មេធាវី​ការពារក្ដី​លោក កឹម សុខា ច្រានចោល​ភស្តុតាង​វីដេអូ​ដែល​អយ្យការ​យក​ដាក់​បន្ទុក​កូនក្ដី

មេធាវីមួយរូបក្នុងចំណោមសហមេធាវីផ្សេងទៀត លោក ចាន់ ចេន ផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធនឹងសវនាការលោក កឹម សុខា លើបទចោទ «សន្ទិដ្ឋិភាព ឬត្រូវរ៉ូវជាមួយរដ្ឋបរទេសចង់ផ្ដួល​រំ​​​លំរដ្ឋាភិបាល» ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មេធាវីការពារក្ដីលោក កឹម សុខា បានឱ្យដឹងថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានយកវីដេអូបាតុកម្មបង្កហិង្សានៅស្ពានក្បាលថ្នល់កាលពីឆ្នាំ២០១៣ ដើម្បីដាក់បន្ទុកកូនក្ដីរបស់ខ្លួន ប៉ុន្តែត្រូវបានសហមេធាវីច្រានចោលភស្តុតាងទាំងនោះ។

សវនាការលើកទី៤៧ ពេញមួយព្រឹក នៅថ្ងៃពុធនេះ មេធាវីមួយរូបក្នុងចំណោមសហមេធាវីផ្សេងទៀត លោក ចាន់ ចេន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ភស្តុតាងជាវីដេអូដែលតំណាងអយ្យការយកមកបង្ហាញនៅតុលាការនាព្រឹកថ្ងៃនេះ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប៉ះ​ទង្គិចហិង្សាកើតឡើងនៅស្ពានអាកាសក្បាលថ្នល់ កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និង១៥នាក់រងរបួស ខណៈ៦នាក់ទៀតត្រូវបានឃាត់ខ្លួន គឺមិនជាប់ពាក់ព័ន្ធជាមួយលោក កឹម សុខា នោះទេ។

លោកថ្លែងថា៖ «អ្វីដែលចាប់អារម្មណ៍ តំណាងអយ្យការហាក់បីដូចជាព្យាយាម ដែលគាត់បានលើកឡើង យកភស្តុតាងដែលកើតឡើងនៅស្ពានអាកាស[ក្បាលថ្នល់] យកមកចាក់ រួចសួរកូនក្ដីខ្ញុំ​ ហាក់បីដូចជាព្យាមយាមឱ្យកូនក្ដីខ្ញុំទទួលខុសត្រូវ»។

លោកបន្ថែមថា៖ «មែនទែន កូនក្ដីយើងខ្ញុំ ឯកឧត្ដម កឹម សុខា គាត់មានប្រសាសន៍ជារឿយៗជាច្រើនលើកច្រើនសាមកហើយថា រាល់បាតុកម្មទាំងឡាយណាដែលខុសពីទីតាំង ហើយរាល់បាតុកម្មទាំងឡាយណាដែលធ្វើខុសពីទីលានប្រជាធិបតេយ្យ មិនមែនជាការទទួលខុសត្រូវរបស់គាត់ និងរបស់គណបក្សសង្គ្រោះជាតិនោះទេ»។

លោក ចាន់ ចេន ថ្លែងបញ្ជាក់ថា សំណុំរឿងលោក កឹម សុខា ត្រូវបានលោក កូយ សៅ ដែលជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ប្រកាសបន្តសវនាការនៅថ្ងៃពុធ ទី១៣ ខែកក្កដានេះ ។

​នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សង្កេតឃើញថា ភស្តុតាងដែលតុលាការយកមកបង្ហាញកន្លងមក លោក កឹម សុខា ធ្លាប់អះអាងថា លោកបានឆ្លើយអស់ហើយ។ ករណីនេះ ទើបធ្វើឱ្យតុលាការយកភស្តុតាងថ្មីទៀត ដូចជា វីដេអូប៉ះទង្គិចគ្នានៅម្តុំស្ពានក្បាលថ្នល់ ដើម្បីដាក់បន្ទុកលោក កឹម សុខា បន្ថែមទៀតទៅវិញ។

មន្ត្រីសិទ្ធិមនុស្សរូបនេះអះអាងថា សវនាការលោក កឹម សុខា បានអូសបន្លាយពេលយូរ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិចូលធ្វើនយោបាយរបស់លោក ខណៈការបោះឆ្នោតថ្នាក់ជាតិនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៣ កាន់តែជិតចូលមកដល់។

លោក អំ សំអាត បញ្ជាក់ថា សង្គមស៊ីវិលចង់ឃើញអ្នកនយោបាយបក្សកាន់អំណាច និងបក្សប្រឆាំង យកបញ្ហាដាក់លើតុជជែកគ្នាបញ្ចប់ជម្លោះ ដើម្បីកុំឱ្យមជ្ឈដ្ឋានជាតិនិងអន្តរជាតិរិះគន់ថា ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាចេះតែដើរថយក្រោយ។

លោកមានប្រសាសន៍ថា៖ «ទិដ្ឋភាពទូទៅនៅក្នុងប្រទេសកម្ពុជាយើង គេរិះគន់អំពីលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស វាមានការធ្លាក់ចុះផងដែរ។ យើងជាអង្គការសង្គមស៊ីវិលនៅតែទទូចហើយទទូចទៀតថា អ្នកនយោបាយដែលមានភាពចាស់ទុំគួរតែងាកទៅបន្តវប្បធម៌សន្ទនាផ្នែកនយោបាយ ដើម្បីរកច្រកចេញ បញ្ចប់ករណីរឿងលោក កឹម សុខា»។

​លោក កឹម សុខា ត្រូវបានរងការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាព ឬត្រូវរ៉ូវជាមួយរដ្ឋបរទេស» ចង់ផ្ដួល​រំ​​​លំរដ្ឋាភិបាល ​និង​ធ្លាប់ត្រូវបានឃុំខ្លួន​នៅពន្ធនាគារ​ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ អស់ជាង​១ឆ្នាំ និងក្រោ​យមក បញ្ជូនទៅឃុំខ្លួននៅផ្ទះរបស់លោកដែលស្ថិតនៅខណ្ឌទួលគោក រាជ​ធានី​ភ្នំពេញ​។ លោកត្រូវបាន​​តុលាការបិទសិទ្ធិធ្វើនយោបាយប្រមាណ៥ឆ្នាំមកហើយ គិតចាប់ពីថ្ងៃចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៧។

បើទោះជាលោក កឹម សុខា ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ប៉ុន្តែ​លោក​ត្រូវបានដាក់​ឱ្យស្ថិតនៅក្រោមការ​ត្រួតពិនិត្យ​របស់​តុលាការ ដោយហាមមិនឱ្យ​ធ្វើសកម្ម​ភាព​មួយ​ចំនួន រួមមាន មិនឱ្យធ្វើសកម្មភាពនយោបាយ ត្រូវបង្ហាញ​ខ្លួនរាល់ពេលមាន​ការ​កោះរបស់​តុ​​​លា​​​ការ និងហាម​មិនឱ្យធ្វើដំណើរចេញទៅក្រៅប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