ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានបញ្ជាក់ប្រាប់សារព័ត៌មាន Bloomberg ឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នឹងចូលរួមកិច្ចប្រជុំកំពូល G20 ដែលធ្វើឡើនៅកោះបាលី ក្នុងខែវិច្ឆិកា ខាងមុខនេះ ខណៈប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏ត្រូវបានអញ្ជើញឱ្យចូលរួមផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទាក់ទិននឹងករណីនេះ ប្រធានាធិបតីឥណ្ឌូនេស៊ី បន្ថែមថា៖ «លោក ស៊ី ជីនពីង នឹងចូលរួម ខណៈប្រធានាធិបតីរុស្ស៊ី លោក ពូទីន ក៏បានជូនដំណឹងមកថានឹងចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ»។
គួរបញ្ជាក់ថា ឥណ្ឌូនេស៊ី ដែលបច្ចុប្បន្នជាប្រធានវិលជុំនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) ក៏ធ្លាប់បានប្រឈមមុខនឹងសម្ពាធពីបណ្តាប្រទេសលោកខាងលិច ឱ្យដកការអញ្ជើញលោក ពូទីន ពីការចូលរួមក្នុងកិច្ចប្រជុំកំពូលដែលនឹងធ្វើឡើងក្នុងខែវិច្ឆិកា ជុំវិញការឈ្លានពានរបស់ប្រទេសនេះលើអ៊ុយក្រែនផងដែរ។
ទោះជាយ៉ាងណា ក្នុងនាមជាអ្នកសម្របសម្រួល លោកប្រធានាធិបតី ចូកូ វីដូដូ កាលពីពេលកន្លងទៅ បានធ្វើដំណើរទៅជួបប្រធានាធិបតីអ៊ុយក្រែន និងរុស្ស៊ី ខណៈលោកបានអះអាងឱ្យដឹងក្នុងសប្តាហ៍នេះថា ប្រទេសទាំងពីរបានទទួលយកប្រទេសឥណ្ឌូនេស៊ីជា «ស្ពាននៃសន្តិភាព»។
ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ បានចាប់ផ្ដើមកើនឡើងខ្លាំងបន្ទាប់ពីរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំ ទៅលើប្រទេសក្បែរខាងរបស់ខ្លួនមួយនេះ ដែលធ្វើឡើងបន្ទាប់ពីការប្រកាសសង្រ្គាមមួយដោយប្រធានាធិបតី លោក វ្លាឌីមៀរ ពូទីន។
ទោះជាយ៉ាងណា រុស្ស៊ីធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា សកម្មភាពរបស់ខ្លួននេះ គឺជាការអនុវត្ត «ប្រតិបត្តិការយោធាពិសេសមួយ» ដើម្បីបញ្ឈប់រដ្ឋាភិបាលអ៊ុយក្រែនពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់ខ្លួន ខណៈដែលការចោទប្រកាន់នេះ ត្រូវបានបណ្ដាប្រទេសមួយចំនួនចាត់ទុកថាជាការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់៕