ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក អ្នកស្រី ណានស៊ី ពែលឡូស៊ី (Nancy Pelosi) បានធ្វើដំណើរមកដល់ប្រទេសសិង្ហបុរីហើយ នៅថ្ងៃទី១ ខែសីហានេះ ជាដំណើរទស្សនកិច្ចមួយជុំមកកាន់តំបន់អាស៊ីរបស់អ្នកស្រី ក្រោមក្រសែភ្នែកឃ្លាំមើលយ៉ាងដិតដល់របស់ប្រទេសចិន ខណៈប្រទេសអំណាចនៅអាស៊ីមួយនេះបានព្រមានថា យោធារបស់ខ្លួននឹង «មិននៅស្ងៀមឡើយ» ប្រសិនបើអ្នកស្រីធ្វើដំណើរទៅកាន់ «កោះតៃវ៉ាន់» ដែលចិនតែងចាត់ទុកថាគ្រាន់តែជាអាណាខេត្តរបស់ខ្លួននោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃនេះ។
ក្រសួងការបរទេសសិង្ហបុរីបានឱ្យដឹងថា អ្នកស្រី Pelosi និងគណៈប្រតិភូរបស់គាត់ បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) ទៅលើបញ្ហានានា មានដូចជា ទំនាក់ទំនងឆ្លងទ្វីប សង្រ្គាមអ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុ ជាដើម។ ចំណែកលោកនាយករដ្ឋមន្ត្រី Lee Hsien Loong វិញ បានលើកឡើងពីសារៈសំខាន់នៃទំនាក់ទំនងប្រកបដោយស្ថិរភាពរវាងអាមេរិក និងចិនសម្រាប់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់។
នៅមុនដំណើរទស្សនកិច្ចរបស់អ្នកស្រី Pelosi ប្រទេសចិនក៏បានផ្ញើសារព្រមានគណៈប្រតិភូអាមេរិក ប្រសិនបើពួកគេធ្វើដំណើរទៅកាន់កោះតៃវ៉ាន់។
ទាក់ទងនឹងការព្រមាននេះ សារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃចន្ទនេះ ដោយស្រង់សម្តីរបស់លោក ហ្សៅ លីជៀន (Zhao Lijian) អ្នកនាំពាក្យក្រសួងការបរទេសចិនដែលបានថ្លែងថា៖ «យើងសូមប្រាប់សហរដ្ឋអាមេរិកជាថ្មីម្តងទៀតថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេច។ កងទ័ពរំដោះប្រជាជនចិននឹងមិននៅស្ងៀមឡើយ ហើយប្រទេសចិននឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន»។
នៅពេលសួរថាតើកងទ័ពរំដោះប្រជាជនចិននឹងចាត់វិធានការបែបណា លោកបាននិយាយថា៖ «ប្រសិនបើអ្នកស្រីហ៊ានទៅ ចាំមើលនឹងមានរឿងអ្វីកើតឡើង»៕