អគ្គស្នងការរង​ណែនាំ​ដល់​ប៉ូលិស​ចរាចរណ៍​លុបបំបាត់​ការ​ចេញ​ចាប់ដៃ​យក​លុយ​ពី​រថយន្ត​ដឹកទំនិញ​ខុសច្បាប់

​ប៉ូលិសចរាចរណ៍​ពីរ​នាក់​ឈរ​ចាំ​សម្រួល​ចរាចរណ៍​ដល់​ពលរដ្ឋ​ធ្វើដំណើរ​នៅ​ម្ដុំ​ស្ដា​តអូឡាំពិក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ​)

អគ្គស្នងការ​រង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំ​ដល់​កម្លាំង​សមត្ថកិច្ច​​ផ្នែក​ចរា​ចរណ៍ផ្លូវគោក អនុវត្តការងារឱ្យ​បានត្រឹមត្រូវ និងមានសីលធម៌វិន័យ​ឱ្យបានល្អ​ក្នុង​ពេល​បំពេញ​ការងារ​ ជាពិសេស​លុបបំបាត់​ឱ្យ​បាននូវការ​ចេញ​​ចាប់​ដៃ​យ​​កលុយ​ពី​រថយន្ត​ដឹក​ទំនិញនិង​រថយន្ត​ផ្សេងៗ​ទៀតដែលល្មើសច្បាប់។​

ការណែនាំនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែមករា និងទិសដៅបន្តប្រចាំខែកុម្ភៈរបស់​ផែន​ការ​ងារ​ចរាចរណ៍ នៅសាលប្រជុំអគារស្នងការ​ដ្ឋាននគរបាល​រាជធានីភ្នំពេញ នៅព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈនេះ។

អគ្គស្នងការ​រង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បាន​លើកឡើ​ងនៅ​ក្នុង​បណ្ដាញស​ង្គម​ហ្វេស​ប៊ុក​របស់​លោកថា ក្នុងកិច្ចប្រជុំនោះ លោក​បានណែនាំដល់​កម្លាំង​ប៉ូលិសចរាចរណ៍ទាំងអស់ និងគ្រប់គោលដៅ ត្រូវទទួលខុសត្រូវខ្ពស់​បំផុត​លើការ​រៀប​ចំ​សណ្ដាប់ធ្នាប់តាមដងផ្លូវ ជួយសម្រួលការកកស្ទះចរាចរណ៍ ជាពិសេស​ល្បាត​ចល័ត​ជាប្រចាំ​​នៅតាមដងផ្លូវសំខាន់ៗ ដើម្បីធានាឱ្យបាន​នូវ​សុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិនិងអន្តរជាតិ។​​

ជាមួយគ្នានោះ​ដែរ លោក​ក៏បានណែនាំ​ដល់​កម្លាំងប៉ូលិសចរាចរណ៍ប្រើប្រាស់សម្ដីសមរម្យនៅពេល​អប់រំ​ពលរដ្ឋដែលល្មើសច្បាប់​ចរាចរណ៍ ជាពិសេស​រាល់ការ​ផាកពិន័យ​ត្រូវតែ​ចេញ​បណ្ណ​ផាកពិន័យ​ឱ្យ​បាន​ត្រឹម​ត្រូវ។

លោក​ ស ថេត បានណែនាំបន្ថែមថា៖ «ត្រូវលុបបំបាត់ឱ្យ​បាន​នូវការ​ចេញចាប់ដៃយក​លុយ​ពី​រថយន្ត​ដឹក​ទំនិញនិងរថយន្តផ្សេង​ៗទៀត។ ណែនាំឱ្យ​គ្រប់គោលដៅត្រួតពិនិត្យ​មិន​ឱ្យមាន​រ៉ឺម៉ក​ដឹកធ្បូង ដឹកសម្លៀកបំពាក់​ចូល​ទីតាំងឬផ្លូ​វ​ដែលសាលារាជធានីភ្នំពេញបានធ្វើការ​ហាម​ឃាត់ ​​[…] ត្រូវអនុវត្ត​ចំពោះរថយន្ត​ធុនធំដែលចូល​ខុសម៉ោង […] ហាមមិនឱ្យមានការ​ឈ្លោះប្រកែក​ជាមួយ​អ្នកស្រវឹង​ជោកជាំ ជាមួយ​អ្នកបង្ក​អុកឡុក​នៅទីកន្លែងកើតហេតុ​ ដែល​​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់ទិដ្ឋភាពរួមរបស់​សង្គម»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