នៅមិនទាន់ដល់ម៉ោងត្រូវបិទបញ្ចប់សវនាការនៅឡើយផង តុលាការត្រូវបង្ខំចិត្តបិទការជំនុំជម្រះភ្លាមៗនៅមុនកាលកំណត់ ដោយសារបរិយាកាសនៅក្នុងបន្ទប់ជំនុំជម្រះកាន់តែមានសភាពតានតឹងទៅៗ រវាងសហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ និងតំណាងអយ្យការ ជុំវិញនីតិវិធីនៃការសួរដេញដោល និងការតាំងសំណួរ ដែលក្រុមមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា ចោទប្រកាន់ថា តំណាងអយ្យការមានអាកប្បកិរិយាឆ្គាំឆ្គង និងខ្វះសីលធម៌ក្នុងវិជ្ជាជីវៈ។
លោក កូយ សៅ ដែលជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដឹកនាំនីតិវិធីនៃសវនាការនេះ បានសម្រេចចិត្តភ្លាមៗបិទការជំនុំជម្រះ ក្នុងពេលដែលលោក ប្លង់ សុផល ជាព្រះរាជអាជ្ញារង កំពុងឈរបកស្រាយច្បាប់នៅឡើយ ដើម្បីឱ្យសហមេធាវីការពារសិទ្ធិជនជាប់ចោទ និងអង្គសវនាការបានស្តាប់។
មុនដើរចេញពីកៅអី លោក កូយ សៅ បានលើកឡើងថា នីតិវិធីនេះមើលទៅដូចមិនទៅមុខសោះ ដូច្នេះ តុលាការសម្រេចបិទការជំនុំជម្រះ ដើម្បីឱ្យគូភាគីក្នុងរឿងក្ដីបានបន្ធូរបន្ថយភាពតានតឹង និងបញ្ចៀសបាននូវការខ្វែងគំនិតគ្នាលើនីតិវិធីដែលកំពុងតែប្រទាញប្រទង់គ្នារកត្រូវរៀងៗខ្លួន ទាក់ទងបច្ចេកទេសនៃការប្រើប្រាស់ភាសាមួយចំនួននៅក្នុងផ្លូវច្បាប់។ លោកបន្តថា តុលាការនឹងបន្តសវនាការជាធម្មតាឡើងវិញ នៅថ្ងៃពុធ ទី១៧ ខែសីហា សប្ដាហ៍ក្រោយទៀត។
លោកបន្តថា៖ «អ៊ីចឹងថ្ងៃនេះ ខ្ញុំគិតថាដូចមិនទៅមុខទេ។ តុលាការសុំបិទសវនាការត្រឹមនេះសិនចុះ ហើយបន្តនៅថ្ងៃពុធសប្ដាហ៍ក្រោយទៀត»។
ជាធម្មតា សវនាការសម្រាប់រឿងក្ដីលោក កឹម សុខា អំពីបទចោទ «សន្ទិដ្ឋិភាព ត្រូវរ៉ូវដោយសម្ងាត់ជាមួយរដ្ឋបរទេសឬភ្នាក់ងារបរទេស» នេះ តុលាការត្រូវបិទបញ្ចប់នៅម៉ោង១២ ឬអាចលើសពីម៉ោង១២ក៏មានដែរ ផ្អែកលើនីតិវិធីនៃការសួរដេញដោល។ ប៉ុន្តែសម្រាប់សវនាការជុំទី៥១ នៅថ្ងៃពុធនេះវិញ តុលាការត្រូវបង្ខំចិត្តបិទសវនាការមុនពេលកំណត់កន្លះម៉ោង ដែលនេះជាការបិទដ៏កម្រពុំធ្លាប់មានសម្រាប់សវនាការដែលបានប្រើពេលដ៏យូរមួយនេះ។
គេសង្កេតឃើញថា ដើមចមដែលនាំឱ្យមានការប្រកែកគ្នាអំពីនីតិវិធីនេះ រហូតដល់តុលាការត្រូវបិទបញ្ចប់ភ្លាមៗ ទាំងនីតិវិធីកំពុងតែបន្តសួរដេញដោល និងបកស្រាយច្បាប់នៅឡើយនេះ នៅបន្ទាប់ពីលោក កឹម សុខា ប្រតិកម្មនឹងការតាំងសំណួររបស់តំណាងអយ្យការ លោក ប្លង់ សុផល ដែលព្យាយាមទាញភ្ជាប់ទៅនឹងសកម្មភាពរបស់លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ការតាំងសំណួរដែលលោក កឹម សុខា ចោទប្រកាន់តំណាងអយ្យការថាធ្វើឡើងរបៀបជាបទអត្ថាធិប្បាយផងនេះ គឺសំដៅដល់សកម្មភាពរបស់បាតុករជាច្រើនរយនាក់ធ្វើបាតុកម្មនៅមុខអាគារទីស្តីការគណៈរដ្ឋមន្រ្តី កាលពីចុងខែធ្នូ ឆ្នាំ២០១៣ តវ៉ាដំឡើងប្រាក់ខែកម្មករ១៦០ដុល្លារ។ ជនជាប់ចោទ បានជម្រាបអង្គជំនុំជម្រះថា បើគ្រាន់តែគេយកគោលនយោបាយគណបក្សសង្រ្គោះជាតិទៅនិយាយ លោកចេះតែដើរចោទគេគ្រប់គ្នាបែបហ្នឹង?
