តុលាការកំពូលរបស់ប្រទេសស្រីលង្កា បានចេញដីកាកោះហៅអតីតប្រធានាធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) ឱ្យបង្ហាញខ្លួននៅតុលាការនៅថ្ងៃទី០១ ខែសីហា ជុំវិញការចោទប្រកាន់ថា លោកពាក់ព័ន្ធនឹងការបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចរបស់ ប្រទេសនេះ។
មន្ត្រីតុលាការកំពូលម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន CNA ថាដីកាកោះត្រូវបានចេញនៅថ្ងៃពុធ (ទី២៧ ខែកក្កដា) ទាក់ទងនឹងញត្តិយ៉ាងហោចណាស់មួយដែលបានប្ដឹងអ្នកនយោបាយនិងមន្ត្រីរាជការ ដោយចោទប្រកាន់ថា ពួកគេទទួលខុសត្រូវចំពោះវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសដែនកោះមួយនេះ។
ក្នុងចំណោមចុងចោទទាំងនោះមានលោក Rajapaksa ដែលបានភៀសខ្លួនចេញពីប្រទេសកាលពីដើមខែនេះ តាមយន្តហោះយោធា ចំពេលមានការតវ៉ាដ៏ធំទាមទារឱ្យលោកលាលែងពីតំណែង។
បច្ចុប្បន្ននេះ លោកកំពុងស្ថិតក្នុងប្រទេសសិង្ហបុរី ដែលលោកទទួលបានការបន្តឱ្យស្នាក់នៅរយៈពេល១៤ថ្ងៃបន្ថែមទៀត។ បើតាមបណ្ដាញសារព័ត៌មាន CNA ដដែលបានឱ្យដឹងថា គាត់អាចស្នាក់នៅក្នុងប្រទេសសិង្ហបុរី រហូតដល់ថ្ងៃទី១១ ខែសីហា ដោយសារតែការពន្យារពេលនោះ។
អតីតប្រធានាធិបតីស្រីលង្កា បានភៀសខ្លួនចេញពីប្រទេសស្រីលង្កា នៅថ្ងៃទី១៣ ខែកក្កដា បន្ទាប់ពីមានការតវ៉ាទ្រង់ទ្រាយធំអស់រយៈពេលជាច្រើនខែដែលស្តីបន្ទោសរដ្ឋាភិបាលរបស់លោក ចំពោះវិបត្តិសេដ្ឋកិច្ចដុនដាបបំផុតរបស់ប្រទេសនេះចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨។
ប្រជាជនស្រីលង្កាមានជីវភាពរស់នៅកាន់តែដុនដាបខ្លាំង ដោយសារមានអតិផរណាកើនឡើងខ្ពស់ និងកង្វះការដោះដូររូបិយបណ្ណបរទេស។
ការធ្លាក់ចុះនៃរូបិយបណ្ណបរទេសរបស់ប្រទេសនេះ បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង ប៉ះពាល់ដល់ការនាំចូល និងនាំឱ្យមានកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងសម្ភារចាំបាច់ផ្សេងៗទៀត។
លោក Rajapaksa បានដាក់លិខិតលាលែងពីតំណែង ខណៈលោកកំពុងនៅក្នុងប្រទេសសិង្ហបុរី។ កាលពីសប្ដាហ៍មុន លោក រ៉ានីល វីក្រេមេស៊ីងហ្កេ (Ranil Wickremesinghe) ត្រូវបានសភាបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីជំនួសលោក Rajapaksa។
បន្ទាប់ពីលោក Rajapaksa លាលែងពីតំណែង ភាពតានតឹងនៅតាមដងផ្លូវបានធូរស្រាល។ ទោះជាយ៉ាងណាក៏ដោយ អាចនឹងមានការតវ៉ាជាថ្មីម្តងទៀត ប្រសិនបើលោកសម្រេចចិត្តវិលត្រលប់ចូលប្រទេសវិញ។
រដ្ឋមន្ត្រីប្រព័ន្ធផ្សព្វផ្សាយ និងជាអ្នកនាំពាក្យគណៈរដ្ឋមន្ត្រី លោក បាន់ឌូឡា ហ្គុនវ៉ាឌិនណា (Bandula Gunwardena) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា៖ «ខ្ញុំជឿថា គាត់នឹងត្រលប់មកវិញ»។
លោកបន្ថែមថា «ប្រសិនបើគាត់ត្រលប់មកវិញ ហើយប្រសិនបើចាំបាច់ អាជ្ញាធរនឹងចាត់វិធានការ ដើម្បីធានាថាមិនមានអ្វីអាក្រក់កើតឡើងចំពោះអតីតប្រធានាធិបតីរូបនេះឡើយ»។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា លោក Rajapaksa មិនមែនលាក់ខ្លួនក្នុងប្រទេសសិង្ហបុរីឡើយ។
លោកបន្ថែមថា៖ «គាត់នៅទីនោះដោយមានទិដ្ឋាការដូចអ្នកដទៃដែរ»៕