សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គ្រោងហែធម្មយាត្រាដើម្បីជំរុញការលើកកម្ពស់សីលធម៌សង្គម

ប្រធាន​សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នក​ស្រី អ៊ុក ឆា​យ៉ាវី ផ្តល់សម្ភាសជាមួយ វីអូឌី ក្នុងឱកាស «ទិវាគ្រូបង្រៀនពិភពលោក» ​នៅ​ទីលានប្រជាធិបតេយ្យ​ ដើម្បីទាមទារឱ្យរដ្ឋាភិបាលលើកកម្ពស់លក្ខខណ្ឌការងារគ្រូបង្រៀនឱ្យប្រសើរ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គ្រោងហែធម្មយាត្រាពីរាជធានីភ្នំពេញ ទៅកាន់ខេត្តចំនួន៤ នៅដើមខែកុម្ភៈ​ ដើម្បី «លើកកម្ពស់សីលធម៌សង្គម» ក្រោយកត់សម្គាល់ថា សីលធម៌សង្គមមានការធ្លាក់ចុះ ដោយមានការប្រើប្រាស់ពាក្យសម្ដីអសុរោះជាហូរហែ ខណៈអំពើហិង្សា ក្មេងទំនើង ការកាប់សម្លាប់ ជាដើម បានកើតឡើងច្រើនគួរឱ្យបារម្ភ។ 

គម្រោងហែធម្មយាត្រានេះត្រូវបានផ្សព្វផ្សាយតាមរយៈលិខិតជូនដំណឹងរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលជូនទៅឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃទី១៧ ខែមករា ​ថាការហែធម្មយាត្រានេះ គឺចង់ដឹកនាំសកម្មភាពដោយអហិង្សា ជំរុញឱ្យជនគ្រប់រូបចូលរួមលើកកម្ពស់សីលធម៌សង្គម ដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពសីលធម៌របស់ជនតូចតាច ឬអ្នកមានអំណាចមួយចំនួន កាន់តែអាក្រក់ទៅ ដែលធ្វើឱ្យសង្គមស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់។

អ្នកស្រីបន្តថា មនុស្សគ្រប់វណ្ណៈ និងអ្នកប្រើប្រាស់បណ្តាញសង្គមសព្វថ្ងៃ បានប្រើប្រាស់ពាក្យសម្តីអសុរោះជាហូរហែ ខណៈអំពើហិង្សា ក្មេងទំនើង ការកាប់សម្លាប់ ជាដើម បានកើតឡើងច្រើនគួរឱ្យកត់សម្គាល់។ បញ្ហានេះបានធ្វើឱ្យសីលធម៌សង្គមធ្លាក់ចុះយ៉ាងខ្លាំង ដែលទាមទារឱ្យលើកកម្ពស់ឡើងវិញ។

អ្នកស្រី អ៊ុក ឆាយ៉ាវី ថា៖ «បើយើងមើលតាមបណ្តាញសង្គមសព្វថ្ងៃនេះ យើងឃើញហើយថា ទាំងទង្វើមនុស្សតូច មនុស្សធំ ពេលខ្លះយើងអត់អាចទទួលយកបានទេ។ ប្រើភាសាអសុរោះហើយឃើញតែវាយតប់ សម្លាប់អត់ត្រាប្រណី ក្នុងមួយថ្ងៃៗឃើញតែស្លាប់ ឃើញតែការវាយតប់គ្នា។ ដូចយើងឃើញហើយ មានក្មេងទំនើងជិះម៉ូតូដេញកាប់គ្នា មិនថាឡើយកាប់តាមផ្លូវសាធារណៈទេ សូម្បីតែក្នុងពេទ្យក៏ចូលកាប់ ក្នុងផ្ទះក៏ចូលកាប់ នេះហើយបានថាសីលធម៌ខ្មែរបានធ្លាក់ចុះ»

សម្រាប់អ្នកស្រី អ៊ុក ឆាយ៉ាវី សីលធម៌សង្គមធ្លាក់ចុះ គឺបណ្តាលមកពីប្រព័ន្ធអប់រំធ្លាក់ចុះ ខណៈមនុស្សជំនាន់ក្រោយបានមើលឃើញនិងចាប់យកទង្វើអាក្រក់របស់មនុស្សចាស់។

