កូដករណាហ្គាវើលដ៍មួយចំនួនអះអាងថា ពួកគេនៅតែបន្តធ្វើកូដកម្មទាមទារឱ្យមានការដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនប្រកបដោយយុត្តិធម៌ស្របតាមច្បាប់ការងារ ខណៈពួកគេថាក្រសួងការងារបានខកខានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការបញ្ចប់ជម្លោះការងារមួយនេះ។
សមាជិកសហជីព និងជាបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ កញ្ញា ជា សុខុម លើកឡើងថា កញ្ញានៅតែប្រកាន់ជំហរបន្តធ្វើកូដកម្មទាមទារឱ្យមានសហជីពនៅក្នុងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍បន្តទៀត និងជំរុញឱ្យមានដំណោះស្រាយតាមច្បាប់ការងារ បើទោះជាត្រូវរងការគំរាមកំហែងពីសំណាក់អាជ្ញាធរយ៉ាងណាក្ដី។
កញ្ញាបន្តថា ការតស៊ូមតិដើម្បីសិទ្ធិសេរីភាពការងារដោយសន្តិវិធី ដោយលែងបារម្ភនឹងការគាបសង្កត់ណាមួយរបស់ក្រសួងការងារឡើយ ព្រោះក្រុមកូដករបានរងនូវអំពើហិង្សា អ្នកតំណាងកូដករជាប់ពន្ធនាគារ និងខកខានទទួលបាននូវច្រកចេញដោយយុត្តិធម៌ពីភាគីថៅកែ។
កញ្ញាថា៖ «ពួកខ្ញុំនៅតែបន្តធ្វើកូដកម្មដដែល ដោយសារតែគ្មានដំណោះស្រាយ! ហើយអ្វីដែលពួកខ្ញុំធ្វើ គឺដើម្បីសិទ្ធិសេរីភាព និងមានសហជីពនៅកន្លែងធ្វើការងារ។ […] គឺចង់ឱ្យខាងក្រសួងហ្នឹងគាត់នៅចំណុចកណ្ដាល ហើយដោះស្រាយនូវវិវាទមួយនេះ ព្រោះដោយសារអី មកពីខាងក្រសួងគឺមានច្បាប់ចេញឱ្យប្រជាជនគោរពតាម។ អ៊ីចឹងបើអ្នកខាងក្រសួងគាត់ចែងច្បាប់ហើយ បើច្បាប់ហ្នឹងគាត់មិនគោរពខ្លួនឯង តើប្រជាជនត្រូវគោរពយ៉ាងម៉េច?»
ប្រភពបុគ្គលិកដដែល ចង់ឃើញក្រសួងការងារអនុវត្តតួនាទីរបស់ខ្លួនដោយតម្លាភាព ដោះស្រាយវិវាទនេះជូនដល់កម្មករខ្មែរស្លូតត្រង់ ដោយមិនលម្អៀងទៅរកក្រុមនិយោជកមានលុយ មានអំណាច ដែលមិនបានគោរពតាមច្បាប់កម្ពុជា។
បុគ្គលិកមួយរូបទៀត គឺលោក នាង សំអាត បង្ហាញជំហរបន្តធ្វើកូដកម្ម ដើម្បីទាមទារឱ្យថៅកែណាហ្គាចេញមុខមកដោះស្រាយវិវាទជាមួយកម្មករតាមច្បាប់ការងារកម្ពុជា។
យ៉ាងណា លោកថា បើក្រសួងការងារ និងអាជ្ញាធរខណ្ឌ មិនបានជួយសម្របសម្រួលឱ្យកូដករបានដំណោះស្រាយទេ គឺគ្រាន់តែកុំព្យាយាមរារាំងកូដករមិនឱ្យទៅតវ៉ានៅពីមុខក្រុមហ៊ុនកាស៊ីណូណាហ្គាទៅបានហើយ។
លោកថា៖ «បើសិនជាអត់បានដោះស្រាយទេ វាប៉ះពាល់ដល់សហជីពទូទាំងប្រទេស ឬកម្មករទូទាំងប្រទេសដែរ។ ប៉ះពាល់សិទ្ធិការងារ! អ៊ីចឹងវាប៉ះពាល់ខ្លាំងមែនទែន វាមិនមែនប៉ះធម្មតាតែពួកខ្ញុំទេ អ្នកដទៃក៏ប៉ះពាល់ដែរ ដូចជារោងចក្រ ដូចជាសហជីពកម្មករផ្សេងៗ ក៏រងប៉ះពាល់ដែរ។ មិនមែនតែសហជីពកម្មករពួកខ្ញុំមួយទេ ហើយវាពាក់ព័ន្ធនឹងច្បាប់អន្តរជាតិ ប៉ះពាល់ច្រើន វាប៉ះពាល់ដល់មុខមាត់ជាតិទៀត»។
VOD មិនអាចទាក់ទងសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានទេ នៅថ្ងៃចន្ទនេះ។
យ៉ាងណា លោកធ្លាប់បញ្ជាក់ប្រាប់ VOD កាលពីថ្ងៃទី២៧ ខែកក្កដា ថាមូលហេតុនៃការអូសបន្លាយរកដំណោះស្រាយវិវាទណាហ្គាវើលដ៍ជាង១ឆ្នាំមកនេះ គឺបណ្ដាលមកពីភាគីពាក់ព័ន្ធមិនព្រមអនុវត្តតាមនីតិវិធីដែលមានចែងក្នុងច្បាប់។
