ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នឹងត្រូវទទួលការព្យាបាលជំងឺមហារីក ដោយរូបលោកក៏នឹងត្រូវប្រគល់អំណាចគ្រប់គ្រងប្រទេសជាបណ្ដោះអាសន្នទៅឱ្យអតីតប្រធានប៉ូលិសសហព័ន្ធមួយរូបផងដែរ។ នេះបើតាមសារព័ត៌មាន New York Post ដែលបានស្រង់ការលើកឡើងចេញពីគណនីមួយនៃប្រព័ន្ធតេឡេក្រាម (Telegram)។
ប្រភពដដែលបានបន្តថា ការគ្រប់គ្រងរដ្ឋាភិបាលរបស់ប្រទេសរុស្ស៊ី នឹងត្រូវផ្ទេរទៅកាន់លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Nikolai Patrushev។
ទោះជាយ៉ាងណា ការផ្ទេរអំណាចនេះនឹងត្រូវធ្វើឡើងសម្រាប់រយៈពេលខ្លីតែប៉ុណ្ណោះ ពោលគឺស្ថិតនៅក្នុងអំឡុងពេលដែលលោក ពូទីន ព្យាបាលជំងឺ។ នេះបើយោងតាមការបង្ហោះដោយគណនីមួយនៃប្រព័ន្ធតេឡេក្រាម (Telegram) ដែលដាក់ឈ្មោះថា General SVR។
គណនីដែលត្រូវបានដឹងថាគ្រប់គ្រងដោយអតីតឧត្ដមសេនីយ៍ឯកមួយរូបផ្នែកចារកម្មរបស់ក្រសួងការបរទេសរុស្ស៊ី បានរាយការណ៍ថា លោក ពូទីន ត្រូវតែទទួលការវះកាត់ជាចាំបាច់ដែលណែនាំដោយវេជ្ជបណ្ឌិត។
គួរបញ្ជាក់ថា សំណួរទាក់ទងនឹងសុខភាពរបស់លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន ត្រូវបានចោទសួរជាច្រើនក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ជាពិសេសបន្ទាប់ពីរូបលោកត្រូវបានគេសង្កេតឃើញថាមានសភាពទ្រុឌទ្រោម ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិ លោក Sergei Shoigu កាលពីខែមុន។
គិតរហូតមកដល់ពេលនេះ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកំពុងតែឈានចូលមកដល់សប្ដាហ៍ទី១០ហើយ ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់បាត់បង់ជីវិត តំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង ខណៈមនុស្សរាប់លាននាក់ក៏បានភៀសខ្លួនចេញពីប្រទេសផងដែរ។
ទោះជាយ៉ាងណា រុស្ស៊ីធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា សកម្មភាពរបស់ខ្លួននេះគឺជាការអនុវត្ត «ប្រតិបត្តិការយោធាពិសេសមួយ» ដើម្បីបញ្ឈប់រដ្ឋាភិបាលអ៊ុយក្រែនពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់ខ្លួន ខណៈដែលការចោទប្រកាន់នេះ ត្រូវបានបណ្ដាប្រទេសជាច្រើននៅលើពិភពលោក ចាត់ទុកថាជាការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់៕