ពលរដ្ឋ​២៥០គ្រួសារ​នៅ​ជាប់​បឹងតាមោក រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​រដ្ឋ​ចំនួន​៣​ឱ្យ​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី

ប្រជាពលរដ្ឋប្រមាណ៣០នាក់ តំណាងឱ្យ​​២៥០គ្រួសារ រស់​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ត្បូង ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ បានដាក់ញត្តិរកកិច្ចអន្តរាគមន៍ពីរដ្ឋសភាឱ្យជួយដោះស្រាយវិវាទដីធ្លី បន្ទាប់ពីអាជ្ញាធរមូលដ្ឋានចោទពួកគាត់ថារស់នៅលើដីចំណីផ្លូវដោយខុសច្បាប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ប្រជាពលរដ្ឋប្រមាណ៣០នាក់ តំណាងឱ្យ​​២៥០គ្រួសារ រស់​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ត្បូង ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ បានដាក់ញត្តិរកកិច្ចអន្តរាគមន៍ពីស្ថាប័នរដ្ឋចំនួន៣ឱ្យជួយដោះស្រាយវិវាទដីធ្លី បន្ទាប់ពីអាជ្ញាធរមូលដ្ឋានចោទពួកគាត់ថារស់នៅលើដីចំណីផ្លូវដោយខុសច្បាប់។

ស្ថាប័នរដ្ឋទាំង៣នោះ រួមមាន ក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋសភា។

ក្នុងញត្តិដាក់ទៅស្ថាប័នទាំង៣ ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០២២ ដែល​មាន​ខ្លឹមសារប្រហាក់ប្រហែលគ្នា បាន​អះអាង​ថា ពលរដ្ឋ​ទាំង​២៥០គ្រួសារបានទៅរស់នៅនិងអាស្រ័យផលលើដីកំពុងមានជម្លោះនោះតាំងពី​ឆ្នាំ​១៩៩០ ដោយកា​លពីមុន បាន​បង្កបង្កើនផលធ្វើស្រែប្រាំង ដាំឈូក បន្លែ ហើយ​បច្ចុប្បន្នចិញ្ចឹមត្រីលើផ្ទៃបឹង​តាមោក និងធ្វើអាជីវកម្មលក់ដូរជាប់ចិញ្ចឹម​ផ្លូវ​លេខ​១៣០។

ញត្តិ​ដដែល​បន្ត​ថា កាល​ពីអំឡុងខែមិថុនា ឆ្នាំ២០២២ អាជ្ញាធរខណ្ឌព្រែកព្នៅ បានចាក់ដីលុបបឹងតាមោក​ ធ្វើឱ្យប៉ះពាល់ដល់​កន្លែង​អាស្រ័យ​ផល​របស់​ពួក​គាត់ ដូចជា កន្លែងចិញ្ចឹមត្រី កន្លែងដាំ​ឈូក និង​​បន្លែផ្សេងៗទៀត ហើយអាជ្ញាធរខណ្ឌនេះបានគំរាមកំហែងប្ដឹងនិងបាញ់ពលរដ្ឋផងដែរ ប្រសិនបើពួកគេហ៊ានតវ៉ាប្រឆាំង។

ប្រជាពលរដ្ឋប្រមាណ៣០នាក់ តំណាងឱ្យ​​២៥០គ្រួសារ រស់​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ត្បូង ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ បានដាក់ញត្តិរកកិច្ចអន្តរាគមន៍ពីរដ្ឋសភាឱ្យជួយដោះស្រាយវិវាទដីធ្លី បន្ទាប់ពីអាជ្ញាធរមូលដ្ឋានចោទពួកគាត់ថារស់នៅលើដីចំណីផ្លូវដោយខុសច្បាប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។
ប្រជាពលរដ្ឋប្រមាណ៣០នាក់ តំណាងឱ្យ​​២៥០គ្រួសារ រស់​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ត្បូង ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ បានដាក់ញត្តិរកកិច្ចអន្តរាគមន៍ពីរដ្ឋសភាឱ្យជួយដោះស្រាយវិវាទដីធ្លី បន្ទាប់ពីអាជ្ញាធរមូលដ្ឋានចោទពួកគាត់ថារស់នៅលើដីចំណីផ្លូវដោយខុសច្បាប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ញត្តិបន្ថែម​ថា ពួក​គាត់​កំពុង​រង​ទុក្ខ​លំបាកនិង​រងភាពអយុត្តិធម៌ ហើយកំពុងមានការភ័យខ្លាច ដោយបារម្ភ​ពី​ការ​បណ្ដេញ​ចេញ​​ទាំង​បង្ខំ ការបាត់បង់កន្លែងអាស្រ័យផល និងការប្ដឹងផ្ដល់ពីសំណាក់អាជ្ញាធរ។

