ពលរដ្ឋអះអាងថា ពួកគេជាង៣០០នាក់ មកពីសហគមន៍ចំនួន៣ នៃស្រុកស្រែអំបិល ខេត្តកោះកុង ប្រមូលផ្ដុំគ្នាមុខសាលាស្រុក នៅថ្ងៃនេះ ដើម្បីជំរុញទៅអាជ្ញាធរពន្លឿនការដោះស្រាយដីធ្លីជូនពួកគាត់ ខណៈពលរដ្ឋខ្លះកំពុងខ្វះដីសម្រាប់បង្កបង្កើនផល។
សហគមន៍ទាំង៣នោះ រួមមាន សហគមន៍១៩៧ សហគមន៍៧៦៦ និងសហគមន៍១៧៥។
ពលរដ្ឋសហគមន៍៧៦៦ នៅឃុំដងពែង លោក ឡាំង ចៀវ ប្រាប់វីអូឌីនៅថ្ងៃទី២៥ ខែកក្កដានេះថា ពួកគាត់ចំនួន៩៥៥គ្រួសារ រស់នៅឃុំដងពែង ឃុំជីខលើ ឃុំជីខក្រោម និងឃុំបឹងព្រាវ ស្រុកស្រែអំបិល បានដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចទៅអាជ្ញាធរស្រុក និងខេត្ត រយៈពេល៤ឆ្នាំមកហើយ ប៉ុន្តែរហូតពេលនេះ អាជ្ញាធរទាំងនោះមិនទាន់មានការដោះស្រាយណាមួយសម្រាប់ពលរដ្ឋឡើយ។
លោកបន្ថែមថា៖ «ដោយសារប្រជាពលរដ្ឋយើងកំពុងខ្វះខាតដីសម្រាប់បង្កបង្កើនផលធ្វើស្រែចម្ការ ហើយកូនចៅរបស់ពួកគាត់ក៏ច្រើន អ្នកខ្លះគាត់អត់មានដីសម្រាប់ធ្វើលំនៅឋាន អ្នកខ្លះទៀតកំពុងរស់នៅលើ[ដី]ចំណីព្រែករបស់រដ្ឋ ដោយពួកគាត់គ្មានដីសម្រាប់ការរស់នៅ»។
ពលរដ្ឋនៅឃុំដងពែងម្នាក់ទៀត លោក ចី រឿន និយាយថា គ្រួសាររបស់គាត់មានដីសម្រាប់ធ្វើស្រែតិចតួចប៉ុណ្ណោះ ខណៈសមាជិកគ្រួសារមានចំនួនច្រើន និងកំពុងមានជីវភាពខ្វះខាត។ លោកថា នៅខេត្តកោះកុង មានដីទំនេរជាច្រើនកន្លែង ដែលរដ្ឋគួរបែងចែកជាដីសម្បទានសង្គមកិច្ចចែកជូនពលរដ្ឋកំពុងខ្វះខាតដីអាស្រ័យផល ដើម្បីឱ្យពួកគាត់បានបង្កបង្កើនផលធ្វើស្រែចម្ការផ្គត់ផ្គង់ជីវភាពគ្រួសារ។
លោកបន្ថែមថា៖ «ខ្ញុំរាល់ថ្ងៃនេះ ប្រកបមុខរបរធ្វើស្រែបន្តិចបន្តួច ខ្វះមុខខ្វះក្រោយ ហើយប្រជាពលរដ្ឋយើងដែលស្នើដីសម្បទានសង្គមកិច្ចហ្នឹង ព្រោះយើងវាអត់ អត់មានដីធ្លីសម្រាប់កសិកម្មបង្កបង្កើនផល។ អ៊ីចឹងខ្ញុំសូមអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយដីធ្លីជូនពួកខ្ញុំបានបង្កបង្កើនផលផង»។
តំណាងពលរដ្ឋសហគមន៍១៩៧ នៅឃុំជីខលើ អ្នកស្រី អិប តឹង បានឱ្យដឹងថា ក្រុមពួកគាត់ទាំង១៩៧គ្រួសារ ត្រូវបានក្រុមហ៊ុនរបស់លោក ហេង ហ៊ុយ រំលោភយកដីធ្លីអស់តាំងពីឆ្នាំ២០០៧ ដោយមិនបានផ្តល់សំណងណាមួយជូនពលរដ្ឋឡើយ។ អ្នកស្រីថា ក្រោយមានជម្លោះដីធ្លីនេះ បានធ្វើឱ្យពលរដ្ឋរងការឈឺចាប់ និងរងទុក្ខលំបាក ដោយសារគ្មានដីសម្រាប់បង្កបង្កើនផល និងតំណាងពលរដ្ឋចំនួន៩នាក់ត្រូវជាប់បណ្ដឹងនៅតុលាការដោយសារបញ្ហាជម្លោះដីធ្លីនេះថែមទៀត។
លោកបន្ថែមថា៖ «ពួកខ្ញុំប្រឈមជាមួយតុលាការ ដោយគេបានកោះហៅឱ្យឆ្លើយបំភ្លឺជាបន្តបន្ទាប់ ធ្វើឱ្យពួកខ្ញុំឈឺចាប់! ឈឺចាប់ត្រង់ថា គេប្រើប្រាស់ប្រព័ន្ធតុលាការមកគំរាមកំហែង ហើយអាជ្ញាធរខេត្ត និងក្រសួងរៀបចំដែនដី គេមិនដោះស្រាយដីធ្លីឱ្យពួកយើងទៀត»។
តំណាងពលរដ្ឋ១៧៥ នៅឃុំជីខក្រោម អ្នកស្រី ផាវ ញ៉ឺង មានប្រសាសន៍ថា ក្រុមរបស់ពួកគាត់ក៏ត្រូវបានក្រុមហ៊ុនរបស់លោក ហេង ហ៊ុយ រំលោភយកដីធ្លីផងដែរ។ អ្នកស្រីថា ពួកគាត់មកសាលាស្រុកស្រែអំបិលនេះ ដើម្បីជំរុញទៅអាជ្ញាធរស្រុក និងអាជ្ញាធរខេត្តកោះកុង ពន្លឿនការដោះស្រាយបញ្ចប់ជម្លោះដីធ្លីជាមួយលោក ហេង ហ៊ុយ និងស្នើសុំឱ្យអាជ្ញាធរធ្វើផ្លូវលំក្នុងសហគមន៍ជូនពួកគាត់ឱ្យបានឆាប់ផងដែរ។
