្នកស្លាប់នោះទេ​។

គិតត្រឹមថ្ងៃ​ពុធ​នេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១២០ ៦៨៤នាក់ ក្នុង​នោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១១៧ ០៤៣នាក់ អ្នកស្លាប់​​ចំនួន​៣ ០១៥ នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន២០ ០៨៤នាក់។

ឆ្លើយតបនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩បំប្លែងថ្មី អូមីក្រុង រដ្ឋាភិបាលកម្ពុជាទើបចេញសារាចរមួយស្ដីពី​ការ​ជំរុញ​ការ​ចាក់​វ៉ាក់​សាំង​ជូន​ប្រជាពលរដ្ឋ​ឱ្យ​ទាន់​ពេល​វេលា​តាម​បណ្ដា​រាជ​ធានី​-​ខេត្ត ហើយ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អប់រំ ផ្សព្វ​ផ្សាយ​ឱ្យ​ទូលំទូលាយ​បន្ថែម​ទៀត​ អំពី​ភាព​ចាំបាច់​នៃ​ការ​ចាក់​វ៉ាសាំង​កូវីដ-១៩ ព្រម​ទាំង​ចាត់វិធាន​ការ​ពង្រឹង​និង​ជំរុញ​ការ​អនុវត្ត​វិធាន​ការ​សុខា​ភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