ប្រធានការិយាល័យប្រធានាធិបតីប៉ូឡូញ លោក ប៉ាវែល ហ្ស៊ីរ៉ូត (Pawel Szrot) បាននិយាយថា ប្រធានាធិបតីប៉ូឡូញ លោក អនដ្រេ ឌូដា (Andrzej Duda) បានទៅដល់ទីក្រុងកៀវ (Kyiv) ដើម្បីពិភាក្សាអំពីជំនួយបន្ថែមសម្រាប់អ៊ុយក្រែន រួមទាំងជំនួយយោធាផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នេះ។
ទាក់ទិននឹងករណីនេះ លោក Szrot បានប្រាប់អ្នករាយការណ៍ព័ត៌មានថា៖ «លោកប្រធានាធិបតី អនដ្រេ ឌូដា [Andrzej Duda] នឹងជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី [Volodymyr Zelenskiy] អំពីជំនួយយោធា និងការការពារប្រទេសអ៊ុយក្រែន ផ្នែកសេដ្ឋកិច្ច មនុស្សធម៌ និងនយោបាយ»។
លោកបានបន្ថែមថា៖ «លោកប្រធានាធិបតី នឹងពិភាក្សាអំពីការគាំទ្រផ្នែកនយោបាយចំពោះប្រទេសអ៊ុយក្រែន ក្នុងការបញ្ចុះបញ្ចូលប្រទេសផ្សេងទៀតឱ្យបន្តជួយអ៊ុយក្រែន»។
លោក Duda បានជួបលោក Zelenskyy ៤ដង ក្នុងឆ្នាំនេះ រួមទាំងដំណើរទស្សនកិច្ច៣ដងទៅកាន់អ៊ុយក្រែន ចាប់តាំងពីមានសង្រ្គាមឈ្លានពានអ៊ុយក្រែងពីសំណាក់រុស្ស៊ី កើតឡើងកាលពីខែកុម្ភៈ ឆ្នាំមុន៕