សមាជិកសភារបស់ប្រទេសស្រីលង្កា នៅថ្ងៃពុធនេះ បានបោះឆ្នោតឱ្យប្រធានាធិបតីស្ដីទី លោក រ៉ានីល វីក្រេមេស៊ីងហ្កេ (Ranil Wickremesinghe) ជាប់ជាប្រធានាធិបតីថ្មី ដោយសង្ឃឹមថា រូបលោកនឹងអាចទាញប្រទេសមួយនេះឱ្យចេញពីវិបត្តិសេដ្ឋកិច្ចនិងនយោបាយដ៏អាក្រក់បំផុតរបស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងបន្ទាប់ពីបញ្ចប់កិច្ចការរាប់សន្លឹកឆ្នោត អគ្គលេខាធិការសភាស្រីលង្កា បានឱ្យដឹងថា៖ «លោក រ៉ានីល វីក្រេមេស៊ីងហ្កេ ត្រូវបានជ្រើសរើសជាប្រធានាធិបតីថ្មីក្រោមរដ្ឋធម្មនុញ្ញ»។
ក្នុងចំណោមសមាជិកសភាដែលមានចំនួន២២៥រូប ក្នុងនោះមាន១៣៤សំឡេងបានផ្តល់ការគាំទ្រដល់លោក រ៉ានីល វីក្រេមេស៊ីងហ្កេ ខណៈបេក្ខជន២រូបផ្សេងទៀត ដែលរួមមានលោក Dullas Alahapperuma ទទួលបាន៨២សំឡេង និងលោក Anura Kumar Dissanayake ទទួលបានត្រឹមតែ៣សំឡេងប៉ុណ្ណោះ។
ទោះជាយ៉ាងណា មានការលើកឡើងថា បើលោក រ៉ានីល វីក្រេមេស៊ីងហ្កេ ដែលរងនូវការរិះគន់ដោយប្រជាជនស្រីលង្កាជាច្រើន ទទួលបានតំណែងជាប្រធានាធិបតីថ្មីនេះ វាអាចនឹងបង្កឱ្យមានបាតុកម្មកាន់តែខ្លាំងឡើងនៅក្នុងប្រទេស។
ទាក់ទិននឹងករណីនេះ ពលរដ្ឋរស់នៅក្នុងរដ្ឋធានីកូឡំបូមួយរូប លោក Duminda Nagamuwa បាននិយាយថា៖ «យើងប្រឆាំងដាច់ខាតចំពោះលោក លោក រ៉ានីល។ គាត់គឺជាមន្រ្តីពុករលួយ»។
លោកបន្តថា៖ «ប្រសិនបើលោក រ៉ានីល ចូលមក [ឡើងកាន់អំណាច] យើងមិនអាចមានស្ថិរភាពបានឡើយ»។
គួរបញ្ជាក់ថា ប្រទេសស្រីលង្កា ក្នុងរយៈពេលចុងក្រោយនេះ បានទទួលរងនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមួយដែលមិនធ្លាប់កើតមានពីមុនមក ខណៈទុនបម្រុងអន្តរជាតិរបស់ប្រទេសក៏ស្ថិតក្នុងកម្រិតទាបបំផុតផងដែរ ដែលបានបង្កឱ្យប្រទេសមួយនេះជួបប្រទះបញ្ហាកង្វះថវិកាធ្ងន់ធ្ងរសម្រាប់ការនាំចូលអាហារ ឱសថ និងប្រេងឥន្ធនៈ ជាដើម៕