សកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគារក្នុងសំណុំរឿង «ញុះញង់ និងរួមគំនិតក្បត់» បានទទូចទៅចៅក្រមឱ្យផ្ដល់យុត្តិធម៌ដល់ខ្លួន ដោយថា ពួកគេជាជនរងគ្រោះនៃសង្គ្រាមនយោបាយរវាងលោក សម រង្ស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការស្នើនេះ អំឡុងពេលប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានឱ្យតំណាងអយ្យការ និងក្រុមមេធាវីការពារ រួមទាំងសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ធ្វើសេចក្ដីសន្និដ្ឋាន និងសំណូមពរចុងក្រោយ បន្ទាប់ពីសវនាការសួរដេញដោលលើសំណុំរឿង «ញុះញង់ និងរួមគំនិតក្បត់» ត្រូវបានបិទបញ្ចប់។
ឈរនៅរង្វង់ក្រចកសេះក្នុងសម្លៀកបំពាក់ពណ៌ស្លាទុំ សកម្មជនបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ លោក ទុំ ប៊ុនថត បានរៀបរាប់ថា កន្លងមក ពួកគាត់លះបង់ ដើម្បីប្រទេសជាតិ មិនមែនរួមគ្នាក្បត់ជាតិឡើយ។ លោកបន្តថា ពួកគាត់បានជាប់ពន្ធនាគាររយៈពេលប្រមាណ២ឆ្នាំមកហើយ ដោយបានព្រាត់ប្រាសគ្រួសារ ព្រោះសង្គ្រាមនយោបាយរវាងលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ទុំ ប៊ុនថត ស្នើទៅចៅក្រមផ្ដល់យុត្តិធម៌ ដោយទម្លាក់ចោលបទចោទប្រកាន់និងដោះលែងឱ្យពួកគេមានសេរីភាពវិញ ដើម្បីឱ្យពួកគេបានជួបជុំគ្រួសារឡើងវិញ។
លោកថា៖ «ពួកខ្ញុំជាប់គុកដោយសារជម្លោះរវាងលោក សម រង្ស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ខ្ញុំស្នើឱ្យបញ្ចប់សង្គ្រាមនយោបាយនេះទៅ បញ្ចប់ទង្វើដែលធ្វើឱ្យប្រជាពលរដ្ឋឈឺចាប់។ ហើយបើមិនបញ្ចប់ការធ្វើឱ្យពលរដ្ឋឈឺចាប់ទេ វាអាចនឹងធ្វើឱ្យប្រជាពលរដ្ឋរើបម្រាសហើយ។ បង្កើតវប្បធម៌សន្ទនា ខ្ញុំនឹងបានទៅផ្ទះវិញ។ [ការសវនាការ] វេទិកានេះ គ្រាន់តែឆាកលោ្ខនមួយទេ»។
ចំណែកសកម្មជនបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារដែរ លោក ហេង ច័ន្ទសុធី បានលើកឡើងដែរថា រូបលោកមិនដែលមានបំណងក្បត់ប្រជាពលរដ្ឋ និងប្រទេសជាតិឡើយ។
លោកស្នើថា៖ «ខ្ញុំសំណូមពរកាត់ទោសឱ្យទៅតាមអ្វីដែលលោកធ្វើសច្ចាប្រណិធានឡើងកាន់តំណែង»។
ដោយឡែក លោក កាក់ កុម្ភារ សកម្មជនបក្សសង្គ្រោះជាតិដែលត្រូវតុលាការកំពូលរលាយ លើកឡើងថា តាំងពីដំណើរការសវនាការដំបូងរហូតដល់បញ្ចប់នាថ្ងៃនេះ គឺសំណុំរឿងនេះមានជាប់ពាក់ព័ន្ធនឹងឈ្មោះ រតនា មីនី ដែលបានចោទរូបលោកថាដឹកនាំកម្លាំងទៅទទួលលោក សម រង្ស៊ី ដែលមានគម្រោងមកកម្ពុជា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈលោកមិនដែលស្គាល់ឈ្មោះនេះឡើយ។ លោកបានស្នើតុលាការឱ្យទម្លាក់ចោលបទចោទប្រកាន់ទៅលើរូបលោក ដោយថា ខ្លួនមិនបានប្រព្រឹត្តបទល្មើស «ញុះញង់ និងរួមគំនិតក្បត់» នោះទេ។