មិនបង្អង់យូរ លោក ប្លង់ សុផល បានតបវិញភ្លាមថា បើអ្នកដែលនិយាយហើយមិនធ្វើសកម្មភាព គឺគ្មាននរណាចេះតែដើរចោទប្រកាន់ទេ តែបើនិយាយហើយមានសកម្មភាពដូចជនជាប់ចោទ ទើបគេចោទប្រកាន់។ ដូច្នេះហើយបានជាវាសនារបស់លោកត្រូវអង្គុយក្នុងរង្វង់ក្រចកសេះបែបនេះ។
ស្ថិតក្រោមហេតុផលនេះហើយ ទើបបង្ខំឱ្យលោក កឹម សុខា ប្រតិកម្មភ្លាមៗទៅនឹងសម្ដីរបស់តំណាងអយ្យការ ដោយហៅការអះអាងនេះថា វាជាសម្ដីដ៏អន់របស់លោកព្រះរាជអាជ្ញារងរូបនេះ ហើយបើទោះជាលោកជួបជាមួយថ្នាក់ដឹកនាំកំពូល ក៏មិនមានអ្នកណាហ៊ាននិយាយបែបនេះដែរ។ ម្យ៉ាងវិញទៀត លោកថា នេះគឺជាសម្ដីដែលជាការប្រមាថនិងអសីលធម៌សម្រាប់រូបលោក។
ស្ថិតក្នុងរង្វង់ក្រចកសេះ ម្តងអង្គុយ ម្តងឈរ លោក កឹម សុខា បន្ថែមថា ឋានៈរបស់លោកមិនសមនឹងនិយាយជាមួយតំណាងអយ្យការផងទេ ហើយវាសនារបស់លោក និងវាសនារបស់តំណាងអយ្យការ ក៏មិនប្រាកដថាយ៉ាងណាដែរ ព្រោះជីវិតមនុស្សមិនទៀងទេ។
លោកបន្តថា៖ «លោកអង្គុយនៅទីនេះ [តំណាងអយ្យការ] ហើយប្រើពាក្យថាជនជាប់ចោទមានវាសនា វាដូចអាក្រក់ពេក ហើយលោកពាក់អាវ[អាវសម្រាប់តំណាងអយ្យការ] សូមប្រើភាសាឱ្យបានសមរម្យបន្តិច»។
ស្របពេលមានការបកស្រាយពីលោក ប្លង់ សុផល ដើម្បីការពារនូវអ្វីដែលខ្លួនបាននិយាយ ចំណែកអ្នកស្រី ម៉េង សុភារី សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ ឡើងជំទាស់ភ្លាមដែរ ដោយហៅការតាំងសំណួររបស់ព្រះរាជអាជ្ញារងរូបនេះថា កំពុងតែបំពានទៅលើកូនក្តីរបស់ខ្លួន រួមទាំងច្បាប់ជាតិ និងអន្តរជាតិ ជាពិសេសអ្វីដែលតំណាងអយ្យការលើកឡើងនេះ វាគឺជាការសន្មតទុកជាមុននូវអ្វីដែលខ្លួនចង់បាន។ អ្នកស្រីបន្ថែមថា អ្នកដែលមកទីនេះ គឺមិនប្រាកដជាអ្នកដែលត្រូវមានទោសនោះឡើយ។
មិនខុសគ្នាទេ សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទម្នាក់ទៀត គឺលោកមេធាវី ផែង ហេង ជម្រាបអង្គជំនុំជម្រះថា អ្វីដែលតំណាងអយ្យការព្យាយាមសួរដេញដោលពេញមួយព្រឹកនេះ លោកសង្កេតឃើញថា គឺជាការអូសបន្លាយពេលវេលា វាមិនមែនជាច្បាប់ ហើយវាលើសពីនីតិវិធីទៅទៀត។
