យុវជន គ្រុយ ចាន់ឌឿន គឺជាអ្នកធ្លាប់ប្រើប្រាស់ថ្នាំញៀន ១០ ឆ្នាំ បានតាំងចិត្តបញ្ឈប់ការប្រើប្រាស់ ព្រោះមិនចង់ឱ្យអ្នកភូមិមើលងាយគ្រួសារ ហើយក្លាយជាអ្នកចែករំលែកបទពិសោធន៍ និងអប់រំដល់អ្នកភូមិវិញ ជាពិសេសយុវជននិងក្មេងជំនាន់ក្រោយកុំឱ្យប្រើប្រាស់គ្រឿងញៀន។
យុវជនវ័យ ២៨ ឆ្នាំរូបនេះ មានស្រុកកំណើតនៅភូមិពោធិ៍អណ្តែត ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាលរូបនេះ គឺជាកូនច្បងក្នុងគ្រួសារក្នុងចំណោមបងប្អូន៦នាក់ បានជួបការលំបាកកាន់តែខ្លាំងនៅពេលដែលម្តាយស្លាប់កាលពីឆ្នាំ២០២០ ហើយប្អូនៗ ២នាក់ទៀតរបស់ចាន់ឌឿន ក៏ប្រើប្រាស់ថ្នាំញៀនដែរ។
ចាន់ឌឿន បញ្ជាក់ថា អំឡុងពេលប្រើថ្នាំញៀនប្រមាណ ១០ ឆ្នាំ រូបគាត់ មានសក់វែង ស្បែកអាក្រក់ ធ្វើឱ្យអ្នកភូមិមានការភ័យខ្លាច សូម្បីតែបងប្អូនសាច់ញាតិជិតខាងក៏គេមិនហ៊ានរាប់រកដែរ។ ចំណែកប្អូនៗ២នាក់ទៀតដែលប្រើថ្នាំ ក៏មិនស្តាប់សម្តីចាន់ឌឿន ធ្វើឱ្យស្ថានភាពគ្រួសារមិនមានអ្នកណាស្តាប់អ្នកណាទេ ខណៈឪពុកមានភរិយាក្រោយទៀត មិនសូវមានពេលមកមើលថែគ្រួសារដែលបែកបាក់គ្នានេះទេ ហើយអ្នកជិតខាងខ្លះក៏មិនឱ្យតម្លៃ និងមិនចង់រាប់រកថែមទៀត។
យុវជនគ្រុយ ចាន់ឌឿន៖ «បើអាច ធ្វើយ៉ាងណាកុំឱ្យក្មេងៗជំនាន់ក្រោយប្រើប្រាស់គ្រឿងញៀន ព្រោះពួកខ្ញុំវាជ្រុលហើយ ប្រើគឺធ្វើបាបខ្លួនឯង។ ដូចខ្ញុំចឹងទាល់តែបាត់បង់ម្តាយបានភ្ញាក់ខ្លួន»។
កត្តាសុខភាពចុះខ្សោយ សាច់ញាតិជិតខាងមិនសូវរាប់រក គ្រួសារបែកបាក់ រកលុយបានតែមិនសល់ ដោយមានការអាណិតដល់ប្អូន និង ចង់ស្តារស្ថានភាពគ្រួសារឡើងវិញ ធ្វើឱ្យចាន់ឌឿន តាំងចិត្តផ្តាច់ការប្រើប្រាស់គ្រឿងញៀនបានប្រមាណ៣ខែមកហើយ។ ៣ខែសម្រាប់អ្នកតាំងចិត្តហាក់មានរយៈពេលខ្លី ដែលអ្នកខ្លះធ្លាប់ផ្តាច់បានយូរជាងនេះ នៅតែធ្លាក់ខ្លួនទៅប្រើប្រាស់គ្រឿងញៀនជាថ្មីទៀត ប៉ុន្តែសម្រាប់យុវជន គ្រុយ ចាន់ឌឿន ប្តេជ្ញាប្រាប់ខ្លួនឯងហើយថា មិនវិលវិញទេ។
