រដ្ឋសភា​បោះឆ្នោត​ឱ្យ​លោក កែប ជុតិមា ជាប់​ជា​ប្រធាន​គណៈកម្មការ​ទី៤ ជំនួស​តំណែង​លោក ហ៊ុន ណេង

លោក កែប ជុតមា ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ National Assembly Of Cambodia)

​អតីតអភិបាលរាជធានីភ្នំពេញ និងខេត្តតាកែវ លោក កែប ជុតិមា ត្រូវបាន​រដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មការទី៤ ជំនួសតំណែងលោក ហ៊ុន ណេង ដែលទទួលមរណភាពកាលពីថ្ងៃទី៥ ខែឧសភា។

ការបោះឆ្នោតឱ្យលោក កែប ជុតិមា ជាប់ជាប្រធានគណៈកម្មការទី៤ ដែលជាគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនេះ បានធ្វើឡើងក្នុងសម័យប្រជុំ នៅព្រឹកថ្ងៃទី១១ ខែឧសភា​ ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភាចំនួន១០៦រូប ក្រោមអធិបតីភាពប្រធានរដ្ឋសភាលោក ហេង សំរិន។

សេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា នៅថ្ងៃពុធនេះ បានឱ្យដឹងថា លោក កែប ជុតិមា ដែលជាអនុប្រធានគណៈកម្មការទី៩ ឬ គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​នៃរដ្ឋសភា ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មការទី៤ ​ជំនួសតំណែងលោក ហ៊ុន ណេង។

ការបោះឆ្នោតជ្រើសរើសនេះ ធ្វើឡើងក្រោយពេលគណបក្សប្រជាជនកម្ពុជាបានស្នើ​​លោក កែប ជុតិមា ដែលជាសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សកាន់អំណាច ជាបេក្ខជនប្រធានគណៈកម្មការទី៤ ដើម្បីឱ្យរដ្ឋសភាបោះឆ្នោតគាំទ្រសម្រាប់ជំនួសតំណែងលោក ហ៊ុន ណេង។

ប្រភពដដែលបន្តថា រដ្ឋសភាក៏បានសម្រេចបោះឆ្នោតឱ្យលោក ពេជ្រ គឹមស៊្រាង ​ជាអនុប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ជំនួសតំណែងលោក កែប ជុតិមា។ បន្ថែមពីនេះ រដ្ឋសភាក៏បានផ្តល់សុពលភាពទៅលោក ស្លេះ ពុនយ៉ាម៉ីន ក្នុងអាណត្តិជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំនួសលោក ហ៊ុន ណេង ​​ផងដែរ។

ដោយឡែក ​រដ្ឋសភាក៏បោះឆ្នោតជ្រើសតាំងលោក ខឹម ច័ន្ទគិរី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា។

អតីតអភិបាលខេត្តកំពង់ចាម និងជាបងប្រុសបង្កើតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក​ ហ៊ុន ណេង បាន​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០១៣ និង​បាន​​ជាប់ឆ្នោត​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម។ លោក​​ត្រូវ​បាន​ជ្រើសតាំង​ជា​សមាជិក​គណៈក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារសាធារណៈនៃរដ្ឋ​សភា​ជាតិ ​រហូត​មកដល់លោកទទួលមរណភាពដោយជំងឺគាំងបេះដូង កាលពីថ្ងៃទី៥ ខែឧសភា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