លោកថា៖ «សួរថាតើ រតនា មីនី ជានរណា? […] ជាគេញរបស់គណបក្សប្រជាជនកម្ពុជា ហើយទម្លាក់កំហុសលើរូបខ្ញុំ។ ខ្ញុំអត់បានប្រព្រឹត្តបទល្មើសទេ។ ខ្ញុំស្នើឱ្យចៅក្រមវែកមុខអ្នកចោទប្រកាន់។ ដោយគ្មានភស្តុតាងអ្វីសោះ ដាក់គុកខ្ញុំលេងទាំងអយុត្តិធម៌ណាស់»។
ខណៈអ្នកស្រី យស នាង សកម្មជនគណបក្សសង្គ្រោះជាតិដែលតុលាការកំពូលរំលាយ ហើយរូបគាត់ទើបត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ក៏បានស្នើទៅចៅក្រមអនុញ្ញាតឱ្យគាត់បាននៅក្រៅឃុំបណ្ដោះអាសន្ន ដោយថា បច្ចុប្បន្នគាត់កំពុងមានជំងឺផងដែរ។
ទោះបីជាមានសំណូមពរបែបនេះ ប៉ុន្តែតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឱ្យរក្សាបទចោទប្រកាន់លើថ្នាក់ដឹកនាំនិងសកម្មជនបក្សប្រឆាំងទាំង៦១រូបដដែល ដោយថា អ្នកទាំងនេះបានចូលរួមចែកចាយសារលោក សម រង្ស៊ី លើបណ្ដាញសង្គមហ្វេសប៊ុក។
លោកចាត់ទុកការចែករំលែកសារលោក សម រង្ស៊ី ធ្វើឡើងក្នុងគោលបំណងកៀរគរកម្លាំងឱ្យចូលរួមផ្ដួលរំលំរដ្ឋាភិបាល តាមរយៈការបំផុសឱ្យប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាល។
ប៉ុន្តែក្រុមមេធាវីការពារក្ដីឱ្យសកម្មជនបក្សប្រឆាំង អះអាងថា ចាប់តាំងពីថ្ងៃដំណើរការសវនាការរហូតមកដល់ថ្ងៃបញ្ចប់សវនាការនេះ តំណាងអយ្យការគ្មានភស្តុតាងជាឯកសារ និងវីដេអូផ្សេងៗមកដាក់បន្ទុកលើកូនក្ដីរបស់ពួកគាត់ ថាមានទំនាក់ទំនងជាមួយថ្នាក់ដឹកនាំបក្សប្រឆាំងនៅខាងក្រៅប្រទេសឡើយ ក្រៅតែពីយកសារនិងបទសម្ភាសរបស់លោក សម រង្ស៊ី រួមទាំងសម្ដីលោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ដែលធ្វើបទសម្ភាស មកចោទលើកូនក្ដីរបស់ខ្លួន។
ចំណែកកញ្ញា សេង ធារី អ្នកជំនាញផ្នែកច្បាប់ និងវិទ្យាសាស្ត្រនយោបាយ ដែលជាប់ចោទក្នុងសំណុំរឿង «ញុះញង់ និងរួមគំនិតក្បត់» នេះដែរ បានសម្រេចចិត្តមិនចូលក្នុងបន្ទប់សវនាការ ដើម្បីធ្វើសំណូមពរឡើយ ប៉ុន្តែកញ្ញាបានឱ្យមេធាវីរបស់កញ្ញា គឺលោក ជូង ជូងី ចូលធ្វើសេចក្ដីសន្និដ្ឋាន។
យ៉ាងណាក៏ដោយ សំណុំរឿង «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងរួមគំនិតក្បត់» ដែលមានជនជាប់ចោទចំនួន៦១រូបនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក រស់ ពិសិដ្ឋ បានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២៕