អ្នកភូមិបានស្នើទៅអភិបាលខេត្តកំពង់ស្ពឺ ឱ្យជួយអន្តរាគមន៍ផ្ដល់ដីព្រៃសហគមន៍ជិត១ ០០០ហិកតាជូនមកសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» វិញ ក្រោយពីក្រុមទាហានបានដាក់គ្រឿងចក្រឈូសឆាយអស់ស្ទើរទាំងស្រុងដើម្បីយកធ្វើកម្មសិទ្ធិ។
ការស្នើនេះធ្វើឡើងក្នុងពេលដែលអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ចុះពិនិត្យមើលទីតាំងដីសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ដែលរងការកាប់បំផ្លាញនិងឈូសឆាយពីសំណាក់ក្រុមទាហានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋមួយចំនួន ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
សមាជិកសហគមន៍ឧត្ដមស្រែពស់ លោក ឈួន ឃឿន បានលើកឡើងថា កាលពីឆ្នាំ២០០៣ ផ្ទៃដីព្រៃសហគមន៍ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ មានទំហំ២ ៤៣៣ហិកតា ជាប្រភេទព្រៃស្រោង និងសត្វព្រៃជាច្រើនប្រភេទបានរស់នៅ ដូចជា ទោច ស្វា ប្រើស ឈ្លូស ទន្សោង ជ្រូកព្រៃ ក្ងោក និងមាន់ព្រៃ ជាដើម។
ប៉ុន្តែលោកថា ក្រោយមក នៅចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៧ អាជ្ញាធរបានកាត់ឆ្វៀលដីព្រៃសហគមន៍នេះទៅឱ្យក្រុមហ៊ុនឯកជន និងក្រុមគ្រួសារទាហាន «ង៧០» អស់ជាច្រើនហិកតា ដោយបច្ចុប្បន្នដីព្រៃសហគមន៍នៅសល់ជិត៩០០ហិកតាប៉ុណ្ណោះ និងកំពុងទទួលរងការឈូសឆាយពីសំណាក់ទាហានរថក្រោះកងទ័ពជើងគោក អស់ស្ទើរទាំងស្រុងទៅហើយ។ រីឯសត្វព្រៃដែលធ្លាប់មានវត្តមានច្រើន លោកថា ក៏ប្រែជានៅសល់តិចតួចប៉ុណ្ណោះ។
លោកបន្ថែមថា៖ «ដីសហគមន៍ដែលនៅសស់៨៨៧ហិកតានេះ ទាហានបានឈូសអស់ស្ទើរទាំងស្រុងហើយ នៅសល់ប្រហែល៣០ភាគរយទេ។ ហើយរាល់ថ្ងៃ បន្តលួចកាប់ឈើ លួចចាប់សត្វជាបន្តបន្ទាប់ទៀត។ ពួកខ្ញុំដេកយាមទាំងយប់ទាំងថ្ងៃ។ ខ្ញុំសូមសំណូមពរដល់សម្តេច ហ៊ុន សែន ជួយដោះស្រាយ ដោយផ្ដល់ដីព្រៃហ្នឹងឱ្យសហគមន៍វិញឱ្យបានលឿន កុំឱ្យបាត់បង់ព្រៃ និងសត្វព្រៃបន្តទៀត»។
សមាជិកសហគមន៍ម្នាក់ទៀត លោក សយ សាត និយាយថា ក្រៅពីឈូសឆាយដីព្រៃ និងចាប់សត្វព្រៃក្នុងព្រៃសហគមន៍ ក្រុមទាហាបានបាញ់គំរាមកំហែង និងប្រើហិង្សាលើប្រជាសហគមន៍ជាបន្តបន្ទាប់ រួមទាំងបានប្ដឹងតំណាងពលរដ្ឋ៦នាក់ទៅតុលាការថែមទៀតផង។
សមាជិកសហគមន៍រូបនេះបន្តថា ក្នុងជំនួបជាមួយអភិបាលខេត្តកំពង់ស្ពឺ កាលពីម្សិលមិញ លោក និងអ្នកភូមិផ្សេងទៀត បានស្នើទៅលោក វ៉ី សំណាង ឱ្យជួយអន្តរាគមន៍ផ្ដល់ដីសហគមន៍ជិត៩០០ហិកតានោះមកសហគមន៍វិញ។ លើសពីនេះ ស្នើឱ្យអាជ្ញាធរជួយបោះបង្គោលកំណត់ព្រំឱ្យបានច្បាស់លាស់ ដើម្បីបញ្ចប់ជម្លោះ និងសុំឱ្យទាហានបញ្ឈប់ការបាញ់គំរាមកំហែង ការប្រើហិង្សាលើពលរដ្ឋ និងសុំឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើតំណាងពលរដ្ឋ៦នាក់ផងដែរ។
លោកបន្ថែមថា៖ «ខ្ញុំបានសុំឱ្យឯកឧត្ដម វ៉ី សំណាង ជួយធ្វើយ៉ាងណាឱ្យសហគមន៍បានដី៨៨៧ហិកតាឡើងវិញ និងមួយទៀតសុំឱ្យក្រុមទាហានដែលបោះទីតាំងនៅក្នុងដីសហគមន៍ ត្រូវដកចេញ ដើម្បីងាយស្រួលយើងខ្ញុំជាសហគមន៍ចេញចូលដាំកូនឈើឡើងវិញ។ យើងក៏អំពាវនាវដល់សប្បុរសជនដែលស្រឡាញ់ធនធានធម្មជាតិ ជួយផ្ដល់កូនឈើមកដាំនៅសហគមន៍ឧត្ដមពស់ ឬព្រៃមេត្តាធម្មជាតិ។ ហើយយើងសង្ឃឹមថា ឯកឧត្តម វ៉ី សំណាង ដែលលោកមានគុណធម៌ មានចំណេះដឹងខ្ពស់ លោកនឹងពន្លឿនដោះស្រាយករណីនេះជូនពលរដ្ឋ»។