បើទោះបែបណា តំណាងអយ្យការ ទាំងលោក ប្លង់ សុផល និងលោក ឆាយ ហុង ឡើងការពារថា អ្វីដែលតំណាងអយ្យការតាំងសំណួរ រាល់ភស្តុតាងដែលមាននេះ វាមិនមែនជាការអូសបន្លាយពេលវេលាទេ។ ប៉ុន្តែវាស្តែងឱ្យឃើញពីសកម្មភាពរបស់ជនជាប់ចោទស៊ីចង្វាក់គ្នាទៅនឹងសម្ដីដែលបាននិយាយនៅប្រទេសអូស្រ្តាលី ក្នុងកម្រិតបែបណា។ បន្ថែមពីលើនេះ ជនជាប់ចោទក៏អាចប្រើប្រាស់សិទ្ធិដែលមានបញ្ញត្តិនៅក្នុងច្បាប់ ត្រូវឆ្លើយឬមិនឆ្លើយបាន រាល់សំណួរដែលតាំងឡើងដោយតំណាងអយ្យការ។
ចំណែកមនុស្សដែលស្និទ្ធនឹងលោក កឹម សុខា គឺលោក ហ៊ុន កុសល បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងមុខបរិវេណតុលាការថា រាល់សំណួររបស់តំណាងអយ្យការ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីចេតនានយោបាយ ហើយសំណួរភាគច្រើនព្យាយាមធ្វើឱ្យសវនាការនេះមិនទៅមុខ។ មិនតែប៉ុណ្ណោះ ការតាំងសំណួរដែលបង្កប់ដោយការសន្មតថាមានទោសទុកជាមុននេះ វាហាក់រំលោភទៅនឹងតួនាទីរបស់ចៅក្រមថែមទៀត។ បើតាមលោក ហ៊ុន កុសល លោកក៏ចង់ឃើញចំណាត់ការអំពីភាពឆ្គាំឆ្គងរបស់តំណាងអយ្យការនេះពីក្រសួងយុត្តិធម៌ដែរ។
លោកបន្តថា៖ «ខ្ញុំចង់សំណូមពរដល់ក្រសួងយុត្តិធម៌ សូមឱ្យពិចារណាអំពីបេក្ខភាពតំណាងអយ្យការពីការបង្ហាញអាប្បកិរិយាណាមួយដែលវាមិនសមស្រប ដូចដែលយើងឃើញអស់គ្នា មានចំណុចខ្លះគាត់ធ្វើការវិនិច្ឆយជំនួសតុលាការទៅទៀត។ ខ្ញុំស្តាប់ហើយ មានកន្លែងខ្លះ គាត់ធ្វើខ្លួនដូចជាចៅក្រមអ៊ីចឹង។ គាត់ធ្វើការសន្និដ្ឋានទោសរួចទៅហើយ។ អាហ្នឹងវាគឺជារឿងមិនត្រឹមត្រូវទៅតាមនីតិវិធីនៃការពិភាក្សាទេ»។
វីអូឌី មិនទាន់អាចស្នើសុំការបំភ្លឺជុំវិញរឿងនេះពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បាននៅឡើយទេ នៅថ្ងៃពុធនេះ។
បើទោះបែបណា តំណាងអយ្យការបានជម្រាបអង្គជំនុំជម្រះថា តួនាទីក្នុងនាមជាព្រះរាជអាជ្ញា មានភារកិច្ចរក្សាសណ្ដាប់ធ្នាប់សង្គម ហើយក៏ជាអ្នកកំណត់ទោសផងដែរ។
គេសង្កេតឃើញថា សម្រាប់សវនាការលើកទី៥១ នៅព្រឹកថ្ងៃពុធនេះ ទាំងមេធាវីការពារក្តីរបស់រដ្ឋាភិបាល និងជាប្រធានគណៈមេធាវីផង លោក លី ចន្ទតុលា និងតំណាអយ្យការ បានលើកឡើងនូវឃ្លីបវីដេអូចាស់ៗមកដាក់បន្ទុកនិងចោទប្រកាន់លោក កឹម សុខា ឡើងវិញ។ នៅក្នុងអង្គសវនាការ លោក កឹម សុខា ព្យាយាមមិនឆ្លើយស្ទើរគ្រប់សំណួរ។ ម្តងអង្គុយឆ្លើយ ម្តងឈរឆ្លើយ លោក កឹម សុខា បានត្រឹមតបវិញថា បានឆ្លើយរួចអស់ហើយ លោកមិនឆ្លើយទៀតទេ។
