រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានឱ្យដឹងនៅថ្ងៃអង្គារនេះថា រុស្សីមិនចាំបាច់ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរសម្រាប់សង្រ្គាមនៅអ៊ុយក្រែនឡើយ ខណៈខ្លួនក៏បានចាត់ទុកការទស្សន៍ទាយរបស់ប្រព័ន្ធផ្សព្វផ្សាយ ដែលថារុស្ស៊ីអាចនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ឬអាវុធគីមីនៅក្នុងជម្លោះនេះ ថាជាការភូតកុហកទាំងស្រុងផងដែរ។
ថ្លែងក្នុងសន្និសីទមួយក្នុងទីក្រុងម៉ូស្គូ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ត្រូវបានទីភ្នាក់ងារសារព័ត៌មាន Reuters ស្រង់សម្តីមកចុះផ្សាយថា៖ «តាមទស្សនៈយោធា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងប្រទេសអ៊ុយក្រែន ដើម្បីសម្រេចបាននូវគោលដៅដែលខ្លួនបានកំណត់ គឺជារឿងមិនចាំបាច់នោះទេ»។
លោកបន្ថែមថា៖ «គោលបំណងសំខាន់នៃអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី គឺនឹងត្រូវប្រើប្រាស់សម្រាប់តែការទប់ស្កាត់ការវាយប្រហារនុយក្លេអ៊ែរប៉ុណ្ណោះ»។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីដដែលបន្តថា៖ «ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនកំពុងតែធ្វើការផ្សព្វផ្សាយការទស្សន៍ទាយដែលថារុស្ស៊ីអាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងដំណើរការប្រតិបត្តិការយោធាពិសេស ឬការត្រៀមខ្លួនប្រើប្រាស់អាវុធគីមីជាដើម។ ព័ត៌មានទាំងអស់នេះគឺជាការកុហកទាំងស្រុង»។
គួរបញ្ជាក់ថា ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ បានចាប់ផ្ដើមកើនឡើងខ្លាំង បន្ទាប់ពីរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំទៅលើប្រទេសក្បែរខាងរបស់ខ្លួនមួយនេះ ដែលធ្វើឡើងបន្ទាប់ពីការប្រកាសសង្រ្គាមមួយដោយប្រធានាធិបតី លោក វ្លាឌីមៀរ ពូទីន។
ករណីនេះក៏បានបង្កឱ្យមានជាការព្រួយបារម្ភពីបណ្ដាប្រទេសលោកខាងលិចផងដែរ ដែលថាការប៉ះទង្គិចរវាងប្រទេសទាំង២ អាចនឹងវិវត្តទៅជាសង្រ្គាមដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ គីមី និងជីវសាស្ត្រ ជាដើម។
ទោះជាយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំងមួយរូបធ្លាប់បានបញ្ជាក់កាលពីពេលកន្លងទៅថា គោលនយោបាយសន្តិសុខរបស់រុស្ស៊ីកំណត់ថា ប្រទេសរបស់ខ្លួននឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរសម្រាប់តែករណីដែលអត្ថិភាពរបស់ខ្លួនត្រូវបានគំរាមកំហែងប៉ុណ្ណោះ៕