លោក គ្រុយ ចាន់ឌឿន៖ «នៅមានគេបបួលខ្ញុំធ្វើ [ជក់ថ្នាំញៀន] ដែរតើស តែខ្ញុំអត់ធ្វើផង ខ្ញុំថា អ្នកឯងដាក់តែម្នាក់ឯងទៅ ខ្ញុំថា អត់ទេ ព្រោះថា គ្មានអីខ្លាំងជាងចិត្តយើងទេ។ បើចិត្តយើងថា ធ្វើ កុំថាដាក់ក្នុងបន្ទប់ចាក់សោរ១ជាន់អី ទោះចាក់សោរ៥ជាន់ក៏នៅតែទៅរួចដែរ តែបើចិត្តមិនចង់មិនបាច់ចាក់សោរ ឬដាក់ទ្វារក៏បានដែរព្រោះយើងមិនធ្វើ»។
វិធីសាស្ត្រមួយចំនួនដែលចាន់ឌឿនប្រើដើម្បីជម្នះការលំបាកក្នុងការផ្តាច់គ្រឿងញៀន គឺការធ្វើការងារផ្ទះ និងការងារផ្សេងៗបំភ្លេចគ្រឿងញៀន មួយទៀតដកខ្លួនឆ្ងាយពីមិត្តភ័ក្តិដែលប្រើប្រាស់គ្រឿងញៀន រួមទាំងមិនឱ្យស្គាល់លេខទូរសព្ទ ឬ ហ្វេសប៊ុកជាដើម។
ក្នុងមួយរយៈពេលចុងក្រោយនេះ យុវជន គ្រុយ ចាន់ឌឿន ត្រូវបានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនសម្ភាសន៍ពីបទពិសោធន៍នៃការផ្តាច់គ្រឿងញៀនងាកមកកសាងជីវិតថ្មី។ ក្រៅពីនេះនៅក្នុងពេលជួបគ្នាជាលក្ខណៈបុគ្គល ឬ ជួបជុំនៅក្នុងកម្មវិធីផ្សេងៗ ក៏ចាន់ឌឿន ក្លាហានក្នុងការចែករំលែកបទពិសោធន៍នៃខ្សែជីវិតរបស់ខ្លួនដែរ។
ក្នុងកម្មវិធីផ្តល់សម្ភារសិក្សានៅបណ្ណាល័យខ្ញុំ និង អ្នក នៅភូមិពោធិ៍អណ្តែត ឃុំព្រែកស្តី កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅ យុវជន ចាន់ឌឿន ឈរនៅចំពោះមុខមនុស្សចាស់ក្មេងប្រមាណ៤០នាក់ រៀបរាប់ពីស្ថានភាពមិនល្អដែលខ្លួនធ្លាប់ជួបប្រទះពេលប្រើប្រាស់គ្រឿងញៀន និង លើកទឹកចិត្តដល់ក្មេងៗជំនាន់ក្រោយកុំឱ្យដើរតាមផ្លូវជីវិតរបស់គាត់។
យុវជន គ្រុយ ចាន់ឌឿន ថ្លែងក្នុងពិធីនោះ៖ «បើយើងជក់គ្រឿងញៀនមានតែរុញយើងឱ្យកាន់តែគ្រោះថ្នាក់ ហើយបើសិនជាយើងអត់លេងយើងសប្បាយចិត្តអ្នកណាក៏គេរាប់អាន ទៅណាមកណា គេចូលចិត្ត។ និយាយទៅមានមោទនភាពខ្លួនឯង»។
ពេលចាន់ឌឿន និយាយចប់ មនុស្សក្មេងចាស់ នៅទីនោះបានបញ្ចេញសំឡេងសាទរ និងទះដៃឡើង។ ចាន់ឌឿន ហាក់ប្រែខ្លួនចេញពីឋាននរកមកឋានមនុស្សវិញដោយកិត្តិយស ដែលពីមុនគេតែងខ្លាចញញើត តែពេលនេះអ្នកភូមិស្វាគមន៍សាកសួរ រាប់អាន ឱ្យចំណីអាហារ។