ញត្តិរបស់ពលរដ្ឋបានគូសបញ្ជាក់​ថា៖ «យើង​ខ្ញុំ​សូមទទូច​អង្វរ សូម​ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ត្រី ជួយ​ពិនិត្យ​មើល​ប្រជាពលរដ្ឋ​ដែល​កំពុងរងគ្រោះដោយសារការរំលោភបំពាន​ដីធ្លីពី​សំណាក់អាជ្ញាធរខណ្ឌព្រែកព្នៅនេះផង។ សូមជួយដោះស្រាយ​បន្ទាន់​ឱ្យពួកខ្ញុំរស់នៅបានសុខសាន្ត ដោយគ្មានការបណ្ដេញចេញទាំងបង្ខំពីទីតាំងសព្វថ្ងៃនេះផងដែរ»

អ្នកស្រី ផន សុខុម ដែល​​អះអាង​​ថា​ជាតំណាងពលរដ្ឋ បានប្រាប់វីអូឌីនៅមុខរដ្ឋសភា​ថា អ្នក​ភូមិ​សម្រេច​ចិត្ត​នាំ​គ្នា​មក​ដាក់ញត្តិ​នៅស្ថាប័នទាំង៣នោះ ដោយសារអស់ជំនឿលើ​ការដោះស្រាយរបស់​អាជ្ញាធរ​ខណ្ឌ រដ្ឋបាល​រាជធានី​ភ្នំពេញ និងខុទ្ទ​កាល័យ​នាយក​រដ្ឋ​មន្ត្រី ដែលពួកគាត់​បាន​ញត្តិរួចហើយ ប៉ុន្តែមិនមានដំណោះស្រាយសមស្របសម្រាប់ពលរដ្ឋ។​

តំណាង​ពលរដ្ឋរូបនេះឱ្យដឹងទៀត​ថា តំបន់​កំពុង​មាន​ជម្លោះនោះ​ ពីដំបូងឡើយ ស្ថិតក្នុងខេត្តកណ្ដាល បន្ទាប់មកកាត់ចូលខណ្ឌ​សែន​សុខ និង​បច្ចុប្បន្ន​នេះ ត្រូវបានរដ្ឋាភិបាលកាត់ចូលខណ្ឌព្រែកព្នៅវិញ។ អ្នកស្រីថា កាលពីស្ថិតក្រោមការគ្រប់គ្រងរបស់​ខេត្ត​កណ្តាល និងខណ្ឌសែនសុខ គឺពួកគាត់អាស្រ័យផលនិងរស់នៅបានសុខ​ ដោយមិនមានបញ្ហាអ្វីនោះឡើយ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំនិយាយនេះ ខ្ញុំចង់ឱ្យសម្ដេចគាត់ដឹងថាហេតុអី​ពួក​ខ្ញុំ​រស់នៅតាំង​ពីឆ្នាំ១៩៩០ ​ទើបមក​តវ៉ា​ឥលូវ​នេះ។ មកពី​កាល​ខ្ញុំ​នៅ​រស់ក្នុងខេត្តកណ្តាលហ្នឹង វាមានសុខ រស់នៅខណ្ឌសែនសុខហ្នឹង វាបានសុខ។ ប៉ុន្តែពេលដែលផ្លាស់ចូលខណ្ឌ​ព្រែកព្នៅ ​ដែល​មាន​លោក សុខ សម្បត្តិ ជាអភិបាលខណ្ឌនេះ គាត់បានគាប​សង្កត់ គាត់​ថាពួកខ្ញុំរស់នៅលើដីអនុក្រឹត្យ ដីមិនស្របច្បាប់ អ៊ីចឹង​​ហើយ​បានជាពួកខ្ញុំនាំគ្នារើបម្រាស»

