ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួនថ្មី «អូមីក្រុង» មានចំនួន ២៣ករណីបន្ថែមទៀត ក្នុងនោះករណីនាំចូលពីក្រៅប្រទេស ៩ករណី និងឆ្លងក្នុងសហគមន៍ ១៤ករណី។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២៣នាក់ថ្មីដែលរកឃើញកាលពីម្សិលមិញ គឺប្រភេទបំប្លែងខ្លួន «អូមីក្រុង»ទាំងអស់ ហើយករណីនាំចូលពីក្រៅប្រទេសមាន ៩ករណី និង១៤ករណីឆ្លងចូលក្នុងសហគមន៍។ ដោយឡែក ករណីស្លាប់ថ្មីគ្មាន ប៉ុន្តែមានអ្នកជាសះស្បើយថ្មីចំនួន ១៣នាក់។
ក្រសួងបញ្ជាក់ថា មកទល់ថ្ងៃនេះ កម្ពុជារកឃើញករណីជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួន «អូមីក្រុង» បានឆ្លងចូលទៅក្នុងសហគមន៍ចំនួន ៦៤ករណីហើយ។
គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១២០ ៧៩៦នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១១៧ ១០២នាក់ អ្នកស្លាប់ចំនួន៣ ០១៥នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន ២០ ១៤៨នាក់៕