ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងជិត ១៥% ឬស្មើនឹងចំនួនជិត ៣ម៉ឺនតោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី៧ ខែឧសភា ថា ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២២ ពោលគឺចាប់ពីខែមករា ដល់ខែមេសានេះ មានក្រុមហ៊ុនចំនួន៤៨ បាននាំចេញអង្ករកម្ពុជា ទៅកាន់គោលដៅចំនួន៥៤ រួមមាន នាំចេញទៅកាន់ប្រទេសចិននិងតំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ១១៥ ២៥៥ តោន ឬស្មើនឹង ៥២,១២%នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់មានចំនួន ៦២.៧៤ លានដុល្លារសហរដ្ឋអាមេរិក។
ដោយឡែក ការនាំចេញអង្ករទៅតំបន់អឺរ៉ុប មានបរិមាណសរុបចំនួន ៦៨ ៥៥៥ តោន ឬស្មើនឹង ៣១% គិតជាទឹកប្រាក់មានចំនួន ៥១.០២ លានដុល្លារអាមេរិក ការនាំចេញទៅកាន់តំបន់សមាជិកអាស៊ានមានចំនួន ២១ ៨៧៦ តោន ឬស្មើនឹង ៩,៨៩ % គិតជាទឹកប្រាក់មានចំនួន ១៣.៩០លានដុល្លារសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗ ក្រៅពីតំបន់ខាងលើបានចំនួន ១៥ ៤៥២ តោន ឬស្មើនឹង ៦,៩៩% គិតជាទឹកប្រាក់មានចំនួន ១១.៧៤ លានដុល្លារសហរដ្ឋអាមេរិក។
បរិមាណនៃការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៤ខែនេះបង្ហាញថា មានការកើនឡើងចំនួន ១៤,៨៨% ឬស្មើនឹងចំនួន ២៨ ៦៤៣ តោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
ប្រភេទអង្ករក្រអូបគ្រប់ប្រភេទ មានបរិមាណចំនួន ៦៧,១២% អង្ករស ចំនួន ៣០,១៣% អង្ករចំហុយចំនួន ១,០៧% និងអង្ករសរីរាង្គចំនួន ១,៦៨% ។
ប្រភពដដែលបញ្ជាក់ថា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២នេះ កម្ពុជាបានសម្រេចការនាំចេញអង្ករបានសរុប ចំនួន ២២១ ១៣៨ តោន និងនាំចេញស្រូវបានចំនួន ១ ៦៤៨ ៤៧៤ តោន ដែលគិតជាទឹកប្រាក់សរុបមានចំនួន ៥១៦.២១លានដុល្លារសហរដ្ឋអាមេរិក ៕