មន្ត្រីជាន់ខ្ពស់មួយរូបរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃពុធម្សិលមិញ បានជំរុញមេដឹកនាំយោធាមីយ៉ាន់ម៉ាដោះលែងនិងបញ្ឈប់ការអនុវត្តទោសប្រហារជីវិតលើអ្នកទោសនយោបាយនានា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ខ្លួនដែលធ្វើឡើងនៅក្នុងប្រទេសមួយនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី Noeleen Heyzer បានធ្វើដំណើរមកដល់ទីក្រុង Naypyitaw ប្រទេសមីយ៉ាន់ម៉ា កាលពីល្ងាចថ្ងៃអង្គារ ដែលត្រូវបានស្វាគមន៍ដោយមន្ត្រីក្រសួងការបរទេស មុនពេលជួបប្រជុំជាមួយមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing កាលពីថ្ងៃពុធ។
ថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយដែលចេញដោយអង្គការសហប្រជាជាតិ ប្រេសិតពិសេសរូបនេះបានលើកឡើងថា៖ «ដំណើរទស្សនកិច្ចមួយនេះ គឺធ្វើឡើងដើម្បីបង្ហាញពីការព្រួយបារម្ភរបស់អង្គការសហប្រជាជាតិ និងស្នើឱ្យមានវិធានការជាក់ស្តែងចាំបាច់នានា ដើម្បីកាត់បន្ថយជម្លោះ និងការរងទុក្ខវេទនារបស់ប្រជាជន»។
ជាមួយគ្នានេះ លោកស្រី Noeleen Heyzer ក៏បានជំរុញដល់មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាផ្អាកការអនុវត្តទោសប្រហារជីវិតនាពេលអនាគត ដោះលែងអ្នកទោសនយោបាយទាំងអស់ រួមទាំងអ្នកជំនាញសេដ្ឋកិច្ច លោក សន ថឺនែល (Sean Turnell) ដែលត្រូវបានរដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ាចាប់ឃុំឃាំងកាលពីឆ្នាំមុន ខណៈលោកស្រីក៏បានស្នើសុំជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី ដោយផ្ទាល់ផងដែរ។
ទាក់ទិននឹងករណីនេះ លោកស្រីថា៖ «ខ្ញុំចង់មានឱកាសជួបជាមួយលោកស្រី [អ៊ុងសាន ស៊ូជី] ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈលោកស្រីគឺជាភាគីពាក់ព័ន្ធដ៏សំខាន់សម្រាប់ការសន្ទនារបស់ខ្ញុំជាមួយគ្រប់ភាគីពាក់ព័ន្ធ»។
ទោះជាយ៉ាងណា ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា លោក Zaw Min Tun ថាខ្លួននឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ជួបអ្នកដែលមានបទចោទប្រកាន់ក្នុងប្រទេសឡើយ។
គួរបញ្ជាក់ថា លោកស្រី អ៊ុងសាន ស៊ូជី បច្ចុប្បន្នត្រូវបានតុលាការចោទប្រកាន់ពីបទប្រព្រឹត្តិបទល្មើសប្រមាណជា២០ករណី ដែលក្នុងនោះរួមមាន បទរំលោភវិធានការទប់ស្កាត់វិបត្តិកូវីដ-១៩ បទទទួលសំណូក រំលោភការសម្ងាត់រដ្ឋ បទចោទទាក់ទងនឹងការក្លែងបន្លំការបោះឆ្នោត និងបទចោទធ្ងន់ធ្ងរមួយចំនួនទៀត ដែលអាចនឹងជាប់ពន្ធនាគារសរុបរហូតដល់រយៈពេលប្រមាណជា១៩០ឆ្នាំ បើតុលាការកឃើញថា លោកស្រីមានកំហុសក្នុងសំណុំរឿងទាំងនេះ។
ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពច្របូកច្របល់ គិតចាប់តាំងពីក្រុមយោធាបានដណ្តើមយកអំណាចមកគ្រប់គ្រងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ និងបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលបង្កឱ្យមានជាបាតុកម្មកើតឡើងជាញឹកញាប់នៅក្នុងប្រទេស ក្នុងនោះ ជនស៊ីវិលរាប់ពាន់នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបកូដកម្មនិងបាតុកម្មនានាផងដែរ៕