តំណាង​ពលរដ្ឋ​ម្នាក់​ទៀត អ្នក​ស្រី ប្រាក់ សុភា និយាយថា អ្នកភូមិបានរងភាពអយុត្តិធម៌និងមានការឈឺចាប់ជាខ្លាំង ដោយ​សារ​អាជ្ញាធរ​ចោទ​ពួកគាត់រស់នៅលើដីចំណីផ្លូវ​ដោយខុសច្បាប់ ខណៈអ្នក​មានលុយមាន​អំណាច​ដែល​មាន​ដី​ជាប់​នោះត្រូវ​បាន​អាជ្ញាធរចេញបណ្ណ​កម្មសិទ្ធិជូនពួកគេ។

អ្នកស្រីបន្ត​ថា ករណី​អាជ្ញាធរ​ខណ្ឌ​ព្រែ​កព្នៅ​បង្ខំ​ឱ្យពួកគាត់​ដោះដូ​រ​ទៅ​នៅទីតាំងកន្លែងថ្មីនោះ គឺពួកគាត់មិនព្រមឡើយ ដោយ​ទាមទា​រ​ការ​អភិវឌ្ឍ​នៅនឹងកន្លែង។ អ្នក​ស្រី​ថា ការ​ដោះ​ដូរ​ទៅ​កន្លែង​ថ្មី​នោះនឹង​ធ្វើ​ឱ្យប្រជាពលរដ្ឋជួបការលំបាកក្នុង​ជីវភាព​រស់​នៅ ដោយ​សារ​ការ​បាត់បង់មុខរបរ និងកន្លែងអាស្រ័យផល។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំសូម​អំពាវនាវ​ដល់​សម្តេច [ហ៊ុន សែន]​ ជួយដោះស្រាយដោយកាត់ឆ្វៀល​ដី​ជូន​ពួក​ខ្ញុំ​ផង ព្រោះ​សម្ដេចបាន​សម្បទាន​ទៅឱ្យមន្ត្រីមាន​លុយមា​ន​អំណាច​មួយ​ចំនួន១០ទៅ២០ហិកតាបាន ដែលពួកគាត់ទាំងនោះមិនបានរស់នៅជាប់​ភូមិ​សំរោងត្បូង​ផ្ទាល់ផង! ចុះពួកខ្ញុំរស់នៅនិងអាស្រ័យធ្វើស្រែប្រាំងតាំងពីយូរ? សម្តេចធ្លាប់បាននិយាយថា ពលរដ្ឋរស់​នៅ​អាស្រ័យ​ផល​កន្លែងណា កាត់ឆ្វៀលជូនពលរដ្ឋ។ បើបាត់បង់ជម្រក​ ស្មើបានបាត់បង់ជីវិត»

បើតាម​តំណាងពលរដ្ឋ គឺមន្ត្រីនៅក្រសួងរៀបចំដែនដី និងមន្ត្រីនៅរដ្ឋសភា បានទទួលញត្តិរបស់ពួកគាត់​និង​​​បាន​សន្យាបញ្ជូន​ញត្តិ​នោះ​ទៅ​ថ្នាក់​លើ​ដើម្បីពិនិត្យ ខណៈ​មន្ត្រី​នៅទីស្តីការ​គណៈរដ្ឋមន្ត្រីមិនទទួលញត្តិ​ពី​ក្រុម​ពលរ​ដ្ឋនោះទេ ក្រោមហេតុផលថា ពលរដ្ឋបានដាក់នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីរួចហើយ។