ពាក់ព័ន្ធរឿងនេះ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍ថា ភ្លាមៗនេះ លោកមិនអាចសម្រេចថាដោះស្រាយយ៉ាងណានៅឡើយទេ។ លោកថា ក្រោយចុះពិនិត្យផ្ទាល់ លោកនឹងជួបប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីកំណត់ទីតាំងដីសហគមន៍ឱ្យបានច្បាស់លាស់ និងសិក្សាពីទំហំផលប៉ះពាល់សិន។
លោកបន្ថែមថា៖ «ក្រោយពីខ្ញុំចុះពិនិត្យមើលដល់ទីលានហ្នឹងផ្ទាល់ហើយ អ៊ីចឹងក្រោយពេលយើងមកវិញ យើងត្រូវប្រជុំគណៈកម្មការមួយ ដើម្បីរកវិធីដោះស្រាយ ហើយសិក្សាអំពីផលប៉ះពាល់ ព្រោះពួកគាត់ចេះតែអះអាងថាកន្លែងហ្នឹងជាកន្លែងសហគមន៍ព្រៃឈើ។ អ៊ីចឹងខ្ញុំត្រូវសុំទៅក្រសួងបរិស្ថាន ដើម្បីឱ្យគាត់បង្ហាញថា ព្រំប្រទល់នៃដីសហគមន៍នៅកន្លែងណាឱ្យពិតប្រាកដ ដើម្បីយើងយកមកផ្ទៀងផ្ទាត់។ នៅពេលយើងដឹងព្រំច្បាស់លាស់ បានយើងឱ្យក្រុមការងារយើងចុះទៅទីតាំងវាស់ ថាវាប៉ះពាល់ប៉ុន្មាន។ ក្រោយមក យើងនឹងរកជំនួយឱ្យជួយសហគមន៍ទៅលើបង្គោលព្រំព្រៃ កំណត់ព្រំព្រៃឱ្យបានច្បាស់លាស់ កុំឱ្យមានជម្លោះគ្នាតទៀត»។
កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង២៦០ហិកតា (២៦២,២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋចំនួន៤១គ្រួសារ សម្រាប់ធ្វើលំនៅឋាន និងបង្កបង្កើនផល។
ក្រោយទទួលបានដីសម្បទានសង្គមកិច្ចនេះ ក្រុមទាហានបានដាក់គ្រឿងចក្រឈូសឆាយ និងប្រើកម្លាំងកម្មករឱ្យចូលទៅកាប់រុករានព្រៃឈើនៅតំបន់នោះ ប៉ុន្តែត្រូវបានអ្នកភូមិរាប់រយនាក់នៅឃុំត្រពាំងជោរ តវ៉ាប្រឆាំង ដោយពួកគេអះអាងថា ព្រៃឈើតំបន់នោះជាព្រៃសហគមន៍ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ ដែលពួកគេបានការពារជាង២០ឆ្នាំមកហើយ។
កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ក្រុមការងាររបស់វីអូឌី បានចុះទៅកន្លែងទីតាំងឈូសឆាយផ្ទាល់ និងថតពីអាកាស ដោយពិនិត្យឃើញស្នាមឈូសឆាយជាច្រើននៅជុំវិញអាស្រមព្រៃមេត្តាធម្មជាតិ ស្ទើរតែអស់ទាំងស្រុង។
ទាក់ទិនការឈូសឆាយដីព្រៃធម្មជាតិនេះដែរ កាលពីថ្ងៃទី៧ ខែសីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសលុបចោលឬនារាករគម្រោងអភិវឌ្ឍន៍ និងដោះដូរដីតំបន់ភ្នំតាម៉ៅទាំងអស់ ដើម្បីរក្សាដីព្រៃធម្មជាតិមួយនេះឱ្យនៅដដែល។ ជាមួយគ្នានេះ លោកក៏បានបញ្ជាទៅក្រុមហ៊ុនដែលឈូសឆាយព្រៃភ្នំតាម៉ៅទាំងអស់ ត្រូវដាំកូនឈើឡើងវិញ។
ការសម្រេចរបស់លោកនាយករដ្ឋមន្ត្រីនេះ បន្ទាប់ពីមានប្រតិកម្មពីមហាជនយ៉ាងច្រើន ដោយពួកគេបង្ហាញការមិនពេញចិត្តចំពោះការសម្រេចរបស់រដ្ឋាភិបាល ក្នុងការផ្តល់ដីព្រៃនៅតំបន់សួនសត្វមួយនេះទៅឱ្យក្រុមហ៊ុនឯកជនមួយចំនួន ក្រោមហេតុផលអភិវឌ្ឍន៍ ខណៈពលរដ្ឋចង់ឱ្យរក្សាតំបន់អភិរក្សនេះដើម្បីមនុស្សជំនាន់ក្រោយ និងសម្រាប់បម្រើផលប្រយោជន៍ដល់មហាជនទូទៅ ជាជាងបានប្រយោជន៍តែមនុស្សមួយក្រុម៕