អ្នកស្រីបន្ថែមថា៖ «គោលបំណងទី១ គឺស្នើសុំឱ្យដោះស្រាយរឿងដីផ្ទះរបស់ពួកខ្ញុំជាមួយលោកឧកញ៉ា ហេង ហ៊ុយ ដោយបញ្ចប់ មិនមែនទៅវាស់វែងដីរបស់ពួកខ្ញុំទៅឱ្យលោក ហេង ហ៊ុយ ហើយធ្វើប្លង់ឱ្យគេ ហើយពួកខ្ញុំគ្មានប្លង់អ៊ីចឹងទេ ពួកខ្ញុំរស់នៅម៉េចកើត? មួយទៀត យើងស្នើសុំផ្លូវសម្រាប់សហគមន៍១៧៥ ដែលធ្លាប់បានដោះស្រាយចប់កន្លងទៅ តើឱ្យពួកខ្ញុំដើរតាមណា ឱ្យខ្ញុំហែលភក់ទៅ ឬឱ្យខ្ញុំដើរតាមផ្លូវក្រុមហ៊ុន?»
វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលស្រុកស្រែអំបិល លោក ជា ច័ន្ទកញ្ញា និងអភិបាលរងស្រុក លោក ហុង ប្រុស រួមនឹងអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង លោក សុខ សុទ្ធី បានទេ នៅថ្ងៃចន្ទនេះ។
មន្ត្រីសម្របសម្រួលសហគមន៍នៅសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាប្រចាំខេត្តកោះកុង និងកំពង់ស្ពឺ លោក ញ៉ិល ភាព បានជំរុញទៅអាជ្ញាធរពាក់ព័ន្ធត្រូវពន្លឿនការដោះស្រាយជូនពលរដ្ឋឱ្យបានឆាប់ និងចៀសវាងការច្រានចោលសំណើរបស់ពលរដ្ឋ ដែលធ្វើឱ្យពួកគេបន្តរងទុក្ខលំបាកខ្វះដីធ្លីសម្រាប់បង្កបង្កើនផល។
មន្ត្រីសង្គមស៊ីវិលរូបនេះក៏ស្នើដល់អាជ្ញាធរឱ្យបញ្ចប់ការគំរាមកំហែង និងប្រើប្រាស់ប្រព័ន្ធតុលាការប្តឹងប្រឆាំងពលរដ្ឋតវ៉ាដីធ្លីផងដែរ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋក្នុងការទទួលបានសិទ្ធិដីធ្លី ដែលធានាដោយច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិផ្សេងទៀត។ លោកថា កន្លងមក អាជ្ញាធរ និងអ្នកមានលុយមានអំណាច តែងប្រើប្រាស់ប្រព័ន្ធតុលាការប្តឹងប្រឆាំងពលរដ្ឋកុំឱ្យពួកគេហ៊ានចេញតវ៉ា ដោយលោកថា ការធ្វើបែបនេះមិនអាចដោះស្រាយបញ្ចប់បញ្ហា និងធ្វើឱ្យពលរដ្ឋឈប់តវ៉ានោះឡើយ។
លោកបន្ថែមថា៖ «ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីគាបសង្កត់ ចោទប្រកាន់ ការចាប់ខ្លួនទៅលើសកម្មជនដីធ្លី មិនថានៅខេត្តកោះកុង ឬនៅខេត្តណាៗទេ គឺមិនមែនជាដំណោះស្រាយមួយល្អ ធ្វើឱ្យប្រជាពលរដ្ឋបាក់ស្បាត ឬក៏ទទួលយក ឬស្ងប់ចិត្តក្នុងការតស៊ូមតិនោះទេ។ យើងឃើញថា ការប្រើប្រាស់ប្រព័ន្ធតុលាការនេះទៀតសោត គឺមិនស្របទៅតាមនីតិវិធីនៃច្បាប់ ព្រោះពលរដ្ឋមានសិទ្ធិតវ៉ា ឬតស៊ូមតិ ដើម្បីទាមទារផលប្រយោជន៍ស្របច្បាប់ដែលពួកគាត់ត្រូវទទួលបាន»។
កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញរបាយការណ៍មួយដោយរកឃើញថា ក្នុងឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួនជិត២ម៉ឺនគ្រួសារ (១៧ ០៣៣គ្រួសារ) បានរងផលប៉ះពាល់ដោយសារវិវាទដីធ្លី ដែលមានទំហំជាង៥០ ០០០ហិកតា (៥២ ៦០១,៨៧ហិកតា)។
អាដហុក ឱ្យដឹងទៀតថា មានពលរដ្ឋរងគ្រោះដីធ្លីចំនួន១៥៧នាក់កំពុងជាប់បណ្ដឹងអាជ្ញា និងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យពីតុលាការ ខណៈជនរងគ្រោះ១៧នាក់ទៀតកំពុងឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារ ដោយសារការតវ៉ាទាមទារដីធ្លីរបស់ខ្លួន៕