លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា បើសិនជាគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតបានដឹកនាំប្រទេសកម្ពុជាបន្តទៀត ពលរដ្ឋគ្រប់រូបអាចរួមរស់នៅជាមួយគ្នាបានដោយសុខសាន្ត ខណៈថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិដែលត្រូវតុលាការរំលាយបានព្យាយាមចរចាបញ្ចប់ជម្លោះនយោបាយ និងបានវិលចូលមករស់នៅកម្ពុជាវិញ តែត្រូវបានបក្សកាន់អំណាចបដិសេធ។
ក្នុងពិធីដាក់សម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវទៅមន្ត្រីនិងអាជ្ញាធរត្រូវធ្វើយ៉ាងណា ដើម្បីឱ្យប្រជាពលរដ្ឋបានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយសេរី និងគ្មានអំពើហិង្សាកើតឡើង។
លោកបន្តថា បើសិនជាគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតបានដឹកនាំប្រទេសបន្តទៀតនោះ អ្នកណាក៏អាចរស់នៅជាមួយគ្នាបានដែរ។
លោកថា៖ «បងប្អូនប្រជាពលរដ្ឋអាចនឹងយល់បានហើយ អ្វីទៅដែលគួរធ្វើ អ្វីទៅដែលមិនគួរធ្វើ ពេលដែលគណបក្សប្រជាជននៅគ្រប់គ្រងអំណាច បងប្អូនយល់ឃើញយ៉ាងម៉េច រស់នៅបានយ៉ាងម៉េច អីយ៉ាងម៉េច! និយាយតាមមួយបែបខ្លីថា បើសិនជាគណបក្សប្រជាជនឈ្នះដឹកនាំប្រទេស អ្នកណាក៏នៅជាមួយបានដែរ ព្រោះឥលូវជាក់ស្ដែងកំពុងនៅជាមួយចំនួន១៧គណបក្សចូលរួមបោះឆ្នោត មួយចំនួនគាត់មិនចូលរួមបោះឆ្នោតឃុំ-សង្កាត់ទេ គាត់ត្រៀមចូលរួមបោះឆ្នោតថ្នាក់ជាតិវិញ»។
លោក ហ៊ុន សែន ចាត់ទុកការថ្លែងរបស់លោកនាថ្ងៃនេះ មិនមែនជាការឃោសនាទេ ប៉ុន្តែលោកថា គ្រាន់តែជាការបញ្ជាក់ ដើម្បីទប់ស្កាត់កុំឱ្យមានអំពើហិង្សាទាំងការវាយឬការជេរប្រមាថគ្នា ក្នុងដំណើរការបោះឆ្នោតនៅកម្ពុជាតែប៉ុណ្ណោះ។
បន្ថែមពីនេះ លោកក្រើនរម្លឹកទៅអាជ្ញាធរទាំងអស់ត្រូវបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ អំឡុងពេលឃោសនាបោះឆ្នោត ដោយគណបក្សទាំងអស់មានសិទ្ធិដូចៗគ្នា ដើម្បីជាការបង្ហាញពីបរិយាកាសនយោបាយអព្យាក្រឹត្យ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ចាត់ទុកការលើកឡើងរបស់លោក ហ៊ុន សែន ថាមិនស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ គ.ជ.ប នោះទេ។
លោកថា៖ «សូមជម្រាបថា នេះគឺជាសម្ដីរបស់នាយករដ្ឋមន្ត្រី ក្នុងនាមជាអ្នកគ្រប់គ្រងប្រទេស មិនស្ថិតក្នុងអំឡុងពេលឃោសនាដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវធ្វើតាមដានកំណត់នោះទេ។ ការទទួលខុសត្រូវនិងដែនសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺសម្រាប់ថ្ងៃទី២១ រហូតដល់ថ្ងៃទី៣ អំឡុងពេលនៃការឃោសនាបោះឆ្នោត ទើបជាដែនសមត្ថកិច្ចគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការពិនិត្យពិចារណាលើការងារឃោសនាបោះឆ្នោត»។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ (និចហ្វិក) លោក សំ គន្ធាមី ចាត់ទុកការលើកឡើងរបស់ គ.ជ.ប មិនមែនជារឿងថ្មីនោះទេ ដោយសារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបច្ចុប្បន្នមានតែមកពីគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។
លោកបន្តថា បើតាមការសម្រេចរបស់ គ.ជ.ប មិនអនុញ្ញាតឱ្យមន្ត្រីរាជការឆ្លៀតឱកាសយកម៉ោងរដ្ឋបាលមកឃោសនាគណបក្សរបស់ខ្លួនខុសពីសេចក្ដីសម្រេចនោះឡើយ។
