ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ថ្កោលទោស​ស្ត្រីម្នាក់​ប្រើ​ហិង្សា​លើ​កុមារី​បម្រើ​តាមផ្ទះ​អាយុ​៥ឆ្នាំ

ក្មេងស្រីរងគ្រោះអាយុ៥ឆ្នាំ ដែលរងអំពើហិង្សាអំឡុងពេលបម្រើការងារនៅផ្ទះរបស់ស្រីម្នាក់ ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។ (ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

ក្រុមប្រឹក្សា​ជាតិកម្ពុជាដើម្បីកុមារ​ ថ្កោលទោសចំពោះករណី​​ស្ត្រីម្នាក់​បាន​ប្រើអំពើ​ហិង្សាយ៉ាង​ឃោរ​ឃៅ និង​អមនុស្ស​ធម៌ ទៅ​លើកុមារីបម្រើតាមផ្ទះ​ដែលមាន​អាយុទើប​៥ឆ្នាំ ដោយ​​ស្ថាប័ន​មួយនេះ​ ចាត់​ទុកទង្វើនេះថា​ជាការ​រំលោភ​បំពានយ៉ាងធ្ងន់ធ្ងរ​ទៅលើសិទ្ធិកុមារ​។

សេចក្តីថ្លែងការណ៍របស់​ក្រុមប្រឹក្សា​កម្ពុជាដើម្បីកុមារ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បាន​លើកឡើងថា ស្ថាប័ននេះមិនអាចទទួលយកបានដាច់ខាត​ចំពោះការប្រព្រឹត្តអំពើហិង្សា​ដោយ​ចេតនា យ៉ាងឃោរឃៅ ព្រៃផ្សៃ អមនុស្សធម៌ ដែល​បង្កឡើង​ដោយស្ត្រីម្នាក់​ឈ្មោះ ចាន់ ធីតា អាយុ៣៧ឆ្នាំ (មុខរបរលក់កាហ្វេ) ស្នាក់នៅសង្កាត់ផ្សារ​ដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទៅលើ​កុមារី​ឈ្មោះ កេង ស្រីកា អាយុ៥ឆ្នាំ ជាកុមារបម្រើតាមផ្ទះ (មើលក្មេងអាយុ​២ឆ្នាំ) កាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍បន្តថា៖ «គណៈកម្មការ​ការពារ​កុមារ​ថ្នាក់ជាតិ នៃ​ក្រុមប្រឹក្សា​ជាតិកម្ពុជា​ដើម្បី​កុមារ ក៏ដូចជាសាធារណជនទូទៅ ពិតជាមានក្តីរន្ធត់ តក់ស្លុត​ឥតឧបមា​ និងមានការ​អាណិត​អាសូរក្រៃលែង​ចំពោះកុមារីដ៏កំសត់នេះ ដែលទទួលរងគ្រោះដោយអំពើ​ហិង្សា​យ៉ាង​ព្រៃផ្សៃ អមនុស្សធម៌ ហើយ​យល់ឃើញថា អំពើនេះបានរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិ​កុមារ ពិសេស​សិទ្ធិទទួលបាន​នូវកិច្ចការពារដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន និង​មានចែង​ក្នុងរដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា»។

បើតាមក្រុមប្រឹក្សា​ជាតិកម្ពុជាដើម្បីកុមារ ពាក់ព័ន្ធនឹងករណីហិង្សានេះ សមត្ថកិច្ចខណ្ឌទួលគោកបាន​​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យរួចហើយ​​​​ ដើម្បីបន្តនីតិវិធីតាម​ផ្លូវច្បាប់។

តែយ៉ាងណា​ ក្រុមប្រឹក្សា​ជាតិកម្ពុជាដើម្បីកុមារ នៅតែ​អំពាវនាវ​និងទទូចដល់សមត្ថកិច្ច អាជ្ញាធរ​ពាក់​ព័ន្ធ ជាពិសេស​ស្ថាប័នតុលាការ​ ចាត់វិធានការ​តាមនីតិវិធីច្បាប់ ដោយដាក់ទោស​យ៉ាងតឹងរ៉ឹងចំពោះ​ជន​សង្ស័យ ដើម្បីកុំឱ្យអំពើដ៏អាក្រក់នេះកើតមានក្នុងសង្គមជាតិបន្តទៀត។

អធិការ​ដ្ឋាននគរបាលខណ្ឌទួលគោក​ បានលើកឡើងក្នុងបណ្តាញសង្គមហ្វេស​ប៊ុករបស់ខ្លួននៅ​ថ្ងៃនេះ​ថា កាលពីយប់​ថ្ងៃម្សិលមិញ សមត្ថកិច្ចបានឃាត់ខ្លួន​ជន​សង្ស័យ​ជាស្ត្រីដែលប្រើប្រាស់ហិង្សាទៅ​លើកុមារីអាយុ៥ឆ្នាំ​នោះ​ហើយ ពី​បទ «ទារុណកម្ម និងអំពើឃោរឃៅ» (ប្រើដៃវាយលើផ្ទៃមុខ និងប្រើដែកទំពួកសម្រាប់​ព្យួរខោអាវ វាយ​ទៅ​លើក្មេងស្រីរងគ្រោះ បណ្ដាលឱ្យ​​របួស​ធ្ងន់​​ធ្ងរ)។

អធិ​ការ​ដ្ឋាន​នគរបាល​ខណ្ឌ បន្តថា បច្ចុប្បន្ន សមត្ថកិច្ច​បាន​ប្រគល់​ក្មេង​ស្រី​រង​គ្រោះ ជូន​មន្ទីរសង្គម​កិច្ច​ អតីតយុទ្ធជន និង​យុវនីតិ​សម្បទា​ រាជ​ធានី​ភ្នំពេញ ហើយ​​មន្ទីរសង្គមកិច្ច ក៏​បាន​បញ្ជូន​ក្មេង​ស្រី​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យបង្អែក​រាជធានីភ្នំពេញ ក្រោមការថែទាំ​ជាបណ្ដោះ​អាសន្ន​របស់​អង្គការមិត្តសំឡាញ់។

ចំណែកឯជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់​អធិការដ្ឋាននគរបាល​ខណ្ឌទួល​គោក ដើម្បី​ធ្វើការ​សាក​សួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