ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ដែលជាប្រភេទ«អូមីក្រុង»មានចំនួន ១៦ករណីបន្ថែមទៀត ប៉ុន្តែមិនមានករណីស្លាប់នោះទេ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីម្សិលមិញ បានរកឃើញមានអ្នកជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួន «អូមីក្រុង»ចំនួន ១៦នាក់។ អ្នកជំងឺដែលរកឃើញឆ្លងថ្មីទាំងនោះ ជាការរកឃើញឆ្លងក្នុងសហគមន៍ទាំងអស់។ ជាមួយគ្នានេះ ក្រសួងបញ្ជាក់ថា មិនមានករណីស្លាប់ថ្មីទេ ខណៈអ្នកជំងឺព្យាបាលជាសះស្បើយថ្មីមានចំនួន ១៨នាក់ផងដែរ។
គិតមកទល់ព្រឹកទី១៧ ខែមេសានេះ កម្ពុជារកឃើញករណីជំងឺកូវីដ-១៩ប្រភេទបំប្លែងខ្លួន «អូមីក្រុង» បានឆ្លងចូលទៅក្នុងសហគមន៍មានចំនួនសរុប ១៤ ២៦៤ករណី។
កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួន «អូមីក្រុង» ជាលើកដំបូង កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ លើស្ត្រីខ្មែរម្នាក់ ដែលធ្វើដំណើរពីប្រទេសហ្គាណា នៃតំបន់អាហ្វ្រិកខាងលិច មកកម្ពុជា។
គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៦ ០៦០នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១៣២ ៧៦៩នាក់ អ្នកស្លាប់ចំនួន៣ ០៥៥នាក់៕