វីអូឌី មិន​អាចសុំការឆ្លើយ​តប​ពី​អ្នកនាំក្រសួងរៀបចំដែនដី លោក សេង ឡូត បានទេ ពាក់ព័ន្ធករណីនេះ។

ចំណែកអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េង​​ឡុង មាន​ប្រសាសន៍​ថា គណៈកម្មការទី១​នៃ​រដ្ឋសភាបានទទួលញត្តិពលរដ្ឋរួចហើយ។ យ៉ាងណា ​ពេល​ដែល​វីអូឌី​សួរ​ថា តើ​រដ្ឋសភា​នឹងមានកិច្ចអន្តរាគមន៍យ៉ាងណានោះក្រោយទទួលបានញត្តិពីពលរដ្ឋ​ លោក ឡេង​ ប៉េងឡុង​ មិនឆ្លើយបញ្ជាក់នោះទេ។

លោកថា៖ «យើងមានគណៈកម្មការទី១ ជាអ្នកទទួលសិទ្ធិមនុស្ស និងពាក្យបណ្ដឹង។ អ៊ីចឹង​ខ្ញុំបានឱ្យគណៈកម្មការហ្នឹងគេចាំទទួល​ហើយ»

លិខិតស្នើសុំកិច្ចអន្តរាគមន៍វិវាទដីធ្លីដែលពលរដ្ឋមានទំនាស់ដីធ្លីនៅបឹងតាមោកដាក់ជូនរដ្ឋសភា បន្ទាប់ពីអាជ្ញាធរមូលដ្ឋានចោទពួកគាត់ថារស់នៅលើដីចំណីផ្លូវដោយខុសច្បាប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។
លិខិតស្នើសុំកិច្ចអន្តរាគមន៍វិវាទដីធ្លីដែលពលរដ្ឋមានទំនាស់ដីធ្លីនៅបឹងតាមោកដាក់ជូនរដ្ឋសភា បន្ទាប់ពីអាជ្ញាធរមូលដ្ឋានចោទពួកគាត់ថារស់នៅលើដីចំណីផ្លូវដោយខុសច្បាប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

អភិបាល​ខណ្ឌ​ព្រែក​ព្នៅ លោក សុខ សម្បត្តិ ប្រាប់វីអូឌីកាលពីថ្ងៃ​ទី២២​ ខែមិថុនា ឆ្នាំ២០២២​ ថាពលរដ្ឋទាំងនោះបានរស់នៅ​លើ​ចំណីផ្លូវលេខ​​១៣០ ដោយ​ខុស​ច្បាប់ ដែលផ្លូវនេះ រដ្ឋាភិបាលមាន​គម្រោងពង្រីក​ឱ្យបាន៥០ម៉ែត្រ។ លោកថា អាជ្ញាធរ​មិនអាចឱ្យពលរដ្ឋទាំងនោះ​អភិវឌ្ឍនៅនឹងកន្លែងបានឡើយ។

អភិបាលខណ្ឌ​រូប​នេះ​បន្ត​ថា កន្លងមក អាជ្ញាធរខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញ បានសម្របសម្រួលដោះស្រាយជាច្រើនដងហើយ ដោយ​សុំដោះដូរដីឱ្យពលរដ្ឋទៅកន្លែងផ្សេងដែលរៀ​ប​ចំដោយអាជ្ញាធរ ស្ថិតក្នុងភូមិសំរោងត្បូង​ដូច​គ្នា និង​​ចេញបណ្ណកម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋថែមទៀត ប៉ុន្តែពលរដ្ឋទាំង​នោះមិនព្រមទទួលយកការដោះស្រាយនេះ ដែលធ្វើឱ្យការដោះស្រាយ​អូសបន្លាយយូរបែបនេះ។