អ្នកស្រីបន្តថា៖ «ផ្តោតទៅរួម ដោយសារតែប្រព័ន្ធអប់រំធ្លាក់ចុះហើយបានសីលធម៌ធ្លាក់ចុះ។ បើសិនជាការអប់រំរីកចម្រើនខ្ពង់ខ្ពស់ បានន័យថា យុវសិស្ស ក៏ដូចជាពលរដ្ឋទាំងអស់ហ្នឹង គឺគាត់មានសីលធម៌ហើយ។ សីលធម៌មួយម៉ាត់ គឺដោយសារតែការអប់រំ! អ៊ីចឹងការអប់រំធ្លាក់ចុះ អ៊ីចឹងពួកគាត់មើលឃើញមនុស្សចាស់ដែលធ្វើទង្វើ ឬក៏រាមច្បងគាត់ប្រព្រឹត្តនូវការខុសឆ្គង អ៊ីចឹងពួកគាត់ជាក្រដាសស ងាយនឹងចាប់យកពណ៌ណាកង្វក់ហ្នឹងណាស់»។

បើតាមសង្គមស៊ីវិលរូបនេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដាក់លិខិតជូនដំណឹងទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៦ ខែមករា ​ខណៈមន្ត្រីក្រសួងបានទទួលលិខិតនោះហើយ។ យ៉ាងណា សមាគមកំពុងរង់ចាំការឆ្លើយតបជាផ្លូវការពីក្រសួង។ 

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ក្នុងនាមលោកជានាយកខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកមិនទាន់បានឃើញលិខិតរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅឡើយ ហើយលោកមិនទាន់អាចបញ្ជាក់បានទេ ថាតើក្រសួងនឹងសម្រេចយ៉ាងណានោះ​។

មន្ត្រីរដ្ឋាភិបាលរូបនេះថា សម្រាប់ទស្សនៈផ្ទាល់ខ្លួនរបស់លោក ការហែធម្មយាត្រាដើម្បីលើកកម្ពស់សីលធម៌សង្គមនេះ នឹងមិនបានផលអ្វីនោះឡើយ។

បែបនេះក្តី លោក ខៀវ សុភ័គ ចោទជាសំណួរថា តើសមាគមនេះបានអ្វីវាស់ជាគោលថាសីលធម៌សង្គមមានការធ្លាក់ចុះនោះ?

លោក ខៀវ សុភ័គ ថា«ផ្ទាល់ខ្លួនខ្ញុំទេណា! ខ្ញុំគិតថាដូចជាមិនបានផល មិនបានផល! បើហែ! ធ្លាក់ចុះ[ដូចដែលបាន]លើកឡើង យើងអាងទៅលើស្អី? យើងបានអីជាគោល? យកខ្នាតអី? ធម្មតាយើងនិយាយអី ឱ្យវាមានហេតុផល។ ធ្លាក់ចុះ! គេយកម៉ែត្រអីទៅវាស់ថាវាធ្លាក់ចុះ? ហើយគេយកម៉ែត្រអីទៅវាស់ថាសីលធម៌វាឡើង?»

បើតាមគម្រោង សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នឹងហែធម្មយាត្រានៅព្រឹកថ្ងៃទី​១ ខែកុម្ភៈ ចេញពីរូបសំណាក់លោកយាយពេញ រាជធានីភ្នំពេញ ហើយនឹងបញ្ចប់នៅរមណីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ៉ា ឃ្លាំង មឿង ក្នុងខេត្តពោធិ៍សាត់ ដើម្បីរំឭកដល់វីរភាពរបស់លោក ដែលបានពលីជីវិតដើម្បីជាតិ។ កម្មវិធីធម្មយាត្រានេះនឹងមានអ្នកចូលរួមយ៉ាងតិច ៥០នាក់ ហើយ ពលរដ្ឋអាចចូលរួមបានដោយសេរី។

សមាគមនេះបញ្ជាក់ថា ការហែធម្មយាត្រានេះ ក្នុងនោះ អ្នកចូលរួមនឹងហែឆ្លងកាត់ ៥រាជធានី-ខេត្ត ដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។

សម្រាប់​អ្នកស្រី អ៊ុក ឆាយ៉ាវី យល់ឃើញថា បើគ្មានការលើកកម្ពស់សីលធម៌សង្គមទេ នោះខ្មែរនឹងបាត់បង់នូវសីលធម៌នៃការរស់នៅ ប៉ះពាល់មុខមាត់ប្រទេសជាតិ ហើយសង្គមក៏លិចលង់ទៅតាមនោះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