នៅក្នុងឱកាសចែករំលែកបទពិសោធន៍នៅបណ្ណាល័យភូមិនោះ ចាន់ឌឿន ទទួលបានអំណោយលើកទឹកចិត្តពីអ្នករៀបចំកម្មវិធី។ ត្បិតតែអំណោយនោះត្រឹមតែអាវមួយនិងសម្ភារប្រើប្រាស់បន្តិចបន្តួច តែវាបានធ្វើឱ្យគាត់រំភើបខ្លាំងណាស់ស្ទើរតែហូរទឹកភ្នែក រំភើបនៅត្រង់ថា មនុស្សគ្រប់គ្នាមិនបោះបង់គាត់ចោលទេ គឺគេគ្រប់គ្នានៅចាំជួយគាត់ នៅឱ្យតម្លៃលើរូបគាត់ដដែល។
យុវជន គ្រុយ ចាន់ឌឿន និយាយបណ្តើរលាយសំឡេងសើចសប្បាយចិត្តបណ្តើរ៖ «ថ្ងៃមុនគេឱ្យកាដូមួយ គេឱ្យកាដូបានកាដូមួយ សប្បាយចិត្ត»។
បើរំឭកពីអតីតកាល គឺពេលអ្នកភូមិមិនរាប់រកនោះ ចាន់ឌឿន មិនប្រកាន់ខឹងទេ ព្រោះ ចាន់ឌឿន ទទួលស្គាល់ថា ខ្លួនឯងរូបរាងគួរឱ្យខ្លាចមែន ហើយម្យ៉ាងបើអ្នកមិនប្រើប្រាស់ដើរជាមួយពេលដែលសមត្ថកិច្ចចាប់ខ្លួនអាចត្រូវចាប់ទាំងអស់គ្នា។
បច្ចុប្បន្នចាន់ឌឿន ប្រឹងប្រែងធ្វើការងាររកចំណូល ដើម្បីស្តារស្ថានភាពគ្រួសារហើយអប់រំប្អូនៗ ឱ្យមានអនាគតល្អ។ យុវជនវ័យ២៨ឆ្នាំ ដែលមិនទាន់មានប្រពន្ធរូបនេះបញ្ជាក់ថា នៅចំពោះមុខកិច្ចការអ្វីក៏ធ្វើដែរ ឱ្យតែបានចំណូល និងស្របច្បាប់។
យុវជន គ្រុយ ចាន់ឌឿន៖ «រាល់ថ្ងៃហ្នឹងការងារអីក៏ខ្ញុំធ្វើដែរ ឱ្យតែការងារស្របច្បាប់អត់ទៅលួចឆក់ប្លន់គេឱ្យតែគេហៅខ្ញុំទៅធ្វើហើយ»។
ចាន់ឌឿន ឱ្យដឹងទៀតថា ពេលនេះ មិត្តភ័ក្តិគាត់៥នាក់កំពុងតែប្រឹងប្រែងបញ្ឈប់ការប្រើប្រាស់គ្រឿងញៀនដូចរូបគាត់ដែរ ហើយគាត់ក៏បានជួយលើកទឹកចិត្តដល់មិត្តភ័ក្តិទាំងនោះដែរ។
អ្នកស្រី សែម សុផល ជាអ្នកជិតខាងកត់សម្គាល់ឃើញថា យុវជនចាន់ឌឿន មានទឹកមុខហាក់មានភាពស្រស់ស្រាយជាងមុន និងធ្វើការងារសកម្ម។
អ្នកស្រី សែម សុផល៖ «ឃើញគាត់ធ្វើការធ្វើអីល្អៗ មើលថែជ្រូក គោ បោសសម្អាតផ្ទះ បើកាលមុនសំរាមពេញក្នុងផ្ទះទាំងអស់»។
អ្នកស្រី សែម សុផល ថ្លែងថា រូបគាត់សប្បាយចិត្តដែលឃើញយុវជនចាន់ឌឿនបានកែប្រែមករកផ្លូវត្រូវ។
អ្នកស្រី សែម សុផល៖ «អារម្មណ៍បងសប្បាយចិត្ត ដូចបានជួយមនុស្សម្នាក់ដែលធ្លាក់អណ្តូងឱ្យបានឡើងវិញរួចចឹង។ បងសប្បាយចិត្ត ហើយអ្នកជិតខាងគេសរសើរគ្រប់គ្នា គេអរសប្បាយគ្រប់គ្នា»។
