មន្ត្រីនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺចំនួន១០រូបត្រូវបានដកបញ្ឈរជើង ចំពោះការផាកពិន័យមិនចេញវិក្កយបត្រ

មន្ត្រីនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ ចំនួន១០រូប ត្រូវបានហៅមកអប់រំណែនាំ និងត្រូវបានដកបញ្ឈរជើងបណ្ដោះអាសន្ន បន្ទាប់ពីមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីទាំងនេះបានផាកពិន័យអ្នកបើកបរដោយមិនចេញវិក្កយបត្រ និងបានឱ្យអ្នកបើកបរផ្ទេរប្រាក់ចូលក្នុងគណនីធនាគារផ្ទាល់ខ្លួន ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ)

មន្ត្រីនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ ចំនួន១០រូប ត្រូវបានដកបញ្ឈរជើងបណ្ដោះអាសន្ន បន្ទាប់ពីមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីទាំងនេះបានផាកពិន័យអ្នកបើកបរដោយមិនចេញវិក្កយបត្រ និងបានឱ្យអ្នកបើកបរផ្ទេរប្រាក់ចូលក្នុងគណនីធនាគារផ្ទាល់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅពេលដែលអ្នកបើកបរម្នាក់ឈ្មោះ ឡុក គា និងមនុស្សម្នាក់ទៀតកំពុងបើកបររថយន្តដឹកទំនិញ ពីខេត្តកណ្តាល ទៅខេត្តព្រះសីហនុ តាមផ្លូវជាតិលេខ៤។ លោក ឡុក គា បាននិយាយថា រថយន្តរបស់ពួកគាត់ត្រូវបាន​ឃាត់​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ដោយ​សារ​ដឹក​ទំនិញ​សំពីងសំពោង ប៉ុន្តែ​ភ្លាមៗនោះសមត្ថកិច្ច​បាន​រក​ឃើញ​ថា ​អ្នក​បើក​បរ​មិន​មាន​បណ្ណ​បើកបរ។

លោក ឡុក គា បាននិយាយថា៖ «ខ្ញុំមានបណ្ណបើកបរ ប៉ុន្តែនៅពេលនោះ ខ្ញុំដេកលក់។ ដូច្នេះ ខ្ញុំ​បាន​​ឱ្យ​បុគ្គលិកខ្ញុំបើកជំនួស។ ហើយ​ពេល​នោះ ​នគរបាល​ឃាត់​យើង»។

លោកបន្ថែមថា នគរបាលបានឱ្យគាត់បង់ប្រាក់ផាកពិន័យចំនួន៣០០ដុល្លារ ប៉ុន្តែដោយសារតែគាត់មិនមានប្រាក់ គាត់ក៏បានចរចាសុំបញ្ចុះតម្លៃមកត្រឹម២០០ដុល្លារ ហើយបានសុំឱ្យភរិយារបស់គាត់ផ្ទេរប្រាក់ទៅកាន់គណនីធនាគារ ABA របស់មន្ត្រីនគរបាលម្នាក់ដោយផ្ទាល់ឈ្មោះ ​ខែម សុធា​រិ​ទ្ធ

ទោះ​យ៉ាង​ណា លោក ឡុក គា បាន​និយាយ​ថា គាត់​មាន​ការ​សង្ស័យ​ នៅ​ពេល​ដែល​នគរបាល​បាន​ត្រឹម​តែ​ថត​រូបពេល​ប្រគល់​សំបុត្រ​សម្រាប់​ការ​ផាក​ពិន័យ ប៉ុន្តែ​​មិន​បាន​ចេញបង្កាន់​ដៃ​ឱ្យ​គាត់​។ គាត់បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ហើយចាប់តាំងពីពេលនោះមក ការបង្ហោះនោះទទួលបានការចែកចាយ (share) ប្រហែល៥ ០០០ និងការបញ្ចេញមតិយោបល់ (comments) ៥០០។

អ្នក​បញ្ចេញ​មតិយោបល់​ភាគច្រើន​បាន​រិះគន់​នគរបាល​ចំពោះ​ទង្វើ​របស់​ពួកគេ ប៉ុន្តែក៏បាន​ទម្លាក់​កំហុស​លើ​អ្នក​បើក​បរ ដែលបើកបររថយន្ត​​ដោយ​គ្មាន​បណ្ណបើកបរ។

លោក ឡុក គា បន្ថែមថា គាត់បានថតរូបនគរបាលនិយាយជាមួយអ្នកបើកបរ ដើម្បីផ្ញើទៅឱ្យភរិយារបស់គាត់មើល ប៉ុន្តែនគរបាលឱ្យលុបចេញវិញ។

លោកថា៖ «ខ្ញុំ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​ដ៏​គឃ្លើន​របស់​គាត់ [នគរបាល]។ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ ដោយ​គ្រាន់​តែ​ថត​រូប​ផ្ញើ​ទៅ​ប្រពន្ធ​ខ្ញុំ»។

លោក ញឹម សៅ ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ បានឃើញការបង្ហោះនេះមួយម៉ោងក្រោយការបង្ហោះ ហើយបានអញ្ជើញលោក ឡុក គា មកជួបនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។ លោកថា មន្ត្រីនគរបាលដែលបំពេញភារកិច្ចមានកំហុសដោយសារពួកគេយល់ព្រមបញ្ចុះតម្លៃផាកពិន័យតាមច្បាប់កំណត់៣០០ដុល្លារ ហើយ​មន្ត្រី​នគរបាល​ចរាចរណ៍​ទាំង​១០នាក់នោះ​ត្រូវ​បាន​ដកបញ្ឈរជើងបណ្តោះអាសន្ន។

លោក ញឹម សៅ បានមានប្រសាសន៍ថា៖ «នេះមិនតំណាងឱ្យនគរបាលចរាចរណ៍ទាំងអស់ទេ។ វាគ្រាន់តែជាសកម្មភាពបុគ្គល ឬក្រុមតូចមួយប៉ុណ្ណោះ។ យើង​សង្កេត​មើល​ដោយប្រុង​ប្រយ័ត្ន​នូវ​អាកប្បកិរិយា​ និងទង្វើមិនសមរម្យ​របស់​នគរបាល​ចរាចរណ៍»។

លោកបន្ថែមថា ពួកគេបានប្រគល់ប្រាក់ទៅឱ្យលោក ឡុក គា វិញ ហើយបានសុំទោសគាត់ ទោះបីជាគាត់មានកំហុសដោយឱ្យមនុស្សដែលគ្មានបណ្ណបើកបរបើករថយន្តក៏ដោយ។

លោកបន្ថែមថា មិនមានវិធីបង់ប្រាក់ពិន័យតាមប្រព័ន្ធឌីជីថលជាផ្លូវការនោះទេ ប៉ុន្តែប្រសិនបើមន្ត្រីនគរបាលទទួលប្រាក់ផាកពិន័យតាមឌីជីថលដោយប្រើគណនីផ្ទាល់ខ្លួន បន្ទាប់មកផ្ទេរទៅកាន់រដ្ឋបាលខេត្ត គឺអាចធ្វើទៅបាន៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Kampong Speu Police Officer Pockets Traffic Fines, Gets Entire Team Suspended

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