យុវជនចលនាមាតាធម្មជាតិចំនួន៣នាក់ ស្នើតុលាការកំពូលទម្លាក់ចោលបទចោទលើពួកគេ ពាក់ព័ន្ធនឹងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយពួកគេអះអាងថាមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។
យុវជនមាតាធម្មជាតិទាំង៣នាក់ រួមមាន លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ត្រូវបានតុលាការជាន់ទាប កាត់ទោសជាប់ពន្ធនាគារជាង១ឆ្នាំ កាលពីខែឧសភា ឆ្នាំ២០២១ ក្រោមបទចោទប្រកាន់ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៣ ដល់ឆ្នាំ២០២០ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពរិះគន់បញ្ហាបរិស្ថាននៅកម្ពុជា ដូចជា ការលុបបឹងតាមោក ការបង្ហូរទឹកស្អុយដោយគ្មានបច្ចេកទេស បញ្ហាសំរាម ដើម្បីទាមទារឱ្យថ្នាក់ដឹកនាំដោះស្រាយ។
ក្រោយតុលាការជាន់ទាបសម្រេចឱ្យពួកគាត់ជាប់ពន្ធនាគារនោះ យុវជនមាតាធម្មជាតិទាំង៣រូបបានដាក់ពាក្យបណ្តឹងសាទុក្ខទៅតុលាការកំពូល ហើយតុលាការកំពូលបានបើកសវនាការនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ។
យុវជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា បានឱ្យដឹងនៅបន្ទាប់ពីចូលរួមសវនាការនោះថា ពួកគាត់មិនបានបង្កភាពអសន្តិសុខដូចការចោទប្រកាន់ឡើយ។ លោកថា សកម្មភាពនៃការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកពីបញ្ហាបរិស្ថាននិងធនធានធម្មជាតិនាពេលកន្លងមក គឺដោយសារតែលោកស្រឡាញ់និងខ្វាយខ្វល់ពីធនធានធម្មជាតិរបស់ជាតិ ហើយចង់ឱ្យថ្នាក់ដឹកនាំដែលមានសិទ្ធិ មានតួនាទី បានឃើញពីបញ្ហាដែលកំពុងកើតឡើង ដើម្បីឈានដល់ការរកដំណោះស្រាយប៉ុណ្ណោះ។
ករណីនេះ លោកថា ក្នុងសវនាការ លោកបានស្នើដល់តុលាការកំពូលពិចារណាក្នុងការទម្លាក់ចោលបទចោទទៅលើពួកគេ ខណៈយុវជនរូបនេះចាត់ទុកការផ្តន្ទាទោសរបស់តុលាការជាន់ទាបទៅលើពួកគេ ថាជារឿងអយុត្តិធម៌។
លោកថា៖ «ធម្មជាតិជាក្តីស្រឡាញ់របស់ខ្ញុំចេញពីបេះដូង គ្មានអ្នកណាបង្ខំខ្ញុំទេ អ៊ីចឹងខ្ញុំសុខចិត្តលះបង់អីក៏បាន ដើម្បីរបស់ដែលខ្ញុំស្រឡាញ់។ បើទោះបីជារងការធ្វើបាបបន្តទៀត ក៏ខ្ញុំនៅតែស្រឡាញ់ ហើយខ្ញុំចង់ការពារដដែល។ [ចង់បានអីពីតុលាការ?] សុំត្រឹមក្តីអាណិតអាសូរតាមរយៈយុត្តិធម៌ ផ្តល់ភាពស្អាតស្អំមកកាន់ពួកខ្ញុំ […] ខ្ញុំអត់ខុសសោះ។ [ស្អាតស្អំសំដៅដល់អី?] ស្អាតស្អំសំដៅដល់ការលើកលែងការចោទប្រកាន់មកលើពួកខ្ញុំ! សងនូវភាពស្អាតស្អំដែលពួកខ្ញុំបានធ្វើកន្លងមក មិនចាំបាច់លើកទឹកចិត្តពួកខ្ញុំ មិនចាំបាច់សរសើរថាសកម្មភាពរបស់ពួកខ្ញុំអស្ចារ្យអីទេ គ្រាន់តែលើកលែងការចោទប្រកាន់មកកាន់ពួកខ្ញុំ គឺគ្រប់គ្រាន់»។
