ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៥នាក់បន្ថែមទៀតកាលពីថ្ងៃម្សិលមិញនេះ ខណៈអ្នកជាសះស្បើយថ្មីមានចំនួន៥៤នាក់។
សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ ឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩ ដែលបានរកឃើញទាំង២៥នាក់នោះជាការឆ្លងវីរុសប្រភេទអូមីក្រុង ដែលបញ្ជាក់ដោយម៉ាស៊ីន PCR ក្នុងនោះមាន១៧នាក់ជាករណីដែលស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។
ចំណែកអ្នកជាសះស្បើយថ្មីវិញ ក្រសួងថាមានចំនួន៥៤នាក់ និងមិនមានករណីស្លាប់នោះទេ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១៣៧ ០៨១នាក់ ក្នុងនោះជាសះស្បើយសរុប ១៣៣ ៧៦១នាក់ និងស្លាប់ចំនួន៣ ០៥៦នាក់៕