ក្រុមស្ត្រីថ្ងៃសុក្រ បង្ហាញការខកចិត្តចំពោះស្ថានទូតម៉ាឡេស៊ីដែលមិនបានឱ្យតំណាងចេញមកទទួលញត្តិរបស់ពួកគេ ខណៈពួកគេបាននាំគ្នាទៅរកកិច្ចអន្តរាគមន៍ ដើម្បីស្នើសុំឱ្យស្ថានទូតនេះជួយជំរុញទៅរដ្ឋាភិបាលកម្ពុជាដោះលែងស្វាមីពួកគេនិងអ្នកផ្សេងទៀតឱ្យមានសេរីភាពវិញ។
ភរិយាលោក កាក់ កុម្ភា សកម្មជនបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ អ្នកស្រី ព្រំ ចាន់ថា បានប្រាប់អ្នកសារព័ត៌មាននៅមុខស្ថានទូតម៉ាឡេស៊ីថា ពួកគាត់មានការខកចិត្ត ដែលស្ថានទូតមិនឱ្យតំណាងណាម្នាក់ចេញមកទទួលយកញតិ្តពួកគាត់។ អ្នកស្រីចាត់ទុកការមិនចេញមកទទួលញត្តិពីសំណាក់ស្ថានទូតម៉ាឡេស៊ីនេះ ថាជាការរើសអើងមួយ ខណៈស្ថានទូតផ្សេងៗដែលពួកគាត់បានដាក់ញត្តិ តែងតែមានតំណាងចេញមកទទួល ឬមួយឱ្យពួកគាត់ចូលជួបមន្ត្រីនៅក្នុងស្ថានទូតតែម្ដង។
អ្នកស្រីថា៖ «ពួកគាត់មិនទាន់ទទួលយកញត្តិរបស់ពួកខ្ញុំទេ ឱ្យខ្ញុំដាក់នៅសន្តិសុខ បន្ទាប់មកសន្តិសុខអត់ទទួលទៀត គាត់ឱ្យខ្ញុំដាក់ចោល គេនឹងហើយ។ សួរថា ខ្ញុំមានទំនុកចិត្តត្រង់ណា? ខ្ញុំមកនេះចង់បានទំនុកចិត្តរបស់ស្ថានទូត ខ្ញុំបានដាក់ពាក្យមកមុនហើយ គាត់ថាគេអត់ឆ្លើយតបមកដែរ ចុះស្ថានទូតដទៃគាត់អត់ដែលនិយាយអ៊ីចឹងផង ពេលខ្ញុំទៅ ដឹងតែចេញស្វាគមន៍ខ្ញុំ»។
អ្នកស្រីបន្តថា៖ «គេបានរំលាយគណបក្សពួកខ្ញុំទៅហើយ ក៏ប៉ុន្តែប្ដីខ្ញុំនៅតែជាប់គុកដោយឥតកំហុស ហើយខ្ញុំចង់មករកស្ថានទូតដែលជាម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹង ហើយពួកគាត់នឹងមានជំនួបក្នុងអាស៊ាននាពេលឆាប់ៗនេះ។ អ៊ីចឹងខ្ញុំចង់ឱ្យគាត់ដឹងឮរឿងប្រទេសកម្ពុជា រំលោភសិទ្ធិមនុស្ស មិនមាននីតិរដ្ឋត្រឹមត្រូវអ៊ីចឹង នៅក្នុងជំនួបហ្នឹង ឱ្យគាត់ធ្វើយ៉ាងម៉េចក៏ដោយ ជួយជំរុញទៅរដ្ឋាភិបាលដោះលែងក្រុមគ្រួសារពួកខ្ញុំ និងគោរពសិទ្ធិមនុស្សជាថ្មីវិញ»។
វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះពីតំណាងស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជាបានទេ នៅថ្ងៃសុក្រនេះ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា សម្ដែងការសោកស្ដាយចំពោះស្ថានទូតម៉ាឡេស៊ីដែលមិនទទួលយកញត្តិរបស់ពលរដ្ឋ។ លោកថា ករណីនេះបង្ហាញឱ្យឃើញពីការមិនយកចិត្តទុកដាក់លើប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ខណៈម៉ាឡេស៊ីក៏ជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរនោះ។
លោកថា៖ «ដូច្នោះ ទោះជាយ៉ាងណាក៏ដោយ ក្នុងនាមគាត់ប្រទេសភាគីហត្ថលេខីមួយ កិច្ចព្រមព្រៀងទីក្រុងប៉ារីស គាត់ត្រូវតែបង្ហាញការយកចិត្តទុកដាក់ និងការតាមដានចំពោះការអនុវត្តរបស់រដ្ឋាភិបាល ដើម្បីឱ្យដឹងថារដ្ឋាភិបាលកម្ពុជាមានការអនុវត្តឆ្លើយតបកម្រិតប៉ុនណាទៅនឹងកម្រិតស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ គាត់ក៏មានតួនាទីក្នុងការជួយតម្រង់ និងផ្ដល់យោបល់ទៅដល់រដ្ឋាភិបាលអំពីបញ្ហានៃការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យផង»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ការរកកិច្ចអន្តរាគមន៍ពីស្ថានទូតនានានៅកម្ពុជារបស់ក្រុមស្ត្រីថ្ងៃសុក្រនេះ មិនអាចជួយអ្វីបានឡើយ។
លោកថា៖ «គោលការណ៍ច្បាប់ បញ្ហាតុលាការត្រូវដោះស្រាយតាមនីតិវិធីតុលាការ គ្មានស្ថាប័នអន្តរជាតិនិងអង្គទូតណាអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងតុលាការដែលជាស្ថាប័នឯករាជ្យនៃរដ្ឋធិបតេយ្យមួយបានទេ»។
សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ញុះញង់ និងរួមគំនិតក្បត់» កាលពីអំឡុងឆ្នាំ២០២០ ពាក់ព័ន្ធនឹងការគាំទ្រដំណើរវិលត្រលប់របស់លោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំងផ្សេងទៀត៕