ក្រសួងសុខាភិបាលនឹងរិះរកប្រភពដើម្បីផ្គត់ផ្គង់វ៉ាក់សាំងបង្ការ «ជំងឺអុតស្វា» ទុកជាមុន ក្រៅពីការដាក់ចេញនូវវិធានការការពារជាមុនសម្រាប់ប្រជាពលរដ្ឋអនុវត្ត បើទោះជាគិតមកដល់ថ្ងៃម្សិលមិញ កម្ពុជានៅមិនទាន់មានករណីឆ្លងជំងឺនេះនៅឡើយ។
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពី វិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា (Monkeypox) ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ បានលើកឡើងថា ក្នុងពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក បានទទួលរបាយការណ៍អំពីការផ្ទុះឡើងជាបន្តបន្ទាប់នូវជំងឺអុតស្វាទៅលើបុគ្គលម្នាក់នៅចក្រភពអង់គ្លេសដែលបានធ្វើដំណើរមកពីប្រទេសនីហ្សេរីយ៉ា។
ក្រសួងបន្តថា ជំងឺនេះត្រូវបានរកឃើញជាបន្តបន្ទាប់នៅបណ្តាប្រទេសចំនួន១៩នៅលើសកលលោក ដែលមិនមែនជាប្រទេសអង់ដេមីនៃជំងឺនេះ ក្នុងនោះ គិតត្រឹមថ្ងៃទី២៣ ខែឧសភា ករណីជំងឺអុតស្វាដែលបានរាយការណ៍ដោយអង្គការសុខភាពពិភពលោក មានចំនួន១៥៨នាក់ និងមានអ្នកសង្ស័យចំនួន១១៧នាក់ តែមិនទាន់មានករណីស្លាប់នៅឡើយ។
សម្រាប់ប្រទេសកម្ពុជាវិញ ក្រសួងថា គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ កម្ពុជានៅមិនទាន់មានករណីជំងឺអុតស្វានៅឡើយ ប៉ុន្តែក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន និងអនុវត្តនូវវិធានការបង្ការការចម្លងផ្ទាល់ខ្លួននិងទៅអ្នកដទៃដែលអាចកើតមានឡើងជាយថាហេតុ។
វិធានការបង្ការ ក្រសួងបញ្ជាក់ថា ក្នុងកណីសង្ស័យ ដោយបុគ្គលមានរោគសញ្ញាចេញកន្ទួលរមាស់បែកពងទឹកនៅលើដងខ្លួន បាតដៃ បាតជើង និងផ្ទៃមុខ អមដោយរោគសញ្ញាក្ដៅខ្លួនលើសពី៣៨,៥អង្សាសេ និងមានឈឺក្បាល ហើមកូនកណ្ដុរ ឈឺសាច់ដុំនិងខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំង រួមជាមួយនឹងមានប្រវត្តិធ្វើដំណើរទៅកន្លែងដែលកើតមានជំងឺអុតស្វា ត្រូវដាក់បុគ្គលនោះឱ្យនៅដាច់ដោយឡែក ដើម្បីធ្វើការពិនិត្យសុខភាពដោយក្រុមគ្រូពេទ្យជាចាំបាច់ ឬអាចបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិត។
សម្រាប់ប្រជាពលរដ្ឋទូទៅ ក្រសួងបានណែនាំឱ្យអនុវត្តអនាម័យខ្លួនប្រាណ និងរស់នៅស្អាត ត្រូវបរិភោគអាហារឆ្អិនល្អ ចៀសវាងការប៉ះពាល់ដោយផ្ទាល់ និងសម្ភារប្រើប្រាស់របស់អ្នកដែលមានជំងឺឬបុគ្គលដែលសង្ស័យ និងចៀសវាងការប៉ះពាល់ជាមួយសត្វរស់ឬងាប់ ជាដើម។
ក្រៅពីនោះ ក្រសួងក៏បានណែនាំនូវវិធានការការពារមួយចំនួនទៀតដល់ក្រុមគ្រូពេទ្យដែលបម្រើការនៅតាមមូលដ្ឋានសុខាភិបាលទាំងរដ្ឋនិងឯកជន និងអ្នកដំណើរចេញចូលអន្តរជាតិផងដែរ។
ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា៖ «ក្រៅពីវិធានការខាងលើ ក្រសួងនឹងរិះរកប្រភពដើម្បីផ្គត់ផ្គង់វ៉ាក់សាំងអុតស្វា ទុកជាមុន»។
បើតាមការបញ្ជាក់កាលពីពេលថ្មីៗនេះរបស់លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ជំងឺអុតស្វានឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេល២ទៅ៣សប្តាហ៍ ប៉ុន្តែករណីខ្លះមានភាពស្មុគស្មាញក្នុងការព្យាបាល និងអាចបណ្តាលឱ្យអ្នកជំងឺស្លាប់ដែរ។ លោកស្រីថា ការផ្តល់ជាតិទឹក អាហារដល់អ្នកជំងឺ ថែទាំតាមបែបគ្លីនិក និងតាមសភាពជាក់ស្តែង គឺជារឿងចាំបាច់ដែលត្រូវធ្វើ៕