ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) បានជាសះស្បើយពីជំងឺកូវីដ-១៩ កាលពីថ្ងៃពុធ និងបានអំពាវនាវឱ្យពលរដ្ឋអាមេរិកទៅចាក់វ៉ាក់សាំង។ លោកបាននិយាយថា ជំងឺរបស់លោកគឺស្រាលជាងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលធ្លាប់ឆ្លងជំងឺកូវីដ-១៩ដែរ ។
លោក ចូ បៃឌិន (Joe Biden) បច្ចុប្បន្នមានអាយុ៧៩ឆ្នាំ បានបញ្ចប់ការធ្វើចត្តាឡីស័ក បន្ទាប់ពីលោកបានធ្វើតេស្តអវិជ្ជមាននៅល្ងាចថ្ងៃអង្គារ និងបានធ្វើតេស្តអវិជ្ជមានម្តងទៀតនៅព្រឹកថ្ងៃពុធម្សិលមិញនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃពុធម្សិលមិញនេះ។
ក្នុងអំឡុងពេលថ្លែងសុន្ទរកថាទៅកាន់បុគ្គលិក និងអ្នកសារព័ត៌មាននៅឯសេតវិមាន លោក បៃឌិន បានថ្លែងថា លោកបានជាសះស្បើយ ដោយមិនមានការភ័យខ្លាច ដោយសារមានសេវាថែទាំល្អ និងថ្នាំព្យាបាលដែលត្រៀមទុកជាស្រេច។
លោក ចូ បៃឌិន (Joe Biden) បានមានប្រសាសន៍ថា៖ «ខ្ញុំមានរោគសញ្ញាស្រាល ឆាប់ជា ហើយខ្ញុំមានអារម្មណ៍ល្អណាស់។ ក្នុងអំឡុងពេលដែលខ្ញុំធ្វើចត្តាឡីស័ក ខ្ញុំនៅតែអាចធ្វើការបានដោយគ្មានបញ្ហាអ្វីឡើយ។ វាបង្ហាញពីជំហររបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»។
លោកបន្តថា៖ «នៅពេលដែលប្រធានាធិបតីមុន [សំដៅលើលោក ដូណាល់ ត្រាំ] មានជំងឺកូវីដ-១៩ គាត់ត្រូវបានគេដឹកតាមឧទ្ធម្ភាគចក្រទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Walter Reed។ គាត់ឈឺធ្ងន់»។
លោកបន្ថែមទៀតថា៖ «នៅពេលខ្ញុំមានជំងឺកូវីដ-១៩ ខ្ញុំធ្វើការនៅការិយាល័យជាន់លើ ក្នុងសេតវិមាន រយៈពេលប្រាំថ្ងៃ។ អ្វីដែលខុសគ្នានោះ គឺការចាក់វ៉ាក់សាំង។»
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន តែស្ថិតក្នុងកម្រិតស្រាល និងអាចបន្តធ្វើការងារបានជាធម្មតា៕