គណៈកម្មការទន្លេមេគង្គ បានសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយតាមដានកម្រិតទឹកទន្លេមេគង្គទី១ ស្ថិតនៅផ្នែកខាងលើអាងទន្លេមេគង្គក្រោម ដែលជាផ្នែកមួយកាត់បន្ថយភាពងាយរងគ្រោះសម្រាប់ប្រជាជនអាស៊ីអាគ្នេយ៍រាប់លាននាក់ នៅផ្នែកខាងក្រោមទន្លេ ខណៈអាយុជីវិត និងជីវភាពរបស់ពួកគេ ងាយរងឥទ្ធិពលបំផុតពីរំហូរទឹកភ្លាមៗ និងដោយមិនរំពឹងទុក។
សេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មការទន្លេមេគង្គ (ហៅកាត់ថា MRC) នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ស្ថានីយតាមដានថ្មី ក្នុងស្រុកសៀងកុក ស្ថិតនៅព្រំប្រទល់ភាគខាងជើងប្រទេសឡាវ ជាប់នឹងប្រទេសមីយ៉ាន់ម៉ា នឹងជំរុញកិច្ចសហប្រតិបត្តិការដែល MRC ចង់បានជាយូរមកហើយ។ MRC បន្តថា ក្នុងករណីនេះ ប្រទេសមីយ៉ាន់ម៉ា មានឱកាសក្នុងការចូលរួមប្រមូលទិន្នន័យនៃការបញ្ចេញទឹក រួមគ្នាជាមួយនឹងសហការីឡាវ ដែលប្រជាជនរាប់លាននាក់ រស់នៅខាងក្រោមទន្លេ នឹងទទួលបានសម្រាប់ប្រើប្រាស់យ៉ាងឆាប់រហ័ស។
សេចក្តីប្រកាសព័ត៌មានដដែល បន្តថា ទិន្នន័យនេះ នឹងផ្តល់លទ្ធភាពឱ្យពលរដ្ឋទាំងនោះសម្របខ្លួនដោយសមស្រប ដូចជា កសិករដែលគ្រោងនឹងប្រមូលផល ឬអ្នកនេសាទដែលពឹងអាស្រ័យលើទន្លេ សម្រាប់ការនេសាទត្រីជារៀងរាល់ថ្ងៃ។
ក្នុងពិធីសម្ពោធនោះ លោកបណ្ឌិត អានុល័ក នាយកប្រតិបត្តិលេខាធិការដ្ឋាន MRC បានគួរបញ្ជាក់ពីសារៈសំខាន់នៃស្ថានីយថ្មីនេះ ដោយហេតុថា វានឹងកត់ត្រារំហូរទឹកពីផ្នែកខាងលើនៃទន្លេមេគង្គ ដែលនៅប្រទេសចិន (ទន្លេឡាងឆា) ដែលស្ថិតនៅចម្ងាយប្រមាណ ១៣០ គីឡូម៉ែត្រពីស្ថានីយនេះ។
MRC បានស្រង់ប្រសាសន៍របស់លោក អានុល័ក ដាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «នេះជាស្ថានីយតាមដានបែបយុទ្ធសាស្ត្រមួយ។ ប្រសិនបើមានការប្រែប្រួលណាមួយពីការបញ្ចេញទឹក ការបិទច្រកទ្វារ ឬភ្លៀងធ្លាក់ភ្លាមៗ យើងនឹងទទួលបានដំណឹងនេះភ្លាម។ ជាមួយនឹងសមត្ថភាពកាន់តែប្រសើរ យើងអាចផ្តល់ព័ត៌មានច្រើនទៅឱ្យប្រទេសជាសមាជិក និងសហគមន៍តាមមូលដ្ឋាន។ ប៉ុន្តែ វាក៏ទាមទារឱ្យប្រទេសនីមួយៗ ចែករំលែកព័ត៌មានកាន់តែច្រើនពីប្រតិបត្តិការទំនប់ផងដែរ»។