អ្នកស្រី ហ៊ន តាំង ជាយាយរបស់យុវជន ចាន់ឌឿន ថ្លែងថា រូបគាត់សប្បាយចិត្តណាស់ពេលឃើញចៅកែប្រែបែបនេះ។
អ្នកស្រី ហ៊ន តាំង៖ «ដល់ពេលចៅឈប់ចឹង ឃើញមានសាច់មានឈាម ខ្ញុំអរណាស់លោកគ្រូអើយ ឪពុកមិននៅ ម៉ែស្លាប់ចោល សូមឱ្យកែគំនិតរហូតទៅចៅអើយ»។
ប្រធានសមាគមសង្រ្គោះជនរងគ្រោះដោយគ្រឿងញៀនកម្ពុជា DARAC លោក មាស សុវណ្ណ ឱ្យដឹងថា សមាគមនេះបានប្រឹងប្រែងអប់រំផ្លូវចិត្តដោយប្រើទស្សនៈផ្សេងៗ ដើម្បីជំរុញលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់គ្រឿងញៀនប្រឹងប្រែងផ្ដាច់ការប្រើប្រាស់ដោយខ្លួនឯង។ លោកបន្តថា ជាមធ្យម អ្នកដែលទទួលការព្យាបាលនៅសមាគមនេះប្រមាណ៥០ភាគរយ ទទួលបានលទ្ធផលល្អ។ លោក មាស សុវណ្ណ អំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យរើសអើងដល់អ្នកប្រើប្រាស់គ្រឿងញៀន ហើយងាកមករកមធ្យោបាយដើម្បីលើកទឹកចិត្តឱ្យអ្នកទាំងនោះឈប់ប្រើប្រាស់វិញ។ លោកបន្តថា មណ្ឌលរបស់លោកនិងមណ្ឌលផ្សេងៗទៀតទទួលអ្នកប្រើប្រាស់គ្រឿងញៀនកើនឡើង នៅក្នុងឆ្នាំ២០២១នេះ។
លោកថ្លែងថា៖ «មណ្ឌលខ្ញុំធ្លាប់តែ១៣០ ឥឡូវដល់១៨០នាក់ទៅហើយ។ មណ្ឌលផ្សេងៗទៀត ខ្លះឡើងដល់២០០ ទៅ ៣០០នាក់ ឯណោះ»។
លោកយុវជន ចាន់ឌឿន ឱ្យដឹងថា ពេលនេះរូបគាត់មានសុខភាពល្អ ហើយស្ថានភាពគ្រួសារក៏ល្អប្រសើរជាងមុន។ យុវជន ចាន់ឌឿន សង្ឃឹមថា ថ្ងៃខាងមុខនឹងវិលទៅធ្វើការងារនៅកន្លែងលក់ហ្គាសមិនដូចពេលញៀនថ្នាំវិញ ហើយជំហានបន្ទាប់ស្រម៉ៃថា ពេលសន្សំលុយបានបើកកន្លែងលក់ហ្គាសដោយខ្លួនឯង។
យុវជន ចាន់ឌឿន៖ «ចង់បានមុខរបរជាក់លាក់មួយ គឺបញ្ចូលហ្គាសវិញ។ នៅពេលមានលុយខ្លះៗខ្ញុំនឹងបើកកន្លែងខ្លួនឯងនៅផ្ទះនេះម៉ង ព្រោះថា នេះហើយជាជំនាញខ្ញុំក្នុងការរកស៊ី ពីមុនខ្ញុំបញ្ចូលហ្គាសរកបានសឹងអីហ្នឹង»។
ចាន់ឌឿន ក៏នឹកឃើញថា ពេលមានលុយចូលរួមជួយដល់អ្នករងគ្រោះដោយសារថ្នាំញៀន និង ចាស់ជរាផងដែរ។ យុវជន ចាន់ ឌឿន៖ «អនាគតទៅពេលមានលុយហើយបើមានក្មេងៗរងគ្រោះចឹងទៀតខ្ញុំនឹងជួយដល់ក្មេងៗទាំងនោះ ហើយរួមទាំងចាស់ជរា»៕