រដ្ឋាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តបង្កើនការប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដោយត្រូវប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល។
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ បានលើកឡើងថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិក្នុងឆ្នាំ២០២២នេះ នឹងប្រព្រឹត្តទៅជាធម្មតា បន្ទាប់ពីមានការខកខានអស់រយៈពេល២ឆ្នាំមកហើយ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។
ករណីនេះ ក្រសួងបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ស្ថាប័នពាក់ព័ន្ធ អង្គភាពសាធារណៈ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងសេវាឯកជនទាំងអស់ បន្តរួចគ្នាអនុវត្តនូវវិធានសុខាភិបាល និងវិធានការចាំបាច់នានា ដើម្បីការពារសុខភាព រួមទាំងការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងប្រារព្ធពិធីបុណ្យនេះ។
វិធានការការពារដែលក្រសួងណែនាំនោះមានដូចជា លើកទឹកចិត្តឱ្យអនុវត្តការធ្វើតេស្តក្នុងករណីសង្ស័យវិជ្ជមានវីរុសកូវីដ-១៩, ត្រូវពាក់ម៉ាស់ រក្សាអនាម័យដៃ និងគម្លាតនៅក្នុងទីវត្តអារ៉ាម, ជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាពដោយកាត់បន្ថយជាអតិបរមានូវការចម្លងជំងឺ និងគ្រោះថ្នាក់ចរាចរណ៍។
ជាមួយគ្នានេះដែរ ក្រសួងក៏ណែនាំនូវវិធានការចាំបាច់ គឺ៣ការពារ(ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព) និង៣កុំ(កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងកុំប៉ះពាល់គ្នា) ដើម្បីរួមចំណែកកាត់ផ្តាច់ការចម្លងវីរុសកូវីដ-១៩ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៥ ៦៨២នាក់ ក្នុងនោះអ្នកជំងឺព្យាបាលជាសះស្បើយចំនួន ១៣១ ៨០៨នាក់ និងអ្នកស្លាប់មានចំនួន ៣ ០៥៤នាក់៕