យោងតាមនីតិវិធី គឺភាគីបុគ្គលិកត្រូវប្ដឹងទៅតុលាការដើម្បីបញ្ចប់ករណីតវ៉ានេះ ក្រោយពេលដែលភាគីអតីតបុគ្គលិកបដិសេធការផ្សះផ្សារបស់មន្ត្រីផ្សះផ្សាវិវាទការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ ការតវ៉ាដោយមិនគោរពនីតិវិធីជាធរមាន គឺនឹងធ្វើឱ្យភាគីដែលមិនគោរពនីតិវិធីកាន់តែបាត់ប្រៀបក្នុងយន្តការច្បាប់។
យ៉ាងណា លោកថា ក្រសួងការងារនឹងបន្តសម្របសម្រួលជូនភាគីពាក់ព័ន្ធនឹងការតវ៉ាមួយនេះ ប្រសិនជាភាគីពាក់ព័ន្ធនៅត្រូវការក្រសួង។
លោកថា៖ «ប្រសិនជាបងប្អូនមានបំណងតវ៉ានឹងការបកស្រាយរបស់ជំនាញ ឬមិនអស់ចិត្តនឹងការផ្សះផ្សានៅកម្រិតណាមួយ គឺបងប្អូនត្រូវតែប្តឹងបន្តទៅតុលាការ។ យើងមិនគួរយកផ្លូវសាធារណៈធ្វើជាកន្លែងបកស្រាយច្បាប់នោះទេ។ ការយកផ្លូវសាធារណៈធ្វើជាកន្លែងបកស្រាយច្បាប់តែឯកឯង មិនត្រឹមតែខុសនីតិវិធីទេ ថែមទាំងបង្កការលំបាកដល់ប្រជាពលរដ្ឋដទៃ ហើយប៉ះពាល់ដល់កិត្តិយសប្រទេសជាតិផងដែរ»។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ថ្លែងថា លោកនៅតែបន្តគាំទ្រការតស៊ូមតិរបស់កូដករណាហ្គាវើលដ៍ ដែលទាមទារឱ្យមានដំណោះស្រាយវិវាទការងារដែលអូសបន្លាយមកជាង១ឆ្នាំនេះ។ លោកថា គាត់នៅបន្តតាមឃ្លាំមើល និងលើកទឹកចិត្តដល់កូដករទាំងនោះ។
លោកថា៖ «យើងជួយតាមលទ្ធភាព ទៅឃ្លាំមើល ឬក៏ទៅចូលរួមសកម្មភាពមើលអ៊ីចឹងទៅ លើកទឹកចិត្តអ៊ីចឹងបាន។ […] ប៉ុន្តែយើងពិបាកដែរ ព្រោះយើងធ្លាប់ទៅចូលរួម[ធ្វើកូដកម្ម]ដែរ ប៉ុន្តែត្រូវបានគេរារាំង អ៊ីចឹងយើងអាចត្រឹមចូលរួមគាំទ្រ និងមើលសង្កេតការណ៍អ៊ីចឹងទៅ»។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ ថ្លែងថា ក្រុមសហជីពកំពុងជជែកពិភាក្សា ថាតើនឹងចាប់ផ្តើមសកម្មភាពនៃការចូលរួមទាមទារជាមួយកម្មករឱ្យមានដំណោះស្រាយលើវិវាទការងារណាហ្គានេះ។
យ៉ាងណា អ្នកស្រីចង់ឱ្យករណីវិវាទការងារមួយនេះបញ្ចប់ដោយស្រុះស្រួលគ្នា តាមរយៈការជំរុញឱ្យថៅកែទទួលយកបុគ្គលិកដែលបញ្ឈប់កន្លងទៅ និងអនុវត្តតាមច្បាប់ការងារ។
អ្នកស្រីថា៖ «រឿងធ្វើ[កូដកម្មជាមួយកូដករ]ហ្នឹង ពួកយើងដឹងតែធ្វើហើយ ប៉ុន្តែមុននឹងធ្វើហ្នឹង យើងអាចធ្វើសន្និសីទកាសែតមុនហ្នឹងអ៊ីចឹង ឬក៏បង្កើតជាវេទិកាហៅក្រសួង ស្ថាប័នពាក់ព័ន្ធមកពិគ្រោះគ្នា ថាតើគាត់មានយន្តការអីក្នុងការដោះស្រាយវិវាទការងារនៅណាហ្គាហ្នឹង»។
ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលមានទីតាំងនៅជាប់របងរដ្ឋសភា ក្នុងរាជធានីភ្នំពេញ បានកម្រើកការតវ៉ាចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ក្រោយពីក្រុមហ៊ុននេះបានជូនដំណឹងពីគម្រោងបញ្ឈប់បុគ្គលិក ១ ៣២៩នាក់ ជាទ្រង់ទ្រាយធំ ក្រោមហេតុផលជួបវិបត្តិហិរញ្ញវត្ថុ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។
ក៏ប៉ុន្តែសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានសម្អាងហេតុផ្ទុយពីនេះ ដោយពួកគេចាត់ទុកការបញ្ឈប់នេះជាចេតនាថៅកែចង់លុបបំបាត់សហជីពឯករាជ្យ ផ្ទុយពីច្បាប់ការងារ និងអនុសញ្ញារួមរបស់អង្គការពលកម្មអន្តរជាតិ (ILO) ដែលកម្ពុជាបានផ្ដល់សច្ចាប័ន ខណៈអ្នកដែលត្រូវបញ្ឈប់ទាំងនោះភាគច្រើនជាមេដឹកនាំសហជីព សកម្មជនសហជីព និងប្រតិភូបុគ្គលិក ជាដើម៕