ស្ត្រីថ្ងៃសុក្រស្នើ​​​ទូតម៉ាឡេស៊ី​ជាថ្មីឱ្យ​ជួយ​ជំរុ​ញ​ទៅរដ្ឋាភិបាលកម្ពុជា​ដោះលែងស្វាមីពួកគេ​

ស្ត្រីថ្ងៃសុក្រឈរនៅមុខទូតម៉ាឡេស៊ី នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ រូបភាព៖ (លោក ចំរើន ធី)

ក្រុមស្ត្រីថ្ងៃសុក្រ ស្នើស្ថាន​ទូត​ម៉ាឡេស៊ី​ជាថ្មី ឱ្យជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​​ ដោះលែងស្វាមីពួកគេ និងអ្នក​ទោស​មនសិការ​ផ្សេង​ទៀត ដែល​កំពុងជាប់ព​ន្ធនាគារ​ក្នុង​សំណុំរឿង«ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី។

ការស្នើរបស់ក្រុមស្ត្រីនេះ ធ្វើឡើងបន្ទាប់ពីបានដាក់ញត្តិរយៈពេលជិត ១​ខែហើយ ប៉ុន្តែស្ថានទូតម៉ាឡេស៊ីមិន​បានចុះហត្ថលេខាទទួលយកញត្តិដែលពួកគាត់បានដាក់ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។

ភរិយារបស់​លោក កាក់ កុម្ភារ សកម្មជន​បក្សសង្គ្រោះជាតិ​ត្រូវបានតុលាការរំលាយ​ គឺអ្នកស្រី ព្រំ ចាន់ថា ប្រាប់​វីអូឌី​នាថ្ងៃព្រហស្បតិ៍នេះថា ពួក​គាត់​ទៅ​ស្ថានទូតម៉ាឡេស៊ី ដើម្បីតាមដានញត្តិដែលបានដាក់នាពេលកន្លង​មក ខណៈស្ថានទូត​នោះ​មិនទាន់បានឆ្លើយតប និង​ចុះហត្ថលេខា​ទទួលយក​​នៅឡើយ។

អ្នកស្រីថា៖ «ពួកខ្ញុំមានទុក្ខលំបាកបានរត់មករក​ទូត ដើម្បីរកទូត​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​ ​ក៏ប៉ុន្តែហេតុអ្វីបាន​ជា​ទូត​ម៉ាឡេស៊ីគាត់ធ្វើបែបហ្នឹង ហើយខ្ញុំសុទ្ធតែអ៊ីម៉ែល​មក​មុន ៤៨​ម៉ោងតាំងពីថ្ងៃអង្គារ រហូតដល់ថ្ងៃនេះ គួរតែទទួល​ ព្រោះខ្ញុំដាក់ហ្នឹង ២សប្ដាហ៍ហើយ! ហើយលើកទី៣​ហើយ! ហើយឆ្លើយតបថា ខ្ញុំអត់​ទទួល​ញត្តិ​បន្តិច​ក៏​អស់​ចិត្ត​ដែរ តែ​នេះ​អត់​មាន​អី​ទាំង​អស់ មាន​តែស្ថានទូតមួយ​ហ្នឹង​ទេ ​ដែលគាត់អត់អន្តរា​គមន៍​ពួក​យើង»។

ទោះជាយ៉ាងណា អ្នកស្រី ព្រំ ចាន់ថា បញ្ជាក់ថា ពួកគាត់នឹងធ្វើញត្តិ​ថ្មី​ទៀត ដើម្បីយកទៅ​ដាក់​នៅស្ថានទូតម៉ាឡេស៊ី​ ស្នើ​​ឱ្យជួយជំរុញទៅរដ្ឋាភិបាលកម្ពុជា ដោះលែងស្វាមីពួកគាត់ និងអ្នកទោសផ្សេងទៀត។

ចំណែកអ្នកស្រី សេង ចាន់ថន ភរិយារបស់​លោក ស៊ុន ធន់ ដែលទើបត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៣ឆ្នាំ ៨​ខែ ពាក់ព័ន្ធ​នឹង​ដំណើរ​ការវិលត្រឡប់របស់លោក សម រង្ស៊ី កាលពីឆ្នាំ​២០១៩​នោះ បាននិយាយ​ថា មូលហេតុ​ដែល​ពួក​គាត់​មក​​រក​ទូត​ឱ្យ​ជួយ ដោយ​សារ​ស្ថានទូតនេះ ក៏ជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ខណៈ​បច្ចុប្បន្ន​អ្នកស្រីថា  រដ្ឋាភិបាលកម្ពុជាមិនទាន់បានគោរពតាមកិច្ចព្រមព្រៀងទេ ដោយកាត់ទោសស្វាមីរបស់ពួកគាត់និងអ្នកផ្សេងទៀតទាំងអស់យុត្តិធម៌។ អ្នកស្រីបង្ហាញការខកចិត្តដែលស្ថានទូតម៉ាឡេស៊ី មិនព្រមទទួលយកញត្តិរបស់ពួកគាត់។

