តុលាការខេត្តមណ្ឌលគិរី បានសម្រេចឃុំខ្លួនជនសង្ស័យជាជនជាតិលៀវចំនួន២នាក់ នៅពន្ធនាគារខេត្តជាបណ្ដោះអាសន្ន ពីបទ កាន់កាប់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត និងប្រើប្រាស់អាវុធជាតិផ្ទុះ ធ្វើឱ្យខូចខាតដល់ធនធានធម្មជាតិ។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនចំនួន២ដាច់ដោយឡែកពីគ្នារបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី លោក ទៀង សុថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ បានសម្រេចបង្គាប់ឱ្យភ្នាក់ងារមានសមត្ថកិច្ច នាំខ្លួនបុរសជាជនសង្ស័យ ២នាក់ រួមមានឈ្មោះ មុំ អូម្ជុំ និងឈ្មោះ កន មុំ ជាជនជាតិលៀវ មុខរបរកសិករ មានទីលំនៅនៅឃុំណងឃីលឹក ស្រុកកោះញែក ទៅឃុំខ្លួននៅពន្ធនាគារខេត្តមណ្ឌលគិរី ជាបណ្តោះអាសន្ន។
ដីកាដដែល បន្តថា ជនសង្ស័យទាំង២នាក់ ត្រូវដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ «កាន់កាប់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត និងប្រើប្រាស់អាវុធជាតិផ្ទុះ ធ្វើឱ្យខូចខាតដល់ធនធានធម្មជាតិ» ប្រព្រឹត្តនៅភូមិណងប៊ួរ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបទល្មើសព្រហ្មទណ្ឌនេះមានចែងតាមបញ្ញតិមាត្រា២០ នៃច្បាប់ស្តីពី ការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ និងមាត្រា៦១និងមាត្រា៥៦នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
បើតាមការផ្សព្វផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន ការចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកកោះញែកនេះ មន្ត្រីឧទ្យានុរក្ស បានចាប់ឃាត់ជនសង្ស័យចំនួន០២នាក់ ដោយរឹបអូសវត្ថុតាងមួយចំនួន រួមមាន អាវុធម៉ាក AK 47 (ស្វាយបត់)ចំនួន០១ដើម, គ្រាប់AK ចំនួន៣៧គ្រាប់, កាំភ្លើងកែច្នៃ(ឆ្នុកដូង)ចំនួន០១ដើម, គ្រាប់ប្រដាងចំនួន៥០គ្រាប់, រំសេវផ្ទុះចំនួនកន្លះដប និងម៉ូតូម៉ាក Wave ចំនួន០២គ្រឿង។
ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោកកែវ សុភគ័ មានប្រសាសន៍នៅថ្ងៃទី២២ ខែកុម្ភៈនេះថា មន្ត្រីឧទ្យានុរក្ស បានចាប់ខ្លួនជនសង្ស័យទាំង២នាក់នោះ កាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ខណៈពួកគេបានប្រើប្រាស់អាវុធជាតិផ្ទុះ ដើម្បីបរបាញ់សត្វព្រៃ នៅដែនជម្រកសត្វព្រៃស្រែពក ក្នុងស្រុកកោះញែក។ លោកបន្តថា ក្រោយការចាប់ខ្លួន មន្ត្រីជំនាញ បានធ្វើការសាកសួរ និងបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅតុលាការ ហើយតុលាការបានសម្រេចឃុំខ្លួនពួកគេនៅពន្ធនាគារជាបណ្តោះអាសន្ន កាលពីថ្ងៃម្សិលមិញ។
ពាក់ព័ន្ធនឹងករណីនេះ លោក កែវ សុភគ៌ បានអំពាវនាវថា៖ «ខ្ញុំសូមសំណូមពរដល់ប្រជាជន ដែលរស់នៅជុំវិញតំបន់ការពារ សូមបញ្ឈប់នូវការបរបាញ់សត្វព្រៃប្រភេទសត្វកម្រ និងជិតផុតពូជ បើយើងនៅតែបន្តបរបាញ់សត្វនោះនឹងអស់ហើយ ជាពិសេសការដាក់អន្ទាក់ឆក់ដែលជាប្រភេទមួយដែលគ្រោះថ្នាក់ណាស់ មិនត្រឹមតែគ្រោះថ្នាក់ដល់សត្វទេ តែដល់មនុស្សទៀតផង»។
យោងតាមរបាយការណ៍ដែលផ្តល់ជូនដោយរដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន រួមជាមួយអង្គការអភិរក្សជាដៃគូ និងសហគមន៍តំបន់ការពារធម្មជាតិ បានដោះអន្ទាក់បានចំនួន ៦១ ៦១១អន្ទាក់ ពីក្នុងតំបន់ការពារធម្មជាតិទូទាំងប្រទេស ក្នុងនោះមានប្រភេទអន្ទាក់ឆក់ខ្សែភ្លើង អន្ទាក់វាយបំបាក់ស្មងជើង និងប្រភេទផ្សេងៗទៀត។
លោកបន្តថា បរិមាណអន្ទាក់ដែលដោះបាននោះ មានចំនួនកើនឡើងជាង ២០% បើធៀបនឹងបរិមាណអន្ទាក់ដោះបាននៅឆ្នាំ២០២០ ដែលមានចំនួន ៤៣ ២៧០អន្ទាក់។ ក្រៅពីនោះ លោកថា មន្ត្រីឧទ្យានុរក្សក៏បានដកហូតកាំភ្លើងកែច្នៃប្រើប្រាស់សម្រាប់ការប្រមាញ់សត្វព្រៃបានចំនួន ៧៥៨ដើម ដែលបរិមាណនេះមានចំនួនប្រហាក់ប្រហែលនឹងឆ្នាំ២០២០៕