កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​៥ថ្ងៃ​បន្ថែម​ទៀត​ដែល​អាច​ធ្វើ​ឱ្យ​ខេត្ត​មួយ​ចំនួន​ប្រឈម​ជំនន់​ទឹក​ភ្លៀង​សាជាថ្មី

ភ្លៀងធ្លាក់នៅតំបន់មួយក្នុងក្រុងភ្នំពេញកាលពីពេលកន្លងទៅ។

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយថាកម្ពុជានឹងបន្តមានភ្លៀងធ្លាក់ស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស ដែលធ្វើឱ្យបណ្ដាតំបន់ផ្ទៃរងទឹកភ្លៀង និងខេត្តមួយចំនួនអាចប្រឈមជំនន់ទឹកភ្លៀងសាជាថ្មីទៀត។

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២នេះ ឱ្យដឹងថា កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងសភាពជាលក្ខណៈឡូកាល់ឬតំបន់ ស្ទើរគ្រប់ទីកន្លែងជាបន្តបន្ទាប់ ក្នុងកម្រិតពីតិចទៅបង្គួរ និងច្រើនដោយអន្លើ ដោយគិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

សេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពបែបនេះនឹងធ្វើឱ្យបណ្ដាតំបន់ផ្ទៃរងទឹកភ្លៀង និងបណ្ដាខេត្តមួយចំនួន ដែលកន្លងមកធ្លាប់ទទួលបាននូវបរិមាណទឹកភ្លៀងបង្គួរនិងច្រើនរួចមកហើយ ​អាចនឹងប្រឈមបញ្ហាជំនន់ទឹកភ្លៀងសាជាថ្មី។ បណ្តាខេត្តគោលដៅមួយចំនួនដូចជា ខេត្តកំពង់ធំ ព្រះវិហារ រតនគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តឧត្តរមានជ័យ។

ក្រសួងឱ្យដឹងទៀតថា កត្តាដែលបណ្ដាលឱ្យមានភ្លៀងធ្លាក់នៅស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជានេះ ដោយសារជ្រលងសម្ពាធទាបឥណ្ឌានឹងរំកិលធ្លាក់ចុះជាមួយ​ប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយ​សម្ពាធទាប ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងរបបខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