ពលរដ្ឋ​ជាង​២០០នាក់​ប្រមូលផ្ដុំ​មុខ​តុលាការ​ខេត្តកោះកុង ខណៈ​តំណាង​ម្នាក់​ចូល​បំភ្លឺ

ពលរដ្ឋជាង​២០០​នាក់បាន​ប្រមូល​ផ្ដុំមុខ​សាលា​ដំបូង​ខេត្ត​កោះ​កុង ខណៈ​តំណាង​ម្នាក់​ចូលបំភ្លឺចំពោះមុខតុលាការ តាមបណ្ដឹង​​របស់លោក ហេង ហ៊ុយ ប្រធានក្រុមហ៊ុន «ហេង ហ៊ុយ អភិវឌ្ឍន៍» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (CCFC)

ពលរដ្ឋជាង​២០០​នាក់បាន​ប្រមូល​ផ្ដុំមុខ​សាលា​ដំបូង​ខេត្ត​កោះ​កុង ខណៈ​តំណាង​ម្នាក់​ចូលបំភ្លឺចំពោះមុខតុលាការនៅថ្ងៃនេះ តាមបណ្ដឹង​​របស់មន្ត្រីនគរបាលជាន់ខ្ពស់នៅខេត្តកោះកុង។

កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ព្រះរាជអាជ្ញារង​ខេត្ត​កោះកុង​ លោក អេង ចាន់តារា បាន​កោះហៅអ្នកស្រី ដេត ហួរ សហគមន៍​១៩៧ នៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ឱ្យចូលបំភ្លឺនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមបទចោទ «បរិហារកេរ្តិ៍ជាសាធារណៈ» ទៅតាមបណ្ដឹងចោទប្រកាន់របស់​ឧកញ៉ា ហេង ហ៊ុយ និងជាមន្ត្រីនគរបាលជាន់ខ្ពស់នៅខេត្ត​កោះកុង។

តំណាងពលរដ្ឋម្នាក់ អ្នកស្រី អិប តឹង ប្រាប់វីអូឌី​នៅ​ថ្ងៃអង្គារ​នេះ​ថា ខណៈ​អ្នក​ស្រី ដេត ហួរ ចូលបំភ្លឺចំពោះមុខតុលាការនោះ ប្រជាពលរដ្ឋជាង២០០នាក់បានប្រមូលផ្ដុំមុខសាលាដំបូងខេត្ត​ ដើម្បីគាំទ្រអ្នកស្រី ដេត ហួរ។

អ្នកស្រីបន្តថា ពលរដ្ឋនាំគ្នាមកគាំទ្រអ្នកស្រី ដេត ហួរ ដោយ​សារតំណាងរូបនេះពុំមានកំហុសដូចការចោទប្រកាន់ ហើយ​ឧកញ៉ា ហេង ហ៊ុយ ពិតជា​បានគប់គិតគ្នាយកដីធ្លីរបស់ពួកគាត់ពិតមែន។

តែយ៉ាងណា លោក ហេង ហ៊ុយ ធ្លាប់បានច្រានចោលការចោទប្រកាន់នេះ ដោយថា លោកមានបណ្ណកម្មសិទ្ធិ​ត្រឹមត្រូវតាមច្បាប់លើដីនោះ។

ចាប់តាំង​ពី​​ពា​ក់កណ្ដាល​​ឆ្នាំ២០១៩មក ពលរដ្ឋចំនួន១៩៧គ្រួសារ​ មក​ពី​ឃុំ​ជីខលើ និង​ជីខក្រោម បាន​ឡើង​​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ជាបន្តបន្ទាប់ ដើម្បី​រក​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យជួយ​​ដោះ​ស្រាយ​​វិវាទ​​​ដីធ្លី​​របស់​​​ពួក​​​គាត់ ដោយ​ចោទ​ថា ក្រុមហ៊ុន ហេង ហ៊ុយ បានរំលោភ​យកដីធ្លីពួកគាត់​តាំងពី​ឆ្នាំ២០០៧។ ប៉ុន្តែត្រូវ​បាន​ក្រសួង​រៀបចំ​ដែនដី​ បដិសេធ​​ដោះស្រាយ​​ឱ្យ​ពលរដ្ឋ​ទាំងនោះ​ជាបន្តបន្ទាប់ និង​ស្នើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធឱ្យ​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នកដែល​ក្រសួង​ថាបាន​ញុះញង់​ឱ្យ​ពលរដ្ឋ១៩៧គ្រួសារ​នោះ​ឡើង​មក​តវ៉ា​ទៀតផង។

ពាក់ព័ន្ធជម្លោះដីធ្លីនេះ មានតំណាងពលរដ្ឋ៩នាក់ នៅសហគមន៍១៩៧គ្រួសារ រួមមាន អ្នកស្រី អិប តឹង, អ្នកស្រី ដេត ហួរ, អ្នកស្រី កើត នៅ, អ្នកស្រី អ៊ិន ធូ, លោក គង់ មែន និងតំណាងពលរដ្ឋផ្សេងទៀត កំពុងជាប់បណ្តឹងនៅតុលាការ ក្រោមបទចោទ «បរិហារកេរ្តិ៍ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ទៅតាមបណ្ដឹងរបស់លោក ហេង ហ៊ុយ ប្រធានក្រុមហ៊ុន «ហេង ហ៊ុយ អភិវឌ្ឍន៍»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