ប្រធានកម្មវិធីសិទ្ធិដីធ្លី និងលំនៅឋាន នៃអង្គការសមាគមធាង​ត្នោត លោក ឯម ខេមរា មាន​ប្រសាសន៍ថា រដ្ឋាភិបាលបានកាត់ដីផ្ទៃបឹង​តាមោក ឬបឹងកប់ស្រូវអស់រាប់ពាន់ហិកតា​ទៅឱ្យក្រុមហ៊ុនឯកជន និងអ្នកមានលុយមានអំណាចជាបន្តបន្ទាប់ ដែល​ការ​កាត់​នេះបានធ្វើឱ្យប៉ះពាល់​បរិស្ថាន សង្គម និងប្រជា​សហគមន៍ក្រីក្រដែលរស់នៅអាស្រ័យផល​ជុំវិញនោះ។

មន្ត្រីសង្គមស៊ីវិលរូបនេះបានអំពាវនាវ​ដល់​រដ្ឋាភិបាល ជាពិសេស​អាជ្ញាធរពាក់ព័ន្ធ ត្រូវដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋឱ្យ​សមស្របនិងអាចទទួលយកបាន ហើយមិនត្រូវបណ្ដេញពលរដ្ឋចេញទាំងបង្ខំ ឬប្តឹង ឬចាប់ខ្លួនពលរដ្ឋក្នុងរឿងជម្លោះដីធ្លី​នោះ​ទេ ដែល​នាំ​ឱ្យ​ប៉ះពាល់ទៅដល់​សិទ្ធិ​ទទួល​បាន​ដីធ្លីនិងលំនៅឋានរបស់ពួកគេ ដែលធានាដោយច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។

លោកបន្ថែមថា៖ «យើងអំពាវនាវឱ្យភាគីពាក់ព័ន្ធ ជាពិសេស​រដ្ឋាភិបាល ត្រូវធានា​ថា រាល់​ការអភិវឌ្ឍនានាត្រូវបាន​ធ្វើ​ឡើងប្រកប​ដោយ​តម្លា​ភាព គណនេយ្យ​ភា​ព និង​ការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីផ្តល់ឱកាសឱ្យពួកគេបានជជែកពិភាក្សា លើកឡើងនូវកង្វល់ និងដំណោះស្រាយនានា។ អាជ្ញាធរពាក់ព័ន្ធត្រូវធានាថា ខ្លួនប្រកាន់ខ្ជាប់នូវការអនុវត្តច្បាប់ដោយត្រឹមត្រូវ យុត្តិធម៌ ដោយដោះស្រាយបញ្ហាដោយសន្តិវិធី និងមិនរំលោភសិទ្ធិនានារបស់ប្រជាពលរដ្ឋ និងធ្វើឱ្យពួកគេឈឺចាប់ដូចជាការបណ្តេញចេញពីលំនៅឋានជាដើម»

បឹងតាមោក ឬ​បឹងកប់ស្រូវ មានផ្ទៃដីសរុប៣ ២៣៩​​ហិកតា ជា​អាង​ស្ដុកទឹកកខ្វក់និងរំដោះទឹកចេញពីរាជធានី​ភ្នំពេញ ហើយ​​បឹ​​ងមួយនេះ​​ត្រូវ​​បាន​​រដ្ឋាភិបាល​​ចេញអនុក្រឹត្យ​មួយ​កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយ​​កំណត់​បឹង​ធម្មជាតិ​មួយ​នេះ​​ជាសម្បតិ្តសាធារណៈរបស់រដ្ឋ។

បើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០១៨ ដល់ចុង​ខែធ្នូ​ ឆ្នាំ​២០២១ ផ្ទៃបឹង​តាមោកសរុប​ជាង២ ០០០​ហិកតាហើយត្រូវបានរដ្ឋាភិបាល​កាត់ឬដោះដូរ​ទៅ​ឱ្យស្ថា​ប័ន​​​រដ្ឋ ​ក្រុមហ៊ុន​​ឯកជន និង​បុគ្គលឯកជនមួយចំនួនដែលគេដឹងថាជាអ្នក​មាន​​ប្រាក់និង​មាន​អំណាច សម្រាប់​​សាង​សង់​អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