រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបង្ហាញការព្រួយបារម្ភថា បញ្ហាគ្រឿងញៀននៅកម្ពុជានឹងគ្មានថ្ងៃបិទបញ្ចប់បានទេ បើភាគីពាក់ព័ន្ធមិនរួមគ្នាដោះស្រាយ ក្នុងនោះ លោកបានណែនាំទៅកងកម្លាំងអនុវត្តច្បាប់មិនត្រូវធ្វើជាខ្នងបង្អែកឧក្រិដ្ឋជន និងការរារាំងការអនុវត្តច្បាប់ជាដើម។
លោក ស ខេង បានលើកឡើងលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃម្សិលមិញថា លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនដែលសម្រេចបានក្នុងរយៈពេលពេញមួយឆ្នាំ២០២១ បង្ហាញថា កម្ពុជានៅតែទទួលរងឥទ្ធិពលអាក្រក់ពីស្ថានភាពប្រែប្រួលជាអវិជ្ជមានប្រកបដោយហានិភ័យខ្ពស់ដែលបណ្ដាលមកពីគ្រឿងញៀន។ លោកកត់សម្គាល់ថា ស្របគ្នាទៅនឹងការផលិត ការចរាចរ និងការជួញដូរគ្រឿងញៀន នៅលើពិភពលោកបានកើនឡើង នៅក្នុងប្រទេសកម្ពុជាក៏មានការកើនឡើងដូចគ្នាដែរ។
លោកគូសបញ្ជាក់ថា ផ្អែកតាមលទ្ធផលនេះ បើទោះបីការបង្ក្រាបគ្រឿងញៀនមានការថយចុះ ប៉ុន្តែករណីបង្ក្រាបបទល្មើសគ្រឿងញៀនធំៗបានកើនឡើង ដោយមានគ្រឿងញៀនសរុបប្រមាណ៨០តោនត្រូវបានរឹបអូស រួមទាំងម៉ាស៊ីនផលិតកែច្នៃស្វ័យប្រវត្តិឈុតធំៗដ៏គ្រោះថ្នាក់ជាច្រើនទៀត នៅរាជធានីភ្នំពេញ និងបណ្ដាខេត្ត ជាប់ព្រំដែនឡាវ ថៃ និងវៀតណាម។
លោក ស ខេង បង្ហាញក្ដីបារម្ភថា៖ «បញ្ហាកូវីដ-១៩ ថ្វីត្បិតថាពេលនេះមិនទាន់មានការថមថយ ប៉ុន្តែវាទំនងជាអាចដើរដល់ទីបញ្ចប់នៅថ្ងៃណាមួយមិនខានឡើយ។ ប៉ុន្តែបញ្ហាគ្រឿងញៀននេះ វានឹងមិនងាយរកទីបញ្ចប់ឃើញនោះទេ ដោយសារក្រុមឧក្រិដ្ឋជននៅតែបន្តរិះរកវិធីសាស្ត្រថ្មីៗ ដើម្បីផលិតនិងចែកចាយ»។
បញ្ហានេះ លោកបន្តក្រើនរម្លឹកដល់កងកម្លាំងអនុវត្តច្បាប់កុំធ្វើខ្នងបង្អែក និងកុំរារាំងការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាអ្នកនោះជាក្រុមគ្រួសារឬសាច់ញាតិរបស់ខ្លួនក៏ដោយ។ មួយវិញទៀត លោកថា សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់និងស្មោះត្រង់វិជ្ជាជីវៈរបស់ខ្លួន ស្វែងរកមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិត និងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច។
បើតាមលោក ស ខេង ពេញមួយឆ្នាំ២០២១ ក្រៅពីការរឹបអូសគ្រឿងញៀន សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យសរុប១៣ ៩៧៩នាក់ ក្នុងនោះមានករណីជួញដូរនិងរក្សាទុកចំនួន៨ ៦៧២នាក់ អ្នកប្រើប្រាស់គ្រឿងញៀនចំនួន៥ ២៦៤នាក់ ដាំដុះចំនួន៩នាក់ និងកែច្នៃចំនួន៣៤នាក់។
អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វីរិទ្ធ អះអាងថា ស្ថាប័នជំនាញនេះនឹងពិនិត្យឡើងវិញទៅលើគោលការណ៍ចាស់ និងធ្វើបច្ចុប្បន្នភាព បន្តទប់ស្កាត់ការគំរាមកំហែងពីបញ្ហាគ្រឿងញៀននេះ។
លោកថា៖ «សារនយោបាយរបស់ថ្នាក់ដឹកនាំ សមត្ថកិច្ចដែលពាក់ព័ន្ធមានតួនាទីអនុវត្តទៅតាមសារនយោបាយស្របទៅតាមច្បាប់ ដើម្បីបង្កើនទំនុកចិត្ត និងតម្លាភាព »។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មើលឃើញថា សាររបស់មេដឹកនាំក្រសួងមហាផ្ទៃនេះអាចឆ្លុះបញ្ចាំងថា ការបង្ក្រាបគ្រឿងញៀននៅកម្ពុជាស្ថិតក្នុងភាពស្មុគស្មាញ ដែលក្រសួងនេះមិនទាន់អាចវះកាត់បាន។ តែយ៉ាងណា លោកកត់សម្គាល់ថា ប្រទេសមួយចំនួននៅលើពិភពលោកដែលមានអំពើពុករលួយខ្ពស់ បានបរាជ័យក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀន។
លោកថា៖ «អំពើពុករលួយនោះ ត្រូវបានឧក្រិដ្ឋជនគ្រឿងញៀនយកធ្វើជាមធ្យោបាយប្រតិបត្តិការធ្វើអាជីវកម្មគ្រឿងញៀនហ្នឹង។ អ៊ីចឹងស្មុគស្មាញណាស់! អ៊ីចឹងទាល់តែយើងអនុវត្តច្បាប់ឱ្យត្រឹមត្រូវ ហើយលុបបំបាត់អំពើពុករលួយ ទើបយើងអាចបញ្ហាទាំងនោះបាន»។
បើតាមលោក ប៉ិច ពិសី អំពើពុករលួយនិងបញ្ហាគ្រឿងញៀនជាឧបសគ្គចម្បងរារាំងដល់ការអភិវឌ្ឍប្រទេស និងបង្កហានិភ័យដល់សង្គម ដែលការណ៍នេះ លោកថា រដ្ឋាភិបាលចាំបាច់ត្រូវវះកាត់មន្ត្រីពុករលួយនិងអ្នកពាក់ព័ន្ធ ដើម្បីធានាភាពសុខសាន្តរបស់ពលរដ្ឋ៕