អ្នកស្រីថា៖ «ខ្ញុំមកសំណូមរ និងដាក់ញត្តិនៅស្ថានទូតម៉ាឡេស៊ី ដើម្បីឱ្យពួកគាត់ជួយដឹង​លឺ​ និងជួយដោះស្រាយនូវទុក្ខលំបាករបស់ពួកខ្ញុំ។ គាត់ជាស្ថានទូតមួយប្រចាំនៅកម្ពុជា ​​ ហើយគាត់ជាម្ចាស់ហត្ថលេខី ២៣ តុលា​​១៩៩១ ហើយ​ក៏ជាសមាជិកអាស៊ាន អ៊ីចឹងគាត់ត្រូវតែដឹងលឺ ក្រុមគ្រួសារពួកខ្ញុំ ដែលកំពុងជាប់ពន្ធនាគារទាំងអស់​អយុត្តិធម៌ ជាពិសេសគឺរឿងនយោបាយតែម្ដង គាត់មិនត្រូវធ្វើព្រងើយ មិន​អើពើ​នឹងរឿង​ទាំង​អស់​ហ្នឹង​ទេ»។

ការលើកឡើងរបស់ក្រុមស្ត្រីថ្ងៃសុក្រនាថ្ងៃនេះ បន្ទាប់ពីសន្តិសុខដែលយាមនៅស្ថានទូតម៉ាឡេស៊ី បានចេញ​មក​ប្រាប់​ពួក​គាត់​ថា មន្ត្រីស្ថានទូតមិនទាន់ចុះហត្ថលេខាទទួលយក​ញត្តិដែលក្រុមស្ត្រីថ្ងៃសុក្របានដាក់ ហើយក៏មិនបានបញ្ជាក់ពី​មូលហេតុដែរ។

វីអូឌី មិនអាចសុំការឆ្លើយតបជុំវិញករណីនេះពីមន្ត្រីទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជាបានទេនៅថ្ងៃនេះ។

នាយក​ទទួល​បន្ទុក​កិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បង្ហាញ​ការសោកស្ដាយដែល​ស្ថាន​ទូត​ម៉ាឡេស៊ី​ មិនទទួលញត្តិរបស់ស្ត្រីដែលជាភរិយាអតីតសកម្មជនបក្សប្រឆាំងនោះ ខណៈប្រទេសលោកសេរីផ្សេងៗ​បានទទួលយក​ញត្តិ​ពួកគាត់។

លោកថា៖«បើសិនជាការដាក់ញត្តិពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយគាត់មិនទទួលញត្តិអាហ្នឹង ក្នុងនាមជាប្រទេសមួយដែលបានផ្ដល់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយនៅពេលដែលមានប្រជាពលរដ្ឋ ឬស្ថាប័នដែលដាក់ញត្តិទាក់ទងនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសគាត់មិនទទួល អាហ្នឹងជាការបង្ហាញមួយ ដែលជាគោលការណ៍អនុវត្តទីក្រុងប៉ារីសហ្នឹង មិនត្រូវបានយកចិត្តទុកដាក់»។

យ៉ាងណា ការ​បន្តស្វែងរកកិច្ចអន្តរាគមន៍របស់ភរិយាអតីតសកម្មជនបក្សប្រឆាំង ធ្វើឡើង​​បន្ទាប់​​​ពីស្វាមីរបស់​ពួក​គេ​កំពុង​ជាប់ពន្ធនាគារព្រៃស ដោយតុលាការបានកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗ ៣ឆ្នាំ ៨​ខែ កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។ ចំណែកអ្នកខ្លះទៀត កំពុងត្រូវបានតុលាការឃុំខ្លួនក្នុងពន្ធនាគារ ដើម្បីរង់ចាំសវនាការជិត ២ឆ្នាំមក​ហើយ​ ក្រោមបទចោទប្រកាន់«ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី ៩ វិច្ឆិកា ឆ្នាំ២០១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