ការប្រើប្រាស់សេវាអ៊ីនធឺណិតរបស់អតិថិជនបច្ចុប្បន្នរបស់ក្រុមហ៊ុន King Technologies (Opennet) នឹងពុំមានការប៉ះពាល់ឡើយ នៅក្នុងអំឡុងពេលនៃការព្យួរអាជ្ញាបណ្ណបណ្តោះអាសន្នរបស់ក្រុមហ៊ុនក្នុងរយៈពេលមួយខែ។
អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក សូ វិសុទ្ធី បានប្រាប់ វីអូឌី តាមរយៈសារអេឡិចត្រូនិច (តេឡេក្រាម) នៅថ្ងៃអាទិត្យនេះថា ការប្រើប្រាស់សេវាអ៊ីនធឺណិតរួមទាំងសេវា Wifi របស់អតិថិជនបច្ចុប្បន្ននៃក្រុមហ៊ុន Opennet នឹងពុំមានការប៉ះពាល់ឡើយ។ ប៉ុន្តែ ក្រសួងបានតម្រូវឱ្យក្រុមហ៊ុនបញ្ឈប់ការផ្ដល់សេវាជូនអតិថិជនថ្មីៗ និងចុះកិច្ចសន្យាធុរកិច្ចជាមួយនឹងក្រុមហ៊ុនដៃគូផ្សេងៗទៀត នៅក្នុងរយៈពេលនៃការព្យួរអាជ្ញាបណ្ណបណ្តោះអាសន្ន។
លោក សូ វិសុទ្ធី បានសរសេរថា៖ «យោងតាមវិធានការចំពោះមុខ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា បានតម្រូវឲ្យក្រុមហ៊ុនបញ្ឈប់ការផ្ដល់សេវាជូនអតិថិជនថ្មីៗ និងចុះកិច្ចសន្យាធុរកិច្ចជាមួយនឹងក្រុមហ៊ុនដៃគូផ្សេងៗ នៅក្នុងរយៈពេលនៃការព្យួរអាជ្ញាបណ្ណនេះ។ ដូចនេះការប្រើប្រាស់សេវាអ៊ីនធឺណិតរួមទាំងសេវា wifi របស់អតិថិជនបច្ចុប្បន្ន នឹងពុំមានការប៉ះពាល់ឡើយ»។
យោងតាមសេចក្តីសម្រេចមួយរបស់និយ័តករទូរគមនាគមន៍កម្ពុជាកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានសម្រេចព្យួរអាជ្ញាបណ្ណប្រតិបត្តិការ និងផ្តល់សេវាអ៊ីនធឺណិតរយៈពេលមួយខែ គិតចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។ នៅក្នុងអំឡុងពេលនេះ ក្រុមហ៊ុនត្រូវអនុវត្តកាតព្វកិច្ចមួយចំនួនដូចជា ទូទាត់បំណុលនៃចំណូលបែងចែក (Revenue Share) ទាំងអស់ និងបំណុលដទៃទៀតដែលក្រុមហ៊ុននៅជំពាក់រដ្ឋ, ត្រូវផ្អាកការធ្វើប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ជាអាទិ៍ ការផ្តល់សេវាអ៊ីនធឺណិតដល់អតិថិជនថ្មី និងការចុះកិច្ចសន្យាធុរកិច្ចជាមួយប្រតិបត្តិករទូរគមនាគមន៍ ឬក្រុមហ៊ុនជាដៃគូ និងចុងក្រោយ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងបទប្បញ្ញត្តិជាធរមាននូវរាល់បញ្ហាដែលអាចកើតមានឡើងជាយថាហេតុ ដែលបណ្តាលមកពីការព្យួរអាជ្ញាបណ្ណនេះ។
កាលពីថ្ងៃទី១៨ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានប្រាប់វីអូឌីថា ក្រសួងនឹងចុះទៅបិទក្រុមហ៊ុន King Technologies (Opennet) ជាបណ្ដោះអាសន្ននៅសប្ដាហ៍ក្រោយនេះ បន្ទាប់ពីក្រុមហ៊ុនដែលផ្ដល់សេវាអ៊ីនធឺណិតនៅកម្ពុជាមួយនេះ មិនព្រមចូលទៅទូទាត់បំណុលប្រមាណជា៦,៦លានដុល្លារអាមេរិក។
លោកបន្តថា ក្រសួងបានរកឃើញបំណុលរបស់ក្រុមហ៊ុន King Technologies (Opennet) ជាង៦លានដុល្លារអាមេរិកដែលបានជំពាក់ចាប់តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ និងវិភាគទានបន្ថែមចូលមូលនិធិ USO និង CBRD សរុបជាង១លាន៨សែនដុល្លារអាមេរិកដែលមិនបានប្រកាសពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។
ប្រភពដដែលបន្តថា ក្រុមហ៊ុន Opennet មិនបានធ្វើការទូទាត់ប្រាក់បំណុលឱ្យបានសព្វគ្រប់ទេ ដោយបានបង់បំណុលតែ១លាន៣សែនដុល្លារ (១,៣លានដុល្លារ) ហើយគេចវេះមិនបានបង់បំណុលដែលនៅសល់៦លាន៦សែនដុល្លារ (៦,៦លានដុល្លារ)ទៀត។
វីអូឌី នៅមិនទាន់អាចស្វែងរកប្រភពដើម្បីទាក់ទងសុំការបំភ្លឺពីប្រធានក្រុមហ៊ុន King Technologies (Opennet) នេះបាននៅឡើយទេ គិតត្រឹមថ្ងៃអាទិត្យនេះ។
យ៉ាងណាក្តី អ្នកនាំពាក្យដដែលបន្តថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករ ទូរគមនាគមន៍កម្ពុជា នឹងចាត់វិធានការស្របតាមលក្ខខណ្ឌនៃអាជ្ញាបណ្ណ ក៏ដូចជាច្បាប់និងបទប្បញ្ញត្តិជាធរមាន ដើម្បីឱ្យក្រុមហ៊ុន Opennet សងបំណុលនិងកាត់បន្ថយផលប៉ះពាល់ដល់អ្នកប្រើប្រាស់ជាអប្បបរមា។
បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនដែលបានទទួលអាជ្ញាបណ្ណនិងកំពុងដំណើរការផ្តល់សេវាអ៊ីនធឺណិតចំនួន ៣៨ ផ្សេងទៀត។ លោក សូ វិសុទ្ធី បានថ្លែងថា ការបញ្ឈប់ប្រតិបត្តិការរបស់ក្រុមហ៊ុន Opennet នឹងពុំមានការប៉ះពាល់ទៅដល់ស្ថានភាពទីផ្សារប្រកួតប្រជែងថ្លៃ និងជម្រើសក្នុងការទទួលបានសេវាអ៊ីនធឺណិតនៅកម្ពុជាឡើយ៕