មេធាវីការពារក្តីឱ្យយុវជនមាតាធម្មជាតិ លោក សំ ចំរើន បានធ្វើសេចក្តីសន្និដ្ឋានក្នុងសវនាការថា ក្នុងសំណុំរឿងនេះពុំមានអង្គហេតុនិងភស្តុតាងជាក់លាក់ណាមួយឡើយ ក្នុងការចោទប្រកាន់ទៅលើកូនក្តីរបស់លោក ពាក់ព័ន្ធនឹងបទញុះញង់។ លោកបន្តថា បើសិនជាការលើកឡើងពីបញ្ហាបរិស្ថាននៅលើបណ្តាញសង្គមរបស់យុវជនទាំង៣រូបមានកំហុសឆ្គង នោះគួរមានការណែនាំពួកគេជាជាងការចាប់ខ្លួនដាក់ពន្ធនាគារ។
លោកមេធាវី សំ ចំរើន បានលើកឡើងបន្ថែមបន្ទាប់ពីសវនាការថា៖ «រឿងគាត់ស្នើសុំតុលាការព្រឹកមិញហ្នឹង ខ្ញុំគាំទ្រ! គឺធម្មតាសាម៉ីខ្លួន គាត់យល់ថា ខ្លួនគាត់ស្អាតស្អំ ត្រឹមត្រូវ គាត់ស្នើសុំឱ្យតុលាការទម្លាក់បទចោទ វាជាសិទ្ធិរបស់ពួកគាត់»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ដែលបានចូលរួមតាមដានក្នុងសវនាការនេះដែរ បានកត់សម្គាល់នូវចំណុចវិជ្ជមាននៃសវនាការ ត្រង់ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានផ្តល់ឱកាសឱ្យយុវជនមាតាធម្មជាតិទាំង៣រូបបានលើកឡើងពីការកត់សម្គាល់របស់ខ្លួន ក្រោយសេចក្តីសន្និដ្ឋានរបស់មេធាវី ខណៈជាទូទៅ មិនដែលបានអនុញ្ញាតឱ្យជនជាប់ចោទបានធ្វើបែបនេះទេ។ លោកចាត់ទុកថា នេះជារឿងល្អ ដើម្បីឱ្យក្រុមយុវជនបានសំណូមពរពីការចង់បានរបស់ខ្លួន។
លោកបន្តថា៖ «ការចោទប្រកាន់ទៅលើរឿងញុះញង់ វាហាក់ដូចជាអត់បានឆ្លុះបញ្ចាំងអំពីសកម្មភាពពួកគាត់ដែលធ្វើលើកិច្ចការងារការពារបរិស្ថានដែលជាប្រយោជន៍របស់សង្គមជាតិទៅវិញ។ អ៊ីចឹងបើចៅក្រមលោកពិនិត្យមើលឃើញអំពីសកម្មភាពទាំងអស់ហ្នឹងជាប្រយោជន៍ទៅដល់សង្គមជាតិ ទៅដល់ពិភពលោក គឺគួរតែមានការទម្លាក់ចោលនូវបទចោទប្រកាន់តាមការស្នើសុំរបស់ពួកគាត់»។
ទោះយ៉ាងណា នៅក្នុងសវនាការនាព្រឹកមិញនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោក និល ណុន បានប្រកាសថា សាលដីកាលើសំណុំរឿងនេះនឹងត្រូវប្រកាសនៅថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ សប្តាហ៍ក្រោយនេះ៕