បើតាម MRC ស្ថានីយសៀងកុក ជាស្ថានីយមួយក្នុងចំណោមស្ថានីយតាមដានថ្មីៗជាច្រើន ដែលការសាងសង់ត្រូវបានពន្យារពេលដោយសារជំងឺកូវីដ-១៩ ហើយការពន្យាពេលនេះ បានធ្វើឱ្យការដឹកជញ្ជូនសម្ភារៈ និងគ្រឿងបន្លាស់ចាំបាច់ផ្សេងៗ មានភាពយឺតយ៉ាវ។ ទោះជាយ៉ាងនេះក្តី សព្វថ្ងៃនេះ ស្ថានីយបែបនេះជាច្រើន កំពុងនឹងដំណើរការថ្មី ព្រោះថា ប្រទេសជាសមាជិកទាំងបួន រួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម បានជំរុញធ្វើឱ្យសមត្ថភាពតាមដាន និងព្យាការណ៍តាមតំបន់កាន់តែប្រសើរ។
ជាយូរមកហើយ ជីវិតតាមដងទន្លេមេគង្គក្រោម ងាយរងគ្រោះដោយសាររំហូរទឹក មិនថាដោយសារកត្តាមនុស្ស ឬធម្មជាតិនោះទេ។ ភូមិស្រុកជាច្រើន ត្រូវបានលិចលង់ជាបន្តបន្ទាប់ បង្កឱ្យមានផលវិបាកមហន្តរាយសម្រាប់ក្រុមគ្រួសារដែលរស់នៅទីនោះ។
ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ នៅដំណាក់កាលទី១នៃគម្រោងប្រព័ន្ធអង្កេតតាមដានវដ្តជលសាស្ត្រ (ហៅកាត់ថា HYCOS) គេបានសាងសង់ស្ថានីយចំនួន៤៩ តាមដងទន្លេមេគង្គ និងដៃទន្លេនេះ ដើម្បីធ្វើការវាស់ស្ទង់ជាបន្តបន្ទាប់ពីកម្រិតទឹក និងបរិមាណភ្លៀងធ្លាក់។ ស្ថានីយចំនួន១២ ក្នុងមួយប្រទេស ត្រូវបានស្ថាបនានៅម្ពុជា ឡាវ និងវៀតណាម ខណៈនៅថៃមានស្ថានីយចំនួន១១ និងស្ថានីយ២ទៀតនៅភាគខាងត្បូងប្រទេសចិន។ ទីភ្នាក់ងារអភិវឌ្ឍន៍ប្រទេសបារាំង (AFD) ជាអ្នកផ្តល់មូលនិធិ។
សេចក្តីប្រកាសព័ត៌មានរបស់ MRC បន្តទៀតថា ក្នុងចំណោមស្ថានីយទាំង៤៩នេះ ស្ថានីយចំនួន៤៥ នៅដំណើរការនៅឡើយ ប៉ុន្តែ គេត្រូវការស្ថានីយច្រើនបន្ថែមទៀត។ តាមរយៈគម្រោង HYCOS ការពង្រីក និងការធ្វើបច្ចុប្បន្នភាពស្ថានីយ នឹងទទួលបាននូវស្ថានីយសរុបចំនួន ៥៦ តាមដងទន្លេមេគង្គក្នុងពេលឆាប់ៗនេះ ជាមួយនិងស្ថានីយ១៣បន្ថែមទៀតនៅលើដៃទន្លេមេគង្គ ក្រោមគម្រោងគ្រប់គ្រងគ្រោះរាំងស្ងួតរបស់ប្រទេសជប៉ុន និង២ទៀត ក្រោមគម្រោងសាកល្បងតាមដានបរិស្ថានរួម របស់ MRC ។
កន្លងមក ក្នុងប្រទេសកម្ពុជា MRC បានសាង់សង់បញ្ចប់នូវស្ថានីយថ្មីមួយ និងជួសជុលកែលម្អស្ថានីយមួយ។ ឡាវបានកែលម្អស្ថានីយចំនួនពីរ ដោយមានការសាងសង់នូវស្ថានីយថ្មីចំនួនពីរ រួមទាំងស្ថានីយសៀងកុក។ ដោយសារជំងឺកូវីដ-១៩ បានធូរស្រាល ស្ថានីយដែលទើបនឹងសាងសង់បញ្ចប់ថ្មីៗនេះ ក៏កំពុងដំណើរការដែរក្នុងប្រទេសថៃ និងវៀតណាម។
សព្វថ្ងៃនេះ ស្ថានីយតាមដាននីមួយៗ ត្រូវបានបំពាក់ដោយប្រព័ន្ធ “ទូរមាត្រវិធី” ទំនើបបំផុត ដែលអាចបញ្ជូនទិន្នន័យកម្រិតទឹក និងបរិមាណភ្លៀងធ្លាក់រៀងរាល់ ១៥នាទីម្តង ដោយដំបូង វាបញ្ជូនទៅកាន់មូលដ្ឋានទិន្នន័យកណ្តាលនៅឯលេខាធិការដ្ឋាន MRC និងបន្ទាប់មកបែងចែកទៅកាន់ប្រទេសជាសមាជិក៕