ក្រសួងសុខាភិបាល បានក្រើនរម្លឹកពីការចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ដល់មន្ត្រីជួរមុខ និងក្រុមគោលដៅអាទិភាព ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ទៅ ដើម្បីបង្កើនភាពស៊ាំទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
នៅថ្ងៃចន្ទនេះ ក្រសួងសុខាភិបាលបានក្រើនរម្លឹកតាមរយៈសេចក្ដីប្រកាសព័ត៌មានមួយដែលចេញនាពេលថ្មីៗនេះថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ ដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល មន្ដ្រីរាជការ កងទ័ព នគរបាល អាជ្ញាធរមូលដ្ឋាន បុគ្គលិកស្ថានទូត អង្គការជាតិ-អន្ដរជាតិ អ្នកសារព័ត៌មាន សមាជិក-សមាជិការនៃសមាគមសិល្បករកម្ពុជា ជនវ័យចាស់ និងក្រុមមនុស្សមានប្រព័ន្ធការពារខ្សោយដែលមានអាយុចាប់ពី១២ឆ្នាំឡើង ដែលបានចាក់ដូសទី៤រួច ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ទៅ។
ក្រសួងបានលើកឡើងថា ចំពោះថ្នាក់ដឹកនាំរដ្ឋាភិបាលដែលបានចាក់វ៉ាក់សាំងដូសទី៤រួច ហើយមានគម្លាតយ៉ាងតិច៣ខែឡើង អាចទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ នៅតាមមន្ទីរពេទ្យជាតិនានា និងទីតាំងមួយចំនួនដែលរៀបចំដោយអាជ្ញាធររាជធានី-ខេត្ត និងតាមកាលបរិច្ឆេទដែលក្រសួងរៀបចំទុក។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់មន្ត្រីជួរមុខ និងក្រុមអាទិភាពទាំងអស់ ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ដើម្បីបង្កើនភាពស៊ាំទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសដើម្បីរក្សានូវនិរន្ដរភាពនៃដំណើរការជាប្រក្រតីនូវការរស់នៅ រួមទាំងសេដ្ឋកិច្ច និងសង្គមជាតិ។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកដល់ថ្ងៃម្សិលមិញ គឺមានរយៈពេលប្រមាណ១ខែមកហើយ ដែលកម្ពុជាពុំមានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ធ្វើឱ្យចំនួនអ្នកឆ្លងនៅថេរក្នុងចំនួន១៣៦ ២៦២នាក់ ក្នុងនោះបានជាសះស្បើយ១៣៣ ២០៥នាក់ និងស្លាប់៣ ៥៦នាក់៕