កម្ពុជាទទួលបាន ២៣ពិន្ទុ នៅក្នុងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ២០២១ ដោយស្ថិតនៅចំណាត់ថ្នាក់ទី១៥៧ លើ១៨០ប្រទេសនិងដែនដី ខណៈពិន្ទុនេះបង្ហាញថាកម្រិតអំពើពុករលួយក្នុងប្រទេសក្រីក្រមួយនេះមានភាពប្រសើរតិចតួចប៉ុណ្ណោះ បើធៀបឆ្នាំមុន។
កាលពីឆ្នាំ២០២០ កម្ពុជាទទួលបានពិន្ទុ២១ ដោយជាប់ចំណាត់ថ្នាក់ទី១៦០ លើ១៨០ប្រទេសនិងដែនដី។
ទោះជាយ៉ាងនេះក្ដី កម្ពុជានៅតែគេមើលឃើញថា ជាប្រទេសដែលមានកម្រិតអំពើពុករលួយខ្ពស់ ដោយជាប់ចំណាត់ថ្នាក់ទាបបំផុតក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង១០ និងចំណាត់ថ្នាក់ទាបបំផុតទី៣នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
នៅក្នុងរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ (TI) ដែលមានមូលដ្ឋាននៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ចេញផ្សាយនៅថ្ងៃទី២៥ ខែមករានេះ បានឱ្យដឹងថា វិស័យសំខាន់ពីរដែលបានជួយបន្ថែមពិន្ទុឱ្យកម្ពុជានៅឆ្នាំនេះ គឺបរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជាមានភាពល្អប្រសើរជាងមុន ខណៈវិស័យយុត្តិធម៌សង្គមនៅតែស្ថិតនៅក្នុងស្ថានភាពអាក្រក់ដដែល។
យោងតាមរបាយការណ៍ដដែលបានដាក់ពិន្ទុឱ្យប្រទេសចំនួន១០ជាប្រទេសដែលស្អាតស្អំ ឬស្ទើរតែគ្មានអំពើពុករលួយនោះ រួមមាន ប្រទេសដាណឺម៉ាក ហ្វាំងឡង់ នូវែលសេឡង់ ន័រវេស សិង្ហបុរី ស៊ុយអែត ស្វីស ហូឡង់ លុចសំបួរ និងប្រទេសអាល្លឺម៉ង់។
ចំណែកឯប្រទេសដែលមានសន្ទស្សន៍អំពើពុករលួយធ្ងន់ធ្ងរដែលមានពិន្ទុក្រោម២០ រួមមាន ប្រទេសប៊ូរុនឌី សាធារណរដ្ឋកុងហ្គោ តួកម៉េនីស្ថាន ហ្គីណេអេក្វាទ័រ លីប៊ី អាហ្វហ្គានីស្ថាន កូរ៉េខាងជើង យេម៉ែន វ៉េណេស៊ុយអេឡា សូម៉ាលី ស៊ីរី និងប្រទេសស៊ូដង់ខាងត្បូង៕