ទំនងអត់ទ្រាំនឹងឥរិយាបថមិនបានរបស់ជនជាប់ចោទ លោក ឆាយ ហុង ដែលឈរតាំងសំណួរដៃម្ខាងច្រតតុ និងស្មាម្ខាងទៀតលយមកមុខបន្តិច និយាយដោយសម្ដីមួយៗ ដោយសួរលោក កឹម សុខា ថាតើជនជាប់ចោទអាចឆ្លើយដោយឈរបានដែរទេ។
យ៉ាងណា លោក កឹម សុខា ហៅការតាំងសំណួររបស់តំណាងអយ្យការថា លោកមិនឆ្លើយតបនូវសំណួរបែបអត្ថាធិប្បាយនិងសន្មតទុកជាមុននេះទៀតទេ។ លើសពីនេះ លោកក៏នឹងមិនឆ្លើយនូវសំណួរដែលព្យាយាមអូសបន្លាយពេលវេលាបែបនេះទៀតដែរ។
សម្រាប់លោក យី សុខសាន្ត មន្រ្តីសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលឃ្លាំមើលសវនាការដោយផ្ទាល់ ថ្លែងថា អ្វីដែលបានកើតឡើងនៅថ្ងៃនេះ ទំនងផ្ដើមចេញពីចរិតនិស្ស័យរបស់តំណាងអយ្យការច្រើនជាង។ បើតាមអ្នកការពារសិទ្ធិមនុស្សរូបនេះ ដោយសារភាពឆ្គាំឆ្គងដោយឥរិយាបថខ្លះៗ របស់ព្រះរាជអាជ្ញារង បានធ្វើឱ្យបរិយាកាសនៅក្នុងអង្គសវនាការទាំងមូលហាក់មានភាពខុសប្រក្រតី ដែលបង្ខំចិត្តឱ្យតុលាការសម្រេចបិទការជំនុំជម្រះមុនកាលកំណត់។
លោកបន្តថា៖ «អានេះបើមើលទៅ វាជាអត្តចរិតបុគ្គល។ តាមពិត គាត់ប្រើភាសា គេហៅថាចរិតរបស់គាត់ គាត់ប្រើភាសាខ្លាំងៗអ៊ីចឹងហ្អា។ អ៊ីចឹងនៅពេលដែលគាត់មានអារម្មណ៍មិនល្អ គាត់ហាក់ដូចជាក្រេវក្រោធខឹងទៅតាមអ្នកដែលនិយាយហ្នឹង ឧទាហរណ៍ថាម កហូបបាយ ដល់ពេលអ្នកខ្លះអត់ចេះប្រើភាសា ថាមកស៊ីបាយ។ អាហ្នឹងហើយដែលធ្វើឱ្យដែលគេហៅថាក្និកក្នក់ចិត្តនោះណា»។
បើតាមលោក យី សុខសាន្ត សំណុំរឿងនេះ ក្រសួងយុត្តិធម៌គួរផ្តួចផ្តើមគំនិតដើម្បីបញ្ចប់ការបន្តនីវិតិធីតាមផ្លូវតុលាការទៅ ព្រោះករណីនេះ ត្រូវគេដឹងជាទូទៅហើយថា វាជារឿងក្តីនយោបាយ។ ការអំពាវនាវរបស់អង្គការមិនមែនរដ្ឋាភិបាលនៅពេលនេះ ដូចគ្នាទៅនឹងការស្នើពីសហភាពអឺរ៉ុប និងមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកដែរ ដែលចង់ឃើញលោក កឹម សុខា មានសេរីភាព ហើយលំហប្រជាធិបតេយ្យនៅកម្ពុជាត្រូវវិលទៅរកប្រក្រតីភាពឡើងវិញ ដូចនៅមុនឆ្នាំ២០១៧៕