លោកថា៖ «គ.ជ.ប គាត់ថាផុតដែនសមត្ថកិច្ចគាត់! គាត់និយាយតែអ៊ីចឹង កាលណាគាត់អត់ចាត់វិធានការ ថាមិនមែនដែនសមត្ថកិច្ចគាត់ទេ ព្រោះអីអត់ទាន់ដល់ពេលឃោសនាផង។ តាមពិតអាហ្នឹងមិនទាន់ឃោសនា ក៏ច្បាប់គេមានដែរ ច្បាប់លក្ខន្តិកៈមន្ត្រីរាជការ ស៊ីវិល កងកម្លាំងប្រដាប់អាវុធស្អីៗហ្នឹង គេតម្រូវមិនឱ្យពាក់ព័ន្ធនឹងនយោបាយ ឃោសនាហ្នឹង»។
កាលពីឆ្នាំ២០១៩ ថ្នាក់ដឹកនាំរបស់គណបក្សសង្រ្គោះជាតិមួយក្រុមរស់នៅក្រៅប្រទេស ដែលមានលោក សម រង្ស៊ី នាំមុខនោះ បានព្យាយាមកៀរគរកម្លាំងដើម្បីវិលចូលកម្ពុជាវិញ ប៉ុន្តែត្រូវបានបរាជ័យ ក្រោយពេលរដ្ឋាភិបាលដាក់កម្លាំងស្ទើរគ្រប់ច្រក ទាំងច្រកព្រំដែនគោក ទឹក និងអាកាស ដើម្បីហាមឃាត់ពួកគេពេលនោះ។
ក្រោយបរាជ័យក្នុងដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី រួចមក គណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ ក្រុមអ្នកនៅក្រៅប្រទេសដដែលនោះ នៅខែធ្នូ ឆ្នាំ២០២០ បានប្រកាសវិលចូលស្រុកជាថ្មីទៀតនៅដើមខែមករា ឆ្នាំ២០២១ ដែលដឹកនាំដោយអនុប្រធានគណបក្សមួយនេះ គឺលោកស្រី មូរ សុខហួរ។ ប៉ុន្តែគម្រោងវិលចូលកម្ពុជាដើម្បីចរចាជាមួយគណបក្សកាន់អំណាចរបស់ក្រុមអ្នកស្រី មូរ សុខហួរ ត្រូវបានបរាជ័យជាថ្មីទៀតផងដែរ ស្របពេលប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ធ្លាប់ប្រកាសហើយថា គ្មានអ្វីត្រូវចរចាជាមួយគ្នាទៀតនោះឡើយ។
អនុប្រធានបណ្ដោះអាសន្នគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន យល់ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ជាការពិត ប៉ុន្តែការរស់នៅនោះមិនស្មើភាពនិងគ្មានយុត្តិធម៌ឡើយ ដោយសារបច្ចុប្បន្ន សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋត្រូវបានរឹតត្បិតនិងកំពុងរងភាពអយុត្តិធម៌ ដោយការរំលោភដីធ្លី ជាដើម។ ចំណែកគណបក្សនយោបាយក្រុមប្រឆាំងវិញ មកដល់សព្វថ្ងៃនេះ នៅតែរងការធ្វើទុក្ខបុកម្នេញដដែល។
លោកថា៖ «រឿងឈ្នះនិងចាញ់ជារឿងធម្មតាទេ ប៉ុនឈ្នះដោយការធ្វើទុក្ខបុកម្នេញ ឈ្នះដោយភាពអយុត្តិធម៌ អាហ្នឹងមិនអាចធ្វើឱ្យមនុស្សមានសេចក្ដីសុខបាន រួមរស់ជាមួយគ្នាដោយសុខដុមរមនាបានទេ។ ដូច្នេះ អ្វីគួរគិត គួរតែកែប្រែ អ្វីដែលកន្លងហើយ ឱ្យវាផុតទៅ ប៉ុន្តែកែប្រែសម្រាប់អនាគតកូនចៅជំនាន់ក្រោយៗ តើគ្នារស់នៅដោយសុខដុមរមនា ឬរស់នៅដោយប្រឆាំងតទល់គ្នារវាងខ្មែរនឹងខ្មែរតទៀត»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បង្ហាញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ មានគណបក្សនយោបាយចំនួន១៧គណបក្ស បានចុះបញ្ជី ដើម្បីចូលរួមប្រកូតប្រជែងនៅខែមិថុនា ខាងមុខនេះ។
ក្នុងចំណោមគណបក្សនយោបាយទាំងនោះ មានតែ៤គណបក្សនយោបាយដែលបានដាក់បេក្ខភាពបានច្រើនជាងគេនៅទូទាំង២៥រាជធានី-ខេត្ត។ គណបក្សទាំង៤នោះ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ ប៉ុន្តែគណបក្សដែលដាក់បេក្ខជនបានច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីគណបក្សកាន់អំណាច គឺគណបក្សភ្លើងទៀន ដែលមាន១ ៦២៣ឃុំ-សង្កាត់ ក្នុងចំណោមឃុំសង្កាត់សរុបចំនួន១៦ ៥៤ឃុំ-សង្កាត់៕