គ្រឿងចក្រ​ជាច្រើន​ចាប់ផ្ដើម​ឈូសឆាយ​ព្រៃតំបន់​ភ្នំតាម៉ៅ ខណៈ​ដីព្រៃ​ប្រមាណ​១៥០០​ហិកតា​រដ្ឋ​បាន​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន

ទិដ្ឋភាពថតពីលើអាកាស ពីសកម្មភាពឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅ ក្នុងទំហំទ្រង់ទ្រាយធំ ស្ថិតនៅភូមិហនុមាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

គ្រឿងចក្រជាច្រើនកំពុងឈូសឆាយនៅតំបន់សួនសត្វភ្នំតាម៉ៅ ដែលផ្ទៃដីស្ទើរតែទាំងស្រុងនៃសួនសត្វមួយនេះ​នឹងក្លាយជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជន ស្របពេលប្រជាពលរដ្ឋរស់នៅជុំវិញតំបន់​នេះកំពុងព្រួយបារម្ភចំពោះការអភិវឌ្ឍ​ដែលបំផ្លាញព្រៃឈើ និងជម្រកសត្វ។

ឯកសារផ្លូវការមួយបង្ហាញថា ផ្ទៃដីទំហំ៥០០ហិកតាដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ នឹងត្រូវផ្ទេរទៅជាកម្មសិទ្ធិឯកជន ដោយមិនបានបញ្ជាក់ពីទីតាំង ឬម្ចាស់កម្មសិទ្ធិឡើយ។ ឯកសារមួយទៀតបានឱ្យដឹងថា ផ្ទៃដី៧០០ហិកតាផ្សេងទៀត បច្ចុប្បន្ន​ត្រូវបានស្នើសុំដោយក្រុមហ៊ុន TP Moral Group របស់​ឧកញ៉ា ឃុន សៀ។ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានប្រាប់វីអូឌីកាលពីថ្ងៃសៅរ៍ថា ទីតាំងដីដ៏ធំនេះត្រូវបានលក់ទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ និងម្ចាស់ផលិកម្មចម្រៀងកាឡាក់ស៊ី របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា

វីអូឌី បានព្យាយាមរកការឆ្លើយតបពីតំណាងក្រុមហ៊ុន TP Moral Group និងក្រុមហ៊ុន ឡេង ណាវ៉ាត្រា ប៉ុន្តែមិនមានការឆ្លើយតបទេ នៅថ្ងៃអង្គារនេះ។

យ៉ាងណា​ មន្រ្តីរដ្ឋបាលព្រៃឈើម្នាក់ដែលមានទំនាក់ទំនងជាមួយ​នឹងក្រុមហ៊ុន​កំពុងឈូសឆាយនៅតំបន់ភ្នំតាម៉ៅនេះ បានប្រាប់ វីអូឌី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ​ក្រុមហ៊ុនចំនួន៤ ក្នុងនោះ​រួមមាន ក្រុមហ៊ុន ឡេង ណាវ៉ា​ត្រា ដែលទទួលបានដីធំជាងគេ គ្រោង​ឈូសព្រៃភ្នំតាម៉ៅក្នុងទំហំប្រមាណ១ ៥០០ហិកតា ខណៈផ្ទៃដីព្រៃសួនសត្វភ្នំតាម៉ៅទាំងមូលមានទំហំ​ជាង​២ ៥០០ហិកតាប៉ុណ្ណោះ។

អ្នករាយការណ៍ព័ត៌មានវីអូឌី បានបង្ហោះដ្រូនថតពីលើអាកាស បានឃើញគ្រឿងចក្រចំនួន៦កំពុងឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅ ក្នុងទំហំទ្រង់ទ្រាយធំ និងមានកងកម្លាំងជាច្រើនកំពុងការពារ មិនឱ្យប្រជាពលរដ្ឋចេញចូលតំបន់នេះ ដែលស្ថិតនៅភូមិហនុមាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។

ព្រះសង្ឃគង់នៅវត្តថ្ម​អន្ទង​ នៅលើភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ ព្រះតេជព្រះ​គុណ សុត ផល្លី មានថេរដីកាថា ​ក្រុមហ៊ុន​បានចាប់ផ្ដើមឈូសឆាយ​កាលពីចុងខែកក្កដា​ ​ដោយមានគ្រឿងចក្រចំនួន៦កំពុងឈូសឆាយ និងមានកម្មករ​៣០នាក់។ ជាមួយគ្នានេះ ឈើប្រណិតផ្សេងៗក្នុងតំបន់នោះ រួមមានធ្នង់ បេង ក្រញូង ឈើសុក្រំ ជាដើម ត្រូវបានដឹកចេញជាបន្តបន្ទាប់​។

ព្រះអង្គមានថេរដីកាថា៖ «​ឃើញគេកាប់ព្រៃតូចៗ​ គាស់គល់គាស់អ៊ីចឹងទៅ​ គម្រោងគេ គេរៀបចំបណ្ដើរៗអ៊ីចឹង។​ ច្រើនដែរ! កម្មករប្រហែល៣០នាក់ ​ដែលគេគាស់ឈើគាស់អី​ កាប់ដើមធ្នង់! រាល់ថ្ងៃ គេដឹកកាត់វត្ត»។​

​ព្រះសង្ឃអង្គនេះសោកស្ដាយជាខ្លាំងចំពោះការអភិវឌ្ឍ​ដែលធ្វើឱ្យប៉ះពាល់ដល់សត្វព្រៃនិងឈើដ៏កម្រ ប៉ះពាល់ដល់ជម្រកសត្វនៅតំបន់សួនសត្វភ្នំតាម៉ៅ និងជាទីកន្លែងនៅជិតទីក្រុង ដោយមិនមានទីកន្លែងណាជំនួសបាននោះឡើយ។​

ព្រះអង្គមានថេរដីកាថា៖ «​តាមអាត្មាគិតថា​ គេដឹងតែកន្លែងនេះកន្លែងលុយធំ បាន​គេឈូសឆាយ សុទ្ធតែមានគម្រោង។​ កន្លែងនេះជាកន្លែងស្អាតជាងគេ។​ ​តាមអាត្មាស្ទង់មើល​នៅខេត្តតាកែវ​ កន្លែងហ្នឹងដែលស្អាតជាងបំផុត​ ព្រៃឈើ ហើយទាក់ទាញមនុស្ស»។​

ពលរដ្ឋម្នាក់រស់នៅ​ជើងភ្នំតាម៉ៅ ក្បែរកន្លែងឈូសឆាយព្រៃឈើនោះ លោក កែវ ង៉ាន់​ ​បានឱ្យដឹងថា ​មានកងកម្លាំងជាច្រើននាក់បានឈរការពារមិនឱ្យប្រជាពលរដ្ឋចេញចូលទៅមើលតំបន់ពួកគេកំពុងឈូសឆាយ​ឡើយ។ លោកក៏បានអះអាងថា ពិតជាមានរថយន្តជាច្រើនគ្រឿងបានដឹកជញ្ជូនឈើប្រណិតចេញតំបន់ភ្នំតាម៉ៅ​ជារៀងរាល់ថ្ងៃ​ប្រាកដមែន។

ពលរដ្ឋដដែលយល់ឃើញថា ការអភិវឌ្ឍនេះផ្ដល់ផលប្រយោជន៍ចំពោះតែអ្នកមានប៉ុណ្ណោះ។ ដូច្នេះ លោកថា ប្រជាពលរដ្ឋក្រីក្រចំនួនពីរឃុំ រួមមាន ឃុំត្រពាំងសាប និងឃុំកណ្ដឹង នឹងលែងបានទាញយកផល អនុផលព្រៃឈើ​ ដូចមុនទៀតហើយ។ ចំណែកសត្វព្រៃដែលកំពុងរស់នៅតំបន់អភិរក្សមួយនេះ នឹងប្រឈម​ការបាត់បង់ជាក់ជាមិនខាន។​

លោកថា៖ «និយាយផលប៉ះពាល់ ប៉ះមួយទំហឹង។ ​សត្វហ្នឹង សត្វថ្នាក់ល្មូនក៏មាន​ ថនិកសត្វក៏មាន ​គ្រប់ប្រភេទហ្មង!​ តែមិនដឹងគេឱ្យនៅក្នុងសួនវិញ ឬគេឱ្យរត់ពេញទឹកពេញដី​»។

វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ លោក ស្រី វុឌ្ឍី បាន​ទេ នៅថ្ងៃអង្គារនេះ។

តែយ៉ាងណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានប្រាប់ វីអូឌី កាលពីថ្ងៃទី៣១ ខែកក្កដា ​ថា​អាជ្ញាធរថ្នាក់ក្រោមបានកាប់ព្រៃឈើនៅក្នុងតំបន់សួនសត្វ​ភ្នំតាម៉ៅ ដើម្បីយកឈើលក់ ហើយយកថវិកាចូលរដ្ឋ និងទុកដីឱ្យក្រុមហ៊ុន ឡេង ណាវ៉ា​ត្រា ធ្វើការអភិវឌ្ឍ។ លោកអះអាងថា ការកាប់ឈើនោះមិនធ្វើឱ្យប៉ះពាល់ដល់ជម្រកសត្វព្រៃ និងប៉ះពាល់ដល់បរិស្ថាន ដូចការលើកឡើងរបស់អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ​ឡើយ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំបានជម្រាបជូនហើយថា អត់មានប៉ះពាល់អ្វីទេ។ កន្លែងសួនសត្វនៅតែសួនសត្វដដែល ដែលយើងធ្វើរបងព័ទ្ធជុំវិញជាង៤០០ហិកតា អត់មានប៉ះពាល់អ្វីទេ។ អ្នកនិយាយបំផ្លើសចេះតែនិយាយទៅ ព្រោះនៅកន្លែងសួនសត្វមានដើមឈើ មានរបងការពារទាំងអស់ គ្រាន់តែយើងធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងហ្នឹងបន្ថែមទៀត»។

លោកបន្ថែមថា តាមគម្រោង រដ្ឋាភិបាលផ្ដល់ដីសម្បទានប្រមាណ១ ៥០០ហិកតាដល់ក្រុមហ៊ុនសម្រាប់​អភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ ដូចជា សង់ផ្ទះ ដាំស្មៅ និងចិញ្ចឹមសត្វគោយកទឹកដោះ ជាដើម។

ទោះបីជាបែបនេះក្ដី ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង មានប្រសាសន៍ថា លោកមិនមានភាពភ្ញាក់ផ្អើលទេ ចំពោះការឈូសឆាយបំផ្លាញព្រៃឈើនៅតំបន់ភ្នំតាម៉ៅ ដោយថា រដ្ឋាភិបាលគ្មានចេតនាក្នុងការពារពារធនធានធម្មជាតិ ឬផលប្រយោជន៍សាធារណៈនោះទេ។

លោកមើលឃើញថា រដ្ឋាភិបាលខ្វល់ខ្វាយតែពីការអភិវឌ្ឍ​ ស្របពេលដែលកន្លងទៅ រដ្ឋាភិបាលមិនដែលស្ទាក់ស្ទើរក្នុងការកាត់ដីបឹងតាមោក បឹងកក់ ទន្លេបាទី ទៅឱ្យក្រុមហ៊ុនឯកជននោះឡើយ។​

លោកថា​៖​ «ទស្សនវិស័យរបស់អ្នកអភិវឌ្ឍន៍ស្រុកខ្មែរ​ គិតពីផលប្រយោជន៍ច្រើនណាស់​ អត់គិតពីផលប្រយោជន៍សាធារណៈសោះ។​ ដូចយើងឃើញថា សួនសត្វភ្នំតាម៉ៅ​ សួនសត្វអីហ្នឹង គេយកអស់ហើយ​ បឹងអីគេយកអស់ហើយ​ លើកលែងតែ​សួនសត្វឯកជន ដូចជា សាហ្វារីអីហ្នឹង​ ដែលជាប្រយោជន៍អ្នកមានអំណាចអីហ្នឹង​ គេរៀបចំឱ្យបានល្អ គេអភិរក្សអ៊ីចឹង»។

កាលពីថ្ងៃទី១ ខែកក្កដា អង្គភាពប្រឆាំងអំពើពុករលួយ (ACU)​ ​បានចេញសេចក្ដីប្រកាសព័ត៌មាន​ដោយអះអាងថា អង្គភាពមួយនេះរកមិនឃើញពីភាពមិនប្រក្រតីចំពោះការដោះដូរដីនៅភ្នំតាម៉ៅនោះទេ។​ បន្ថែមពីនេះ ACU ឱ្យដឹងថា រដ្ឋនឹងបង្កើតទីតាំង៣បន្ថែមទៀត​ ​​នៅខេត្តកំពង់ឆ្នាំង សៀមរាប និងមណ្ឌលគិរី ដែលមានទំហំធំជាង ដើម្បីជំនួសតំបន់សួនសត្វភ្នំតាម៉ៅនេះ។

យ៉ាងណា នាយកកម្មវិធីសង្គ្រោះ និងថែទាំសត្វព្រៃ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ លោក និក ម៉ាក (Nick Marx) បានចេញសេចក្ដីថ្លែងការណ៍មួយដោយលើកឡើងថា ដើម្បីជួយសង្គ្រោះសត្វព្រៃ និងសត្វកម្រនៅប្រទេសកម្ពុជា អង្គការនេះ និងរដ្ឋបាលព្រៃឈើ តែងតែសហការ​គ្នាលើការងារអភិរក្សនេះ។

ជាមួយគ្នានេះ លោក និក ម៉ាក ឱ្យដឹងថា រូបលោកក៏ត្រូវចំណាយថវិកាផ្ទាល់ខ្លួន និងពីមូលនិធិផ្សេងទៀតប្រមាណ ៥០ម៉ឺនដុល្លារជារៀងរាល់ឆ្នាំ ហើយរយៈពេលជិត ២០ឆ្នាំមកនេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចំណាយថវិកា​ជិត ១០លានដុល្លាររួចមកហើយ សម្រាប់​ការងារអភិរក្សមួយនេះ។

ពាក់ព័ន្ធករណីឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅនៅពេលនេះ លោក​ និក ម៉ាក ​ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាឡើងវិញចំពោះការលក់ដីព្រៃនៅតំបន់សួនសត្វមួយនេះទៅឱ្យវិស័យឯកជន ដែលនឹងបំផ្លាញដល់ទីតាំងអភិរក្សសត្វព្រៃនិងព្រៃឈើនៅក្នុងប្រទេសកